អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុង​សេ​អ៊ូ​ល​គ្រោង​អនុញ្ញាត​ឲ្យ​ក្បួន​ស្ត្រី​ស្នើ​បញ្ចប់សង្គ្រាម​កូរ៉េ​ចូល​ទឹកដី​ខ្លួន
15, May 2015 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
 មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា កូរ៉េខាងត្បូង​នឹង​អនុញ្ញាតឱ្យ​បណ្តាញ​ស្ត្រី​អន្តរជាតិ​ដែល​ធ្វើបាតុកម្ម​ទាមទារ​បញ្ច​ប់​សង្គ្រាម​កូរ៉េ​ទាំងពីរ អាច​ឆ្លង​ចូល​ទឹកដី​ខ្លួន​បាន។គម្រោង​ក្បួន​ដង្ហែរ​នេះ​ផ្តើមចេញ​មកពី​ប្រទេស​កូរ៉េខាងជើង​ដោយ​ឆ្លងកាត់​តំបន់​គ្មាន​យោធា​ដែល​ពុះ​ចែក​កូរ៉េ​ជា​ពីរ។



    ក្រុម​បណ្តាញ​ស្ត្រី​អន្តរជាតិ(WomenCrossDMZ)ដែល​ដឹកនាំ​ដោយ​លោកស្រី​Gloria Steinem។  ការ​ដង្ហែ​ក្បួន​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៤ ខែឧសភា​ខា​មុខ ដែល​ផ្តើមចេញ​មកពី​ប្រទេស​កូរ៉េខាងជើង​រដ្ឋធានី​ព្យុងយ៉ាង​ឆ្ពោះទៅកាន់​គ្មាន​យោធា ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ។ សកម្មភាព​គឺធ្វើឡើង​ក្នុង​គោលបំណង អំពាវនាវ​ឱ្យមាន​ការបញ្ចប់​សង្គ្រាម​រវាង​កូរ៉េ​ទាំងពីរ ។

មន្ត្រី​ម្នាក់​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បាន​បង្ហើប​ថា​បច្ចុប្បន្ននេះ​នៅសល់​នីតិវិធី​មួយចំនួនទៀត​ដែល​អ្នកដឹកនាំ​ចលនា​នេះ​មិនទាន់​បំពេញ​ចប់សព្វគ្រប់ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ផ្ដល់​ភ្លើងពណ៌​បៃតង​ចំពោះ​ការ​ដង្ហែរ​ក្បួន​ឆ្លងកាត់​កូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ទោះជា​សង្គ្រាម​កូរ៉េ​បញ្ចប់ទៅ​តាំងពី​ឆ្នាំ ១៩៥៣ ក៏ពិតមែន តែ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​នៅតែ​បន្ត​ប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា អាច​ឈានដល់​ផ្ទុះ​សង្គ្រាម​ជាមួយគ្នា​ផង។ នេះ​ក៏ដោយ​សារ​ភាគី​ទាំងពីរ​សម្រេចបាន​ត្រឹម​បទ​ឈប់​បាញ់​មួយ​ប៉ុណ្ណោះ មិនមែនជា​សន្ធិសញ្ញា​ស​ន្តិ​ភាព​អ្វី​ឡើយ។

លើសពីនេះ​មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានបញ្ជាក់​ផងដែរ​ថា ក្រុង​សេ​អ៊ូ​ល​មិនទាន់បាន​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ​ថា​ខ្លួន​អនុញ្ញាតអោយ​ក្បួន​ដង្ហែរ​នេះ​ឆ្លងតាម​ទឹកដី​របស់ខ្លួន ព្រោះ​កូរ៉េខាងត្បូង​បន្ត​ពិភាក្សា​ជាមួយ​ស្ថាប័ន​ទទួលបន្ទុក​កិច្ចការ​ព្រំប្រទល់ រវាង​កូរ៉េខាងជើង​និង​ខាងត្បូង​របស់​អង្គការសហប្រជាជាតិ នា​តំបន់​Panmunjom ដែលជា​កន្លែង​ប្រឈមមុខគ្នា​រវាង​កងទ័ព​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង។

គួរ​បញ្ជាក់ថា គេ​ប្រហែលជា​នឹង​លើកទឹកចិត្ត ចលនា​ស្ដ្រី​អន្តរជាតិ​ទាំងនេះ ឲ្យ​ឆ្លងកាត់​តំបន់ឧស្សាហកម្ម​Kaesongនៅជាប់​ព្រំដែន​ប្រទេស​ទាំងពីរ៕

ប្រែ​សម្រួល​ដោយ រ៉េ​ន សុភ​ក្តិ


© រក្សាសិទ្ធិដោយ thmeythmey.com