ជាតិ
បទវិភាគ
អតីត​សិស្ស​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្ដើម​បង្ហោះ​រូបថត​អនុស្សាវរីយ៍​ក្រោយ​​ឮដំណឹង​ប្ដូរ​ទីតាំង
08, Jun 2015 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
លិខិត​មិត្ត​អ្នកអាន

ពី​អតីត​សិស្សសាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ម្នាក់


ដំណឹង​នៃ​ការផ្លាស់​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឬ​ហៅថា​សាលា​រចនា បាន​អន្ទង​ឲ្យ​ចិត្ត​អតីត​សិស្ស និស្សិត និង​សាស្ត្រាចារ្យ​នៃ​សាលា​នេះ​មួយចំនួន​ផ្ដើម​បង្ហោះ​រូបភាព និង​សរសេរ​ជា​ពាក្យពេចន៍​បង្ហោះ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ខ្ញុំ​ជា​ស្មេរ ក៏​សុំ​បញ្ចេញមតិ ដើម្បី​ផ្ដល់​ជា​កូន​ជ្រុង​ដើម្បី​ដោះស្រាយ​នោះដែរ។

 

តាមពិត គឺ​នៅ​ឆ្នាំ២០១៦ខាងមុខ​នេះហើយ ដែល​សាលា​បណ្ដុះ​ដួងព្រលឹង​ឲ្យ​ជាតិ​មួយ​នេះ​ត្រូវ​ប្រារព្ធ​ខួប ១០០ ឆ្នាំ។ សិស្ស និង​អតីត​សិស្ស បាន​ត្រៀមខ្លួន​សម្រាប់​ការរៀបចំ​កម្មវិធី​ប្រារព្ធ​ខួប​នេះ ប៉ុន្តែ​ដំណឹង​នៃ​ការប្ដូរ​ទីតាំង​បាន​បង្វែរ​ឲ្យ​ចិត្ត​ពួកគេ​មាន​ភាព​ក្រៀមក្រំ​ទៅវិញ។   ចាប់តាំងពី​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ប្រកាសថា នឹង​ប្ដូរ​សាកលវិទ្យាល័យ អតីត​សិស្ស និស្សិត បាន​បង្ហោះ​រូបភាព​អនុស្សា​វរិ​យ៍​កាលពី​នៅ​សិក្សា ដូចជា​រូបភាព​នៃ​ការរៀនសូត្រ​របស់​ពួកគេ រូបភាព​ជាមួយ​មិត្ត​ភ​ក្រ និង​រូបភាព​ជាច្រើន​ទៀត រួមទាំង​សំណេរ ដែល​ខ្លះ​រៀបរាប់​ពី​អនុស្សាវរីយ៍។  

បើទោះជា​មិនបាន​ប្រកាស​ប្រឆាំង ឬ​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ចំណាត់​ការប្ដូរ​ទីតាំង​នេះ​ក៏ដោយ អតីត​និស្សិត សិស្ស​មួយចំនួន បាន​និយាយ​ដោយ​ប្រយោល​ថា ប្រសិនបើ​គ្មានអ្វី​លើសពី​ហេតុផល ដែល​ប្រកាស​ដោយ​សាលា​រាជធានី​ទេនោះ ការប្ដូរ​ទីតាំង​គួរតែ​លុបចោល​ទៅ​ល្អ​ជាង។   លុបចោល ដោយហេតុថា នេះ​ជា​សាកលវិទ្យាល័យ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា វា​កើតឡើង​ពី​ស្នា​ព្រះហស្ត​របស់​ព្រះមហាក្សត្រ ហើយ​ជាងនេះទៅទៀត ប្រសិនបើ​អាចធ្វើ​បាន គួរ​ណាស់​តែមាន​ការសិក្សា​មួយ ថា​តើ គួរតែ​កែសម្រួល​សាកលវិទ្យាល័យ​នេះ​យ៉ាងដូចម្ដេច ក្រៅពី​ការប្ដូរ​ទីតាំង​នោះ។  

ក្រៅពី​រំលឹក​រូបភាព​អនុស្សាវរីយ៍ ខ្ញុំ​សូម​ផ្ដល់​មតិ​មួយ។ បើ​ស្ដាប់​ប្រសាសន៍​អភិបាល​រាជធានី​ភ្នំពេញ ការប្ដូរ​នេះ​គឺ​ដើម្បី​ពង្រីក​ទីតាំង​សារៈមន្ទីរ​ជាតិ។ ប៉ុន្តែ តើ​យើង​អាច​កែសម្រួល​បន្តិចទៀត ដើម្បី​ឲ្យ​សាកលវិទ្យាល័យ​នេះ​ក្លាយជា​កន្លែង​សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍ប​ន្ត​ពី​សារៈមន្ទីរ​បានដែរ​ឬទេ?   ខ្ញុំ​ថា​បាន! បាន​ដោយហេតុថា នៅក្នុង​សារៈមន្ទីរ ភ្ញៀវ​ចូលមក​ដើម្បី​ទស្សនា​តឹកតាង​ប្រវត្តិសាស្ត្រ​ពី​ដូនតា​ខ្មែរ ដូចជា​រូបចម្លាក់ និង​សម្ភារ​ប្រើប្រាស់​ពី​បុរាណ​មួយចំនួន ដែល​កើតចេញពី​ការឆ្នៃប្រឌិត​របស់​ដូនតា​ខ្មែរ ហើយ​ដែល​ផ្នែក​មួយចំនួន​កំពុង​បន្ត​មាន​វត្តមាន​នៅក្នុង​សាលា​រចនា។  

ជាក់ស្ដែង​ភ្ញៀវ​បានឃើញ​រូបចម្លាក់​នៅ​សារៈមន្ទីរ​ជាតិ ហើយ​សកម្មភាព​នៃ​ការសិក្សា និង​ការអនុវត្ត​ជាក់ស្ដែង ឬ​ការរៀន​ឆ្លាក់​របស់​កូន​ខ្មែរ​កំពុង​តែមាន​វត្តមាន​នៅ​សាលា​រចនា។ ភ្ញៀវ​បានឃើញ​ពី​រូបចម្លាក់​នៃ​ការសម្ដែង​របាំ​អប្សរា ហើយ​នៅ​សាលា​រចនា​ក៏មាន​សិស្ស​និស្សិត​កំពុង​រៀន​របាំ​នេះដែរ។ ភ្ញៀវ​កំពុង​ទស្សនា​ការប្រគុំ​តន្ត្រីបុរាណ​លើ​ផ្ទាំងសិលា​ចារិក ហើយ​នៅ​សាលា​រចនា​ក៏មាន​សិស្ស​និស្សិត​កំពុង​រៀន​តន្ត្រីបុរាណ​នេះដែរ។   

ដូច្នេះ​សរុបមក​វិញ យើង​គួរតែ​រក​យន្តការ​កែសម្រួល​យ៉ាងណា​ឲ្យ​ភ្ញៀវ​បានឃើញ​ពី​ស្ថានភាព​អតីតកាល​របស់​ដូនតា​ខ្មែរ​នៅ​សារៈមន្ទីរ​ផង ហើយក៏​បានឃើញ​ពី​ស្ថានភាព​នៃ​ការអនុវត្ត​ជាក់ស្ដែង​របស់​សិស្ស និស្សិត​ផងដែរ។ ដូច្នេះ​ភ្ញៀវ​នឹង​បាន​យល់​កាន់តែច្រើន​ពី​ដួងព្រលឹង​ខ្មែរ​តាមរយៈ​សារៈមន្ទីរ និង​សាលា​រចនា​នោះ។   មានន័យថា សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​នៅតែ​បន្ត​មាន​វត្តមាន​លើ​ទីតាំង​ដដែល ដើម្បី​បង្រៀន​សិស្ស ហើយ​បន្ថែម​ពីលើ​នេះ សាលា​នេះ​ថែមទាំង​អាច​ទទួលភ្ញៀវ​ចូលមក​ទស្សនា​បាន​ទៀតផង ពី​សកម្មភាព​នៃ​ការសិក្សា​រៀនសូត្រ​របស់​ពួកគេ​អំពី​អ្វីដែល​បានកើត​ឡើង​ពី​សម័យបុរាណ និង​ដែលមាន​វត្តមាន​តាំង​បង្ហាញ​នៅ​សារៈមន្ទីរ​ជាតិ។  

យ៉ាងណា នេះ​ជាម​តិ​មួយ​ជ្រុង​ប៉ុណ្ណោះ ការសម្រេច​បែបណា ខ្ញុំ​គិតថា រាជរដ្ឋាភិបាល​ប្រហែលជា​គិត​បាន​គ្រប់​ជ្រុងជ្រោយ​ជាង​ខ្ញុំ​ទៅទៀត។ ចុងក្រោយ​ខ្ញុំ​សូម​រំលឹក​ឡើងវិញ​ថា ពួកយើង​ជា​អតីត​សិស្ស​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បៈ គឺ​ពិតជា​សោកស្ដាយ​ណាស់ ហើយ​មិន​ចង់​ឲ្យ​មានការ​ប្ដូរ​ទីតាំង​នេះ​ទេ។    យើង​គ្មាន​ជម្រើស​ទេ! ហើយ​មានតែ​បង្ហោះ​រូបភាព ឬ​ពាក្យពេចន៍​ដើម្បី​រំសាយចិត្ត​ប៉ុណ្ណោះ៕  
                 

© រក្សាសិទ្ធិដោយ thmeythmey.com