ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ រណឫទ្ធិ ធ្វើបុណ្យ​រាប់បាត្រ បន់​ឲ្យ​អ្នក​ម្នាង​ឆាប់​ជា
24, May 2015 , 11:47 am        
រូបភាព
ព្រះអង្គ​នរោត្តម រណឫទ្ធិ ថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ ប៊ូ គ្រី។ រូបថត គណបក្សហ្វ៊ុនស៊ិនប៉ិច
ព្រះអង្គ​នរោត្តម រណឫទ្ធិ ថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ ប៊ូ គ្រី។ រូបថត គណបក្សហ្វ៊ុនស៊ិនប៉ិច
ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បានធ្វើ​ពិធីរាប់បាត្រ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ នៅ​ព្រឹក​ថ្ងៃទី២៤ ឧសភា​នេះ ដើម្បី​បន់ស្រន់ និង​បួងសួង សុំ​សេចក្ដីសុខ​ជូន​អ្នក​ម្នាង អ៊ុក ផល្លា ឲ្យ​ឆាប់​ជាសះស្បើយ។ ពិធីរាប់បាត្រ​ដល់​ព្រះសង្ឃ​នេះ ប្រារព្ធ​ធ្វើ​នៅ​ព្រះអង្គ​ដង​កើ មុខ​ព្រះបរមរាជវាំង។



ក្រោយពី​បញ្ចប់​ពិធីរាប់បាត្រ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានបន្ទូល​បញ្ជាក់​ពី​គោលបំណង​យ៉ាង​ដូច្នេះ​ថា៖ «ព្រះសង្ឃរាជ ប៊ូ គ្រី លោក​បាន​មាន​ព្រះរាជ​គំនិត​ផ្ចង់​ផ្ដើម។ទី២ទៀត ធ្វើ​ដើម្បី​ជូន​បុណ្យ​កុសល​ដល់​អ្នក​ម្នាង ផល្លា ប៉ុន​ឥឡូវ​លោក​រស់​ហើយ»។

ក្នុង​ពិធីរាប់បាត្រ​នោះ​មាន​ថ្នាក់ដឹកនាំ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង​សមាជិក​ចូលរួម​ជិត១០០នាក់​ផងដែរ។

កាលពី​ថ្ងៃ២២ឧសភា ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​បញ្ជាក់ថា អ្នក​ម្នាង អ៊ុក ផល្លា ពេល​មាន​សុខ​ភាពល្អ​ច្រើន​ឡើងវិញ​ហើយ។ តែ​យ៉ាងណា​អ្នក​ម្នាង​អ៊ុក ផល្លា ត្រូវការ​ពេលវេលា​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​បន្តទៀត រហូតដល់​ជាសះស្បើយ។

កន្លងមក​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានបញ្ជាក់​ថា បើតាម​គ្រូពេទ្យ​ប្រទេស​ថៃ របួស​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវការ​រយៈពេល​យ៉ាងតិច​មួយឆ្នាំ ដើម្បី​សម្រាក​ព្យាបាល​បញ្ហា​ផ្នែក​របួស និង​បញ្ហា​ផ្លូវចិត្ត​ឲ្យ​បានជា​សះស្បើយ។

គួរ​បញ្ជាក់ថា អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ២៥ មេសា​កន្លងទៅ៕



© រក្សាសិទ្ធិដោយ thmeythmey.com