អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការ​បារាំង​លើកលែង​ការចោទប្រកាន់​ពេស្យាចារ​ចំពោះ​អតីត​ប្រធាន​IMF
13, Jun 2015 , 4:30 pm        
រូបភាព
ដោយ:
នៅ ថ្ងៃ​សុក្រ​ម្សិលមិញ តុលាការ​បារាំង​បានសម្រេច​លើកលែង​ការចោទប្រកាន់​ចំពោះ​លោក Dominique Strauss-Kahn ជា​អតីត​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្នុង​សំណុំរឿង​ពេស្យាចារ​នៅ​សណ្ឋាគារ​Carlton ក្នុង​ខែត្រ​Lille។ ៤ឆ្នាំ​មកនេះ លោក​Strauss-Kahn ដែល​គេ​តែង​ហៅ​ឈ្មោះ​កាត់​ថា DSK សំបូរ​រឿងអាស្រូវ​ផ្លូវភេទ ដែល​ធ្វើអោយ​លោក​ស្អុយឈ្មោះ​បាត់​មុខ​ពី​ឆាកនយោបាយ។ ឥឡូវ លោក​អាច​នឹង​ត្រលប់មក​ប្រឡូក​នយោបាយ​វិញ​បាន។



ដោយសារ តែ​រឿងអាស្រូវ​ផ្លូវភេទ​ជាច្រើន ពិសេស​រឿង​ពេស្យាចារ​នៅ​សណ្ឋាគារ​Carlton លោក​Dominique Strauss-Kahn ជា​អតីត​ប្រធាន​IMF និង​ជាស​កម្ម​ជ​នយោបាយ​សំខាន់​ក្នុង​បក្ស​កាន់អំណាច​បារាំង​បច្ចុប្បន្ន បាន​បាត់​មុខមាត់​និង​កេរ្តិ៍ឈ្មោះ​ក្នុង​ឆាកនយោបាយ​បារាំង៤ឆ្នាំ​មកហើយ។ រឿងរ៉ាវ​ពេស្យាចារ​នៅ​សណ្ឋាគារ​Carlton បាន​បែកធ្លាយ​ឡើង កាលពី​ឆ្នាំ២០១១ ក្នុងពេល​លោក​Strauss-Kahn នៅ​ជា​ប្រធាន​IMF នៅឡើយ។

កាលនោះ មិត្តភក្តិ​របស់លោក​Strauss-Kahn ពីរ​នាក់ បានរៀបចំ​កម្មវិធី​ពេល​រាត្រី នៅ​សណ្ឋាគារ​នេះ ដើម្បី​យកចិត្តយកថ្លើម​រូបលោក។ ក្នុង​កម្មវិធី​នេះ មិត្ត​របស់លោក​Strauss-Kahn បានជ្រើសរើស​ស្រីពេស្យា​ច្រើន​នាក់ នៅ​ប៊ែ​ល​ហ្ស៊ិ​ក អោយ​ពួកគេ​ធ្វើដំណើរ​មក​បំរើ​ផ្លូវភេទ​អតីត​ប្រធាន​IMFដល់​សណ្ឋាគារ​Carlton។ ការជ្រើសរើស​ដូច្នេះ ក៏​ដោយសារតែ​មានការ​ស្នើ​ពី​បុគ្គលិក​បំរើការ​ម្នាក់​នៅ​សណ្ឋាគារ​នេះ។ បុរស​នោះ​មាន​មិត្តភក្តិ​ជា​ម្ចាស់​Barមួយកន្លែង​នៅ​បែលហ្ស៊ិក។ ដើម្បីអោយ​មាន​ភ្ញៀវ​ច្រើន​ស្នាក់នៅ​សណ្ឋាគារ គាត់​បាន​សុំស្រីៗពី​Barរបស់​មិត្តភក្តិ​នៅ​បែលហ្ស៊ិក​នោះ អោយមក​បំរើភ្ញៀវ​សណ្ឋាគារ។

លោក Dominique Strauss-Kahn ទទួលស្គាល់ថា លោក​ពិតជា​បានរួម​ភេទ​ជាមួយស្រីៗទាំងនោះ ប៉ុន្តែ លោក​ពុំបាន​ដឹងថា ស្រីៗទាំងនោះ​មាន​អាជីព​ជា​ស្រីពេស្យា​ឡើយ។ ក្រោយ​ការស៊ើបអង្កេត៤ឆ្នាំ​មក តុលាការ​វាយតម្លៃថា ការដែល​អតីត​ប្រធាន​IMF បាន​រួមភេទ​ជាមួយស្រីៗនៅ​សណ្ឋាគារ​នេះ គឺជា​រឿង​ធម្មតា ក្នុងនាម​លោក​ជា​ភ្ញៀវ​សណ្ឋាគារ។ ក្នុង​សំណុំរឿង​នេះដែរ តុលាការ​បាន​លើក​លេ​ែ​ង​ការ​ចោទ​ប្រ្​កាន់​លើ​អ្នកពាក់ព័ន្ធ​ជាង១០នាក់ ទៀតផង​ដែរ។ ដោយឡែក តុលាការ​សម្រេច​អោយ​បុគ្គលិក​សណ្ឋាគារ​ដែល​នាំ​ស្រីពេស្យា​មក​បំរើ ភ្ញៀវ​រូបនោះ អោយ​ជាប់ទោស​ក្រៅ​ឃុំ​បណ្តោះអាសន្ន។ រីឯ​មិត្តភក្តិ​ជា​ម្ចាស់​Bar នៅ​ប៊ែ​ល​ហ្ស៊ិ​ក​វិញ មិនបាន​ជាប់ទោស​អ្វី​ទេ ព្រោះ​គ្មាន​ភស្តុតាង​ចោទប្រកាន់​គ្រប់គ្រាន់។

ដោយឡែក មិត្តភក្តិ​ទាំង២នាក់​របស់លោក​Strauss-Kahn វិញ​បាន​ជាប់ទោស​ពីបទ​ល្មើស​ផ្សេងទៀត គឺ​រឿង​យកលុយ​ក្រុមហ៊ុន​របស់​ពួកគេ មក​ចាយវាយ​ផ្គាប់ចិត្ត​លោក​Strauss-Kahn នៅ​សណ្ឋាគារ​Carlton៕




© រក្សាសិទ្ធិដោយ thmeythmey.com