អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​អាច​ចំណាយ​ជិត ៦ពាន់​លាន​ដុល្លារ​ដោយ​មិន​លក់​នាវាចម្បាំង​ឲ្យ​រុស្ស៊ី
15, May 2015 , 2:56 pm        
រូបភាព

រដ្ឋាភិបាល​បារាំង​អាច​ត្រូវ​ចេញ​លុយ​សង​រុស្ស៊ី​ដល់ ៥.៧ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារ តែ​លុបចោល​កិច្ចសន្យាលក់​នាវា​ដឹក​យន្តហោះ​ពីរ​គ្រឿង​ទៅ​ឲ្យ​រុស្ស៊ី។ បារាំង​បានសម្រេច​ថា មិន​លក់​នាវាចម្បាំង Mistral ទៅ​ឲ្យ​រុស្ស៊ី កាលពីថ្មីៗនេះ ហើយ​ប្រទេស​នេះ​ត្រៀមខ្លួន​ដើម្បី សង​សំណង​រុស្ស៊ី​វិញ។ ការសម្រេច​លុប​កិច្ចសន្យា​នេះ ក៏​ដោយសារ​បារាំង​រង​សម្ពាធ​ពី​បញ្ហា ដែល​កើតឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។


រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន



ដោយសារ​លុបចោល​កិច្ចសន្យាលក់​នាវា​ពីរ​គ្រឿង​ទៅ​រុស្ស៊ី បារាំង​ប្រហែល​ត្រូវ​ចំណាយលុយ ៥.៧ពាន់​លាន​ដុល្លារ​អាមេរិក។ យោងតាម​របាយការណ៍​ថ្មី បារាំង​បាន​លុបចោល​កិច្ចសន្យា លក់​នាវា​ដែល​ខ្លួន​ចុះ​ជាមួយ​រុស្ស៊ី ដោយសារតែ​វត្តមាន​កងទ័ព​រុស្ស៊ី និង​ការអន្តរាគមន៍ របស់​រុស្ស៊ី​ក្នុង​បញ្ហា​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កន្លងមក។

យោងតាម​កិច្ចសន្យា​រវាង​ភាគី​ទាំងពីរ​ដែល​បាន​ចុះ​កាលពី​ឆ្នាំ ២០១១ បារាំង​មាន​កាតព្វកិច្ច បញ្ជូន​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ដំបូង​មក​ឲ្យ​រុស្ស៊ី​នៅ​ចុងឆ្នាំ ២០១៤ និង​មួយគ្រឿង​ទៀត​នៅ​ឆ្នាំ ២០១៥នេះ។ ប៉ុន្តែ​បារាំង​មិនបាន​បំពេញ​កាតព្វកិច្ច​តាម​អ្វីដែល​មានកំណត់​ក្នុង​កិច្ចសន្យា នេះឡើយ។ បើ​យោងតាម​ទស្សនា​វ​ដ្តី​របស់​បារាំង រដ្ឋាភិបាល​បារាំង​ប្រហែល​ជាមាន​កាតព្វកិច្ច ត្រូវ​សងលុយ​រុស្ស៊ី​ដែល​បង់​ឲ្យ​បារាំង​ហើយ  បូក​ការចំណាយ​លើ​ថ្លៃ​សាងសង់​នាវា និង​សំណង​ផ្សេងទៀត​រួមបញ្ចូល​គ្នា​រហូតដល់ ៥.៧ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។
ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ថ្លែងថា បើ​រុស្ស៊ី​មិន​បានទទួល​នាវាចម្បាំង​ពីរ គ្រឿង​ពី​បារាំង លុយ​រុស្ស៊ី​បាន​បង់​ឲ្យ​បារាំង​ត្រូវ​ផ្ទេរ​ត្រលប់​វិញ។ តាំងពី​កិច្ចសន្យា​ភាគី​ទាំងពីរ បង្កើត​ឡើងមក រុស្ស៊ី​បាន​បង់លុយ​ឲ្យ​បារាំង​ប្រហែល ៩៨០លាន​អឺរ៉ូ ដែល​លុយ​នេះ ត្រូវ​ផ្ទេរ​ទៅ​រុស្ស៊ី​វិញ។

យ៉ាងណាក៏ដោយ​ជុំវិញ​ការ​លុប​កិច្ចសន្យាលក់​នាវា​នេះ​កើតឡើង ក្រោយ​ពេលដែល​ប្រទេស នេះ​ព្យួរ​ការបញ្ជូន​នាវា​ទៅកាន់​រុស្ស៊ី​កាលពី​ចុងឆ្នាំ​មុន ដោយ​ចាំមើល​ស្ថាន​ការ​នៅក្នុង ប្រទេស​អ៊ុយ​ក្រែ​ន​សិន។ រដ្ឋាភិបាល​បារាំង​ឈឺក្បាល​កាន់តែខ្លាំង ដោយសារ​រឿង​លក់​នាវា ច្បាំង​ឲ្យ​រុស្ស៊ី ព្រោះ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ព្រួត​ដៃ​គ្នា​ដាក់​សម្ពាធ​លើ​បារាំង បង្ខំ​មិន​ឲ្យ​បារាំង​លក់​នាវា​ឲ្យ​រុស្ស៊ី។

យ៉ាងណាក៏ដោយ​ភាគី​បារាំង​ប្រហែលជា​ព្យាយាម​ខ្លាំង​ដែរ​ដើម្បី​ពន្យល់​ភាគី​រុស្ស៊ី ពី​គោល ជំហរ និង​មូលហេតុ​របស់ខ្លួន​ដែល​លុប​កិច្ចសន្យា​នេះ។ បើតាម​ច្បាប់ បារាំង​មិនអាច​លក់​នាវា ចម្បាំង​ទាំងនេះ​ទៅ​ឲ្យ​ភាគី​ណា​ផ្សេង​ទៀតឡើយ បើ​រុស្ស៊ី​មិន​អនុញ្ញាត​ឲ្យ​លក់។ ប៉ុន្តែ​កាលពី ប៉ុន្មាន​សប្តាហ៍​មុន ភាគី​រុស្ស៊ី​បានប្រកាសថា​ខ្លួន​មិន​រករឿង​អ្វី​ទេ បារាំង​អាច​លក់​នាវាចម្បាំង ទាំង​នោះបាន។ ប៉ុន្តែ​បញ្ហាសំខាន់​នាពេល​បច្ចុប្បន្ននេះ គឺ បារាំង​មិនដឹង​ជា​នឹង​លក់​ឲ្យ​អ្នកណា ជំនួស​រុស្ស៊ី​ឡើយ ហើយ​បារាំង​មិនអាច​យក​នាវា​ទាំងនោះ​មកប្រើប្រាស់​បានឡើយ ព្រោះ​នាវា​ផលិតឡើង​តម្រូវការ​ប្រើប្រាស់​ក្នុង​ក្របខណ្ឌ​វិស័យ​ការពារជាតិ​រុស្ស៊ី​ប៉ុណ្ណោះ។

ដោយឡែក​ក្រោយ​បារាំង​ប្រកាស​ឈប់​លក់​នាវា​ឲ្យ​រុស្ស៊ី  បណ្តា​ប្រទេស​សមាជិក​បក្សសម្ព័ន្ធ យោធា​ណា​តូ បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទិញ​នាវាចម្បាំង​របស់​បារាំង ក្រោយពេល​បារាំង​ឈប់​លក់​នាវា​នេះ​អោយ​រុស្ស៊ី៕
 



© រក្សាសិទ្ធិដោយ thmeythmey.com