អន្តរជាតិ
បុរស​វ័យ ៩៤ ឆ្នាំ​ម្នាក់​ទើបតែ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ក្រោយ​ពន្យា​ពេល​សិក្សា​ជាង៧៥ ឆ្នាំ
15, May 2015 , 3:57 pm        
រូបភាព
ដោយ:
បុរស​ជនជាតិ​អាមេរិក​អាយុ ៩៤ឆ្នាំ​ម្នាក់ នឹង​ក្លាយជា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​មាន​វ័យ​ចំណាស់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​សាកលវិទ្យាល័យ​ក្នុង​រដ្ឋ West Virginia ក្រោយ​ពេលដែល​គាត់ ទើបតែ​បានទទួល​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​របស់លោក​កាលពី​ចុង​សប្ដាហ៍​មុននេះ។ នេះ​បើ​យោងតាម​កាសែត New York Post ។



កាសែត​ក៏បាន​រាយការណ៍​ថា លោកតា​Anthony Bruttoអាយុ ៩៤ ឆ្នាំ ដែល​បាន​ពន្យា​ពេល​សិក្សា​អស់​រយៈពេល ៧៥ឆ្នាំ​មកហើយ​នោះ​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​សិល្បៈ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន។

លោក Bruttoបាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​លើកដំបូង​នៅ​ឆ្នាំ ១៩៣៩ដែល​នៅពេលនោះ​គាត់​បាន​បង់​តម្លៃ​សិក្សា ៥០ ដុល្លារ។ប៉ុន្តែ​មកដល់​ឆ្នាំ ១៩៤២គាត់​ក៏បាន​ព្យួរ​ការសិក្សា ដោយ​លោក​ត្រូវ​ទៅ​បម្រើ​ការងារ នៅក្នុង​កងទ័ពអាកាស​របស់​សហរដ្ឋអាមេរិក រហូតដល់​សង្គ្រាមលោក​លើក​ទី២ បានបញ្ចប់។

បន្ទាប់ពី​ចប់​សង្គ្រាម លោក Bruttoបាន​ចុះឈ្មោះ​ចូលរៀន​ជាថ្មី​ម្ដងទៀត នៅក្នុង​សាកលវិទ្យាល័យ​ដដែល​នេះ​នៅ​ឆ្នាំ ១៩៤៦ប៉ុន្តែ​លោក​មិនអាច​បញ្ចប់​ការសិក្សា​របស់គាត់​បាន​ទេ ហើយ​ត្រូវ​ព្យួរ​ការសិក្សា​ម្ដងទៀត ដោយសារតែ​គាត់​ត្រូវ​នៅផ្ទះ​ដើម្បី​មើលថែ​ភរិយា​របស់គាត់​ដែល​កំពុង​ឈឺ។

លោកតា​Bruttoបាន​និយាយថា​ការបញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​គឺមាន​សារៈសំខាន់​សម្រាប់​គាត់។លោក​បាន​និយាយ​បែប​កំប្លែង​ថា លោក​ចង់​សម្រាក​បន្តិច​សិន មុនពេល​គាត់​បន្ត​ការសិក្សា​យក​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​មួយទៀត​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com