អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UNESCO ថ្កោលទោស​ការកម្ទេច​បេតិកភណ្ឌ​បុរាណ​ឥស្លាម​នៅ​យេ​ម៉ែន
13, Jun 2015 , 3:30 pm        
រូបភាព

អង្គការ​យូណេស្កូ បាន​ថ្កោលទោស​ការទម្លាក់​គ្រាប់​កម្ទេច​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ ប្រាសាទបុរាណ​នៅក្នុង​ទីក្រុង Sanaa ប្រទេស​យេ​ម៉ែន​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។ គេ​សន្និដ្ឋានថា អ្នក​ដែល​នៅ​ពីក្រោយ​ការបំផ្លិចបំផ្លាញ​សំណង់​ទីក្រុង​បុរាណ​នេះ​គឺ​ក្រុម​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​បាន​បន្ត​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​ឧទ្ទាម Houthisដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។


រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន



ស​ម្ប​តិ្ត​បេតិកភណ្ឌ​នៅ​កណ្តាល​រដ្ឋធានី សា​ណា ប្រទេស​យេ​ម៉ែន រង​ការបំផ្លិចបំផ្លាញ​យ៉ាង ដំណំ។ អង្គការ​យូណេស្កូ បានចេញ​មុខ​ថ្កោលទោស​ការបំផ្លិចបំផ្លាញ​ប្រាសាទបុរាណ ដ៏​មាន តម្លៃ​នៃ​មនុស្សជាតិ​នេះ​ផងដែរ​កាលពី​ម្សិលមិញ​នេះ។ប្រាសាទបុរាណ​ដែល​រង​ការបំផ្លិច បំផ្លាញ​រាប​ដល់​ដី​នេះ​ជាទី​ក្រុង​ដែលមាន​រចនាបទ​ឥស្លាម ហើយ​គេ​ចោទប្រកាន់ថា ក្រុម​កង កម្លាំង​ទ័ពអាកាស​អារ៉ាប់​ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​អ្នក​នៅ​ពីក្រោយ​ការបំផ្លាញ​នេះ។  អាជ្ញាធរ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រៅពី​សំណង់​ត្រូវ​បំផ្លិចបំផ្លាញ​មនុស្ស ៥នាក់​ផ្សេងទៀត ក៏បាន​ស្លាប់បាត់​បង់ជីវិត​ផងដែរ។

អគ្គនាយក​អង្គការ​យូណេស្កូ​លោកស្រី Irina Bokov ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោកស្រី​ពិតជា​សោកសង្រេង​និង​រន្ធត់​ចំពោះ​ការស្លាប់​បាត់បង់​ជិវិត​របស់​ពលរដ្ឋ​ស្លូតត្រង់ និង​ការ​ខ្ទេចខ្ទាំ​សំណង់​បុរាណ​ជា​ទ្រព្យ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​បន្សល់ទុក​មក​រាប់​ពាន់​ឆ្នាំ​ហើយ​នោះ។លោកស្រី​បានស្នើ​ឲ្យ​បណ្តា​ភាគី​ជម្លោះ​គោរព​និង​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​នេះ ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ។

សូមបញ្ជាក់​ផងដែរ ទីក្រុង​បុរាណ​នេះ​មាន​អាយុកាល​ប្រហែល ២៥០០ឆ្នាំ​ហើយ ដែល​ក្នុង តំបន់​បេតិកភណ្ឌ​ទាំងមូល​មាន​វិហារ​ឥស្លាម​រហូតដល់​ជាង១០០  ផ្ទះ​សង់​តាម​រចនាបទ​ឥស្លាម ប្រហែល​ជាង៦ពាន់​ផ្ទះ​ដែល​ផ្ទះ​ទាំងនេះ​ភាគច្រើន​ត្រូវបាន​សាង់សង់ឡើង​មុន​សតវត្ស​ទី១។

ក្រោយ​ជម្លោះ​នៅ​យេ​ម៉ែន​ផ្ទុះឡើង អា​រ៉ា​ប៊ី​សា​អូឌីត​បានចេញ​មុខ​បញ្ជា​ឲ្យ​មានការ​វាយ ប្រហារ​តាមផ្លូវ​អាកាស​ដោយ​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​ឧទ្ទាម Houthis ដែល​គាំទ្រ រដ្ឋាភិបាល​ដោយ​អ៊ីរ៉ង់​ផងដែរ។ ជាង ២ខែ​ហើយ​ដែល​ក្រុម​នេះ​បន្ត​ទម្លាក់​គ្រាប់បែក នៅ​កណ្តាល​ទីក្រុង​សា​ណា ដូច្នេះ​ទើបបានជា​គេ​ចោទប្រកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​អ្នក​ដែល​នៅ ពីក្រោយ​ការបំផ្លាញ​បេតិកភណ្ឌ​មនុស្សជាតិ។

ជុំវិញ​ការចោទប្រកាន់​នេះ ខាង​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បាន​បដិសេធ​ជាស្រេច​ហើយ ដោយ ទម្លាក់កំហុស​លើ​ក្រុម​ឧទ្ទាម​វិញ។ ប៉ុន្តែ​បើតាម​ការ​ឲ្យ​ដឹង​របស់​ប្រជាជន​មូលដ្ឋាន កងកម្លាំង អា​រ៉ា​ប៊ី​សា​អូឌីត​ជា​អ្នកធ្វើ​ច្រើនជាង​ព្រោះ​ក្រុម​នេះ​បាន​បើក​យុទ្ធនាការ​វាយប្រហារ​ក​ម្ទេ​ច​មូលដ្ឋាន​ក្រុម​ឧទ្ទាម​នៅ​ទីក្រុង​សា​ណា។ ប្រជាជន​ទាំងនោះ​បាន​អះអាងថា​ពួកគេ​បានលឺ​សម្លេង និង​ឃើញ​កាំជ្រួច​មី​ស៊ី​លបាញ់​ពីលើ​យន្តហោះ​បាន​ហោះ​បុក​កម្ទេច​សំណង់​បុរាណ​ទាំងអស់នោះ។

ដោយឡែក​ការបំផ្លិចបំផ្លាញ​សំណង់​បុរាណ​នេះ​កើតមានឡើង​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេលដែល​បណ្តា​ក្រុម​ភាគី​ជម្លោះ​នយោបាយ​យេ​ម៉ែន ជួបជុំគ្នា​ដើម្បី​ស្វែងរក​សន្តិភាព​នៅក្នុង ទីក្រុង​ហ្សឺ​ណែវ​ក្រោម​ការ​ជ្រោមជ្រែង​ពី​សំណាក់​អង្គការសហប្រជាជាតិ។  គេ​សង្ឃឹមថា កិច្ចពិភាក្សា​នេះ​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ដល់​ភាគី​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​រាំ​រ៉ៃ​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com