ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មឿង សុន បានដាក់​ជើង​ជាន់ដី​ខ្មែរ​វិញ ក្រោយពី​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​ជាង ៦ ឆ្នាំ
18, May 2015 , 11:55 am        
រូបភាព
ដោយ: ថ្មីៗ
ដូចការ​គ្រោងទុក​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ឧសភា​នេះ ។ ការវិល​ត្រឡប់មក​ស្រុកកំណើត​វិញ​របស់លោក មឿង សុន នាពេលនេះ​បានធ្វើ​ឡើង ក្រោយពី​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោសកាលពីថ្ងៃទី ០៥ ខែឧសភា កន្លងទៅ ។



បន្ទាប់ពី​ឃ្លាតឆ្ងាយ​ពី​មាតុ​ភូមិកំណើត​អស់​រយៈពេល​ជាង ៦ ឆ្នាំ  លោក មឿង សុន ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ។ ដំណើរ​មកដល់មាតុភូមិកំណើត​​របស់​លោក មឿង សុន បានទទួល​ការស្វាគមន៍​ពី​ព្រះសង្ឃ និង​មិត្តភក្តិ​របស់លោក​មួយចំនួន​ផងដែរ ។ 

លោក មឿង សុន បាន​រត់គេចខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស បន្ទាប់ពី​តុលាការ សម្រេច​ដាក់ទោស​រូបលោក​ឲ្យ​ជាប់ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការរិះគន់​ការដាក់​អំពូល​ភ្លើង​លម្អ​ប្រាសាទអង្គរវត្ត​របស់​អាជ្ញាធរ​អប្សរា កាលពី​ឆ្នាំ ២០០៩ ។ លោក មឿង សុន ជា​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី ធ្លាប់បាន​អះអាង​ប្រាប់​សារព័ត៌មានថ្មីៗថា រូបលោក​នឹង​ឈប់​ធ្វើ​នយោបាយ​ដើម្បី​ដណ្តើម​អំណាច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តទៅទៀត​ដូច​លើក​មុន​ឡើយ ។ លោក​ថា ការធ្វើ​នយោបាយ​ធ្វើ​ឲ្យ​លោក​បាត់បង់​មិត្តភក្តិ​ជាច្រើន ហើយ​ផ្ទុយទៅវិញ លោក​បង្កើន​ចំនួន​សត្រូវ​កាន់តែច្រើន។   

ព្រះមហាក្សត្រ​ បាន​ព្រះរាជទាន​លើកលែងទោស​ដល់ លោក មឿង សុន ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​កាលពី​ថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០១៥ កន្លងទៅ។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ព្រះបាទ សម្តេច នរោត្តម សីហមុនី បាន​សរសេរ​យ៉ាងនេះ​ថា៖«ត្រូវបាន​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ មឿង សុន ភេទ​ប្រុស អាយុ ៦២ឆ្នាំ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ តាម​អំណាច​សាលដីកា​ស្ថាពរ​លេខ ៨១ ចុះ​ថ្ងៃទី ១១ មេសា​ឆ្នាំ២០១២ របស់​តុលាការ​កំពូល និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួលបន្ទុក​អនុវត្ត​ឲ្យ​បានសម្រេច​តាម​ព្រះរាជក្រឹត្យ​នេះ»៕  

© រក្សាសិទ្ធិដោយ thmeythmey.com