អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហា​យក្ស​អាស៊ី​ទាំងពីរ​ចិន​និង​ឥណ្ឌា​ប្តេជ្ញា​ថែរក្សា​សន្តិភាព​ពិភពលោក
15, May 2015 , 8:19 pm        
រូបភាព

ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង កំពុង​ជួបពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ​នៅក្នុង​ប្រទេស​ចិន។ មេដឹកនាំ​ទាំងពីរ​បានបង្ហាញ​ពី​បំណង​ក្នុង​ការកសាង​ទំនុកចិត្ត​និង​ការជឿជាក់​គ្នា​ដើម្បី​ជំរុញ​ការសហការ និង​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ទ្វេភាគី បើទោះជា​ប្រទេស​ទាំងពីរ​នៅមាន​ជម្លោះព្រំដែន​ដោះស្រាយ​មិន​ចេញ​ក៏ដោយ។ ក្នុងជំនួប​នេះ ចិន​និង​ឥណ្ឌា​ប្តេជ្ញា​ថែរក្សា​សន្តិសុខ សន្តិភាព​និង​ស្ថិរភាព​ពិភពលោក ថែម​ទៀតផង។


មានសំឡេង




ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​អញ្ជើញ​ទៅដល់​ប្រទេស​ចិន​កាលពី​ម្សិលមិញ​នេះ ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន​ជុំវិញ​ការ​រឹតបន្តឹង​ចំណង​ការទូត សេដ្ឋកិច្ច និង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះព្រំដែន​រ៉ាំរ៉ៃ​ផង។  លោក ម៉ូ​ឌី បាន​ជួបពិភាក្សា​ជា​លក្ខណៈ​ទេ្វ​ភាគី​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ដោយ​កិច្ចពិភាក្សា​ផ្តោតលើ​ប្រធានបទ​ជាច្រើន មាន​ទាំង​ចំណងមិត្តភាព​រវាង​ឥណ្ឌា​ចិន ការសហការ​គ្នា​រក្សា​សន្តិសុខ និង​ស្ថិរភាព​ពិភពលោក​ថែមទៀត​ផង។

យ៉ាងណាមិញ មេដឹកនាំ​ចិន​ឆ្លៀត​លើកឡើង​ពី​បញ្ហា​ប្រឈម ជា​ពិ​សេ​ភាពខុសប្លែក​គ្នា​រវាង​ចិន​និង​ឥណ្ឌា ដែល​ភាពខុសប្លែក​នេះ​ជា​ឧបសគ្គ​ក្នុងការ​ពង្រីក​ការសហការ​គ្នា​រវាង​មហា​យក្ស​ទាំងពីរ។ ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជី​ពីង បានលើកឡើង​ពី​សារសំខាន់ នៃ​ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា​ហើយ​ភាគី​ទាំងពីរ​ប្តេជ្ញា​ថា​នឹង​បន្ត​កសាង​ទំនុកចិត្ត​គ្នា​ក្នុងនាម​ជា​មិត្ត​ជិតខាង​ល្អ និង​ធ្វើយ៉ាងណា​លុបបំបាត់ចោល​នូវ​ការមិនទុកចិត្ត​គ្នា​ដែល​ធ្លាប់​កើតមាន​កន្លងមក​រវាង​មហាអំណាច​ទាំងពីរ។

មេដឹកនាំ​ទាំងពីរ​ប្រឹងប្រែង​ត្រួសត្រាយ​ផ្លូវ និង​កសាង​ការផ្សាភ្ជាប់​រវាង​ចិន​និង​ឥណ្ឌា ដែល​វា​នឹង​ជំ​រុញអោយ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទ្វេភាគី​កាន់តែ​ល្អប្រសើរ​នៅពេល​ខាងមុខ។ ក្នុងជំនួប​ពិភាក្សា មេដឹកនាំ​រដ្ឋា​ទាំងពីរ​ក៏​លើកឡើង​ពី​ការពង្រឹង​ទំនាក់ទំនង​វិស័យ​អាទិភាព​មួយចំនួន​រួមមាន​ការកសាង​ផ្លូវ​រថភ្លើង ជំរុញ​ការសង់​សង់​រោងចក្រ​ឧស្សាហកម្ម  វិស័យ​នគរូបនីយកម្ម​និង​ការបំពាក់​បំប៉ន​សមត្ថ​ភាព​ជំនាញ​ដល់​ប្រជាជន​ទាំងពីរ​ផងដែរ។ លោក ស៊ី ជីន​ពីង ក៏​រំពឹង​ដែរ​ថា នាពេលខាងមុខ​ក្រុមហ៊ុន​ចិន​នឹង​បង្កើន​ការវិនិយោគ​នៅ​ឥណ្ឌា​ផងដែរ។

បើ​យោងតាម​ចំនួន​ប្រជាជន ឥណ្ឌា​ជាទី​ផ្សារ​ដ៏​ធំ​របស់​ចិន ខណៈពេលដែល​ចិន​ក៏​ចាត់ទុក​ឥណ្ឌា​ជាទី​ផ្សារ​ដ៏​ធំ​មួយ​របស់ខ្លួន​ដែរ។ បន្ថែម​ពីនេះ ក្នុង​រយៈពេល​ខាងមុខ ប្រទេស​ទាំងពីរ​នឹង​ព្យាយាម​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ។

សូម​រំលឹក​បន្តិច​ថា ឥណ្ឌា​និង​ចិន មាន​ជម្លោះព្រំដែន​រួមគ្នា​តាំងពី​យូរ​មកហើយ​នៅ​តំបន់ Arunachal Pradesh និង​តំបន់​កា​ស្មៀ។ ជម្លោះព្រំដែន​នេះ​បាន​ជំរុញ​អោយ​ភាគី​ទាំងពីរ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅតាម​បន្ទាត់​ព្រំដែន​ជាច្រើនលើក​នាពេល​កន្លងមក។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​ល្អក់​ករក និង​ខ្វះខាត​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក។ ក្រោយពី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន នាយករដ្ឋមន្ត្រី​ឥណ្ឌា​នេះ​ក៏​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ចិន​លោក លី ខឹ​ក​ឆៀង​បន្ទាប់មក​លោក​នឹង​បន្ត​ទស្សនកិច្ច​នៅ​តំបន់ឧស្សាហកម្ម​នៅ​សៀង​ហៃ៕





© រក្សាសិទ្ធិដោយ thmeythmey.com