អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កោះ Palau ហៅ​អ្នកនេសាទ​វៀតណាម​ខុសច្បាប់​ចោរ​សមុទ្រ​និង​ដុត​កម្ទេច​ទូក​ចោល
13, Jun 2015 , 1:27 pm        
រូបភាព

ប្រទេស​កោះ Palau នៅ​កណ្តាល​សមុទ្រ​ប៉ា​ស៊ី​ហ្វី​កបាន​កម្ទេចចោល​ទូក​នេសាទ​របស់​វៀតណាម​ប្រហែល៤គ្រឿង​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ខណៈ​ទូក​នេសាទ​ទាំងនោះ​ត្រៀម​នេសាទ​ត្រី​ខុសច្បាប់។ ប្រធានាធិបតី Palau បាន​សង្កត់ធ្ងន់ថា ការកម្ទេច​ចោល​ទូក​នេសាទ​នេះ​ជា​សារ​ប្រាប់​រដ្ឋាភិបាល​វៀតណាម​ថា Palau មិន​លើកលែង​ដាច់ខាត​ចំពោះ​ក្រុមចោរ​សមុទ្រ​ដែល​ហ៊ាន​លួច​ធនធាន​របស់ខ្លួន។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



វិធានការ​ក្តៅ​របស់​រដ្ឋាភិបាល Palau គឺ​កម្ទេចចោល​ទូក​នេសាទ​វៀតណាម​ដែល​ហ៊ាន​ឆ្លងដែន​ចូលក្នុង​សមុទ្រ​របស់ខ្លួន​ដើម្បី​នេសាទ​ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ រឿងចម្រូងចម្រាស​នេះ​កើតមានឡើង ដោយសារ​ភាគី​វៀតណាម​ប៉ុនប៉ង​លួច​នេសាទ​ត្រី​ខុសច្បាប់ និង​នេសាទ​យក​ធនធាន​មានតម្លៃ​ក្នុង​សមុទ្រ​ផង។ បើតាម​ការ​ឲ្យ​ដឹង​របស់​អាជ្ញាធរ Palau ទូក​នេសាទ​ទាំងអស់​ដែល​ត្រូវ​ដុត​កម្ទេចចោល​គឺ​សរុប​បួន​គ្រឿង។

ការមិន​អត់អោន​ចំពោះ​ការ​លួច​នេសាទ​ខុសច្បាប់​នេះ ជា​សារ​របស់​រដ្ឋាភិបាល​ច​ង់​ផ្ញើរ​ទៅកាន់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ចំពោះ​ការបន្ត​ព្រងើយកន្តើយ​នឹង​សកម្មភាព​ខុសច្បាប់​នេះ។  ប្រធានាធិបតី Palau លោក Tommy RemengesauJr បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា រដ្ឋាភិបាល​របស់លោក​ចង់​ផ្ញើរ​សារសំខាន់​មួយ​ទៅកាន់​ភាគី​វៀតណាម ថា​លោក​នឹងមិន​អត់អោន​ដល់​ក្រុមចោរ​សមុទ្រ​ដែល​ថ្លើមធំ​ហ៊ាន​ចូល​លួច​នេសាទ​យក​ធនធាន​មានតម្លៃ​នៅក្នុង​សមុទ្រ​របស់ខ្លួន​ឡើយ។

យោងតាម​រដ្ឋាភិបាល​ប្រទេស​នេះ ចាប់តាំងពី​ឆ្នាំមុន​មក អាជ្ញាធរ​បាន​ចាប់​ឃាត់​ទូក​នេសាទ​ខុសច្បាប់​ប្រហែល ១៥គ្រឿង ដែល​ប៉ង​មក​នេសាទ​ត្រី​ឆ្លាម នេសាទ​មឹក ត្រី​ច្រើន​ប្រភេទ​ទៀត និង​ឈ្លើងសមុទ្រ​ជាដើម។ កន្លងមក អាជ្ញាធរ​មិនបាន​ដុត​កម្ទេច​ទូក​នេសាទ​ដូច​លើក​នេះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ថ្លែងថា​វិធានការមុនៗគ្មាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​ក្រុម​នេសាទ​ខុសច្បាប់​ឡើយ។ សូមបញ្ជាក់ថា ប្រទេស Palau ត្រូវបាន​គេ​បញ្ចូល​ឈ្មោះ​ជា​ប្រទេស​ដែល​ស្ថិតនៅក្នុង​លេខ​រៀង​ទី៣៥ដែល​សម្បូរហូរហៀរ​ដោយ​ធនធាន​សមុទ្រ និង​ជីវចម្រុះ​ផង​ដ​ដែរ។ 

កន្លងមក​ប្រទេស​ជាច្រើន​ដែល​សម្បូរ​ធនធាន​សមុទ្រ​បាន​ចាត់វិធានការ​តឹងតែង​ដើម្បី​បង្ក្រាប​ក្រុមចោរ​សមុទ្រ​និង​ក្រុម​នេសាទ​ខុសច្បាប់ ប៉ុន្តែ​ដែនសមុទ្រ​នៅ​ចន្លោះ​ពី​ជប៉ុន​ទៅ កោះ Palau នៅ​មិនទាន់មាន​ការត្រួតពិនិត្យ​និង​បង្ក្រាប​ការនេសាទ​ខុសច្បាប់​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយសារ​បញ្ហា​ភូមិសាស្ត្រ​ស្មុគស្មាញ។
ប្រទេស​កោះ​ដ៏​តូច​មួយ​នេះ មាន​ប្រជាជន​សរុប​ប្រហែលជា ២ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​ប្រទេស​នេះដែរ​ត្រូវបាន​ពិភពលោក​ស្ងើចសរសើរ​ព្រោះតែ​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​សមុទ្រ​ជាច្រើន៕



© រក្សាសិទ្ធិដោយ thmeythmey.com