អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​រៀប​គម្រោង​ពង្រាយ​អាវុធ​ធុន​ធ្ងន់​និង​ទ័ព​ទៅ​អឺរ៉ុប​ខាងកើត
14, Jun 2015 , 3:07 pm        
រូបភាព

ក្រុង​វ៉ាស៊ីនតោន​មាន​គម្រោង​ពង្រាយ​សព្វាវុធ​ធុន​ធ្ងន់​និង​ទ័ព​ជាង៥ពាន់​នាក់​ផង​នៅ​បញ្ឈរជើង​នៅ​តំបន់​បាល់​ទិ​ក និង​អឺរ៉ុប​ខាងកើត។ ​ជុំ​​វិញ​ការពង្រាយ​សព្វាវុធ​ដូច​ត្រៀម​ធ្វើសង្គ្រាម​នេះ បើ​យោងតាម​សារព័ត៌មាន​អាមេរិក The New York Times អាមេរិក​ចង់​ការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន ចៀស​ផុតពី​ការគំរាមកំហែង​របស់​ក្រុង​ម៉ូស្គូ។ ប៉ុន្តែ​បើសិន​មានការ​ពង្រាយ​សព្វាវុធ​មែន ការប្រឈមមុខគ្នា​រវាង​មហាអំណាច​ទាំងពីរ​កាន់តែ​កើនឡើង​ខ្លាំង​មិន​ខាន។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពិចារណា​បញ្ជូន​សព្វាវុធ​គ្រប់​ធុន​និង​កងទ័ព​ថ្មើ​ជើង​ទៅកាន់​បណ្តា​រដ្ឋ​អឺរ៉ុប​ខាងកើត​និង​បាល់​ទិ​ក​នៅពេល​ខាងមុខនេះ។ បើតាម​ការដកស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​សារព័ត៌មាន The New York Times អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដែល​គេ​ពិចារណា​បញ្ជូនទៅ​អឺរ៉ុប​ខាងកើត​នោះ​រួមមាន​រថក្រោះ កាំភ្លើង​ធំ និង​សព្វាវុធ​ជាច្រើន​ផ្សេងទៀត រួមជាមួយ​កងទ័ព​ថ្មើ​ជើង​ប្រហែល៥ពាន់​ផ្សេងទៀត ។

បើ​មានការ​សម្រេច​ជា​ផ្លូវការ​ចំពោះ​ការ​សាង​កម្លាំងយោធា​នៅ​តំបន់​អឺរ៉ុប​ខាងកើត​និង​បាល់​ទិ​ក​មែន​នោះ កងទ័ព​និង​សព្វាវុធ​ធុន​ធ្ងន់​ច្រើន​សន្ធឹកសន្ធាប់​នោះ​នឹងត្រូវ​បញ្ឈរជើង​នៅ​បណ្តា​ប្រទេស​មួយចំនួន​ក្នុងនោះ​មាន ឡា​ត់​វី លី​ទុយ​នី អេ​ស្តូ​នី ប៉ូឡូញ ប៊ុល​ការី រ៉ូ​ម៉ា​នី និង​ហុង​គ្រី​ថែមទៀត​ផងដែរ។ ប្រទេស​ទាំងអស់​ខាងលើ​​ត្រូវ​ពិចារណា​ជាមុនថា​នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​ប្រើប្រាស់​ដែនដី​របស់ខ្លួន​ដើម្បី​ដាក់​មូលដ្ឋានទ័ព​ឬក៏​អត់ ព្រោះ​ពួកគេ​នៅ​ភ័យព្រួយ មិនដឹងថា រុស្ស៊ី​នឹង​ប្រតិកម្ម​បែបណា​បើ​បញ្ហា​នេះ​កើតឡើង​មែន​នោះ។

កាលពីថ្មីៗនេះដែរ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ជាមុន​ហើយ ពី​ការបន្ត​តំឡើង​សាច់ដុំ​យោធា​របស់​បក្សសម្ព័ន្ធ​ណា​តូ​ដើម្បី​សំឡុត​គំរាម​រុស្ស៊ី។ លោក​បាន​ផ្ញើរ​សារ​ប្រាប់​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ប្រុងប្រយ័ត្ន​ព្រោះ​រុស្ស៊ី​មិនបាន​កសាង​កម្លាំង​ទ័ព​នៅក្រៅ​ប្រទេស​ឡើយ ប៉ុន្តែ​រុស្ស៊ី​រក្សា​សិទ្ធិ​ស្វ័យការពារ​ឆ្លើយតប​វិញ​រាល់​ការគំរាមកំហែង​បង្កឡើង​ដោយ​ការពង្រីក​អំណាច​យោធា​របស់​ក្រុម​រដ្ឋ​សមាជិក​ណា​តូ។

តាមពិតទៅ សហរដ្ឋអាមេរិក​មាន​ចេតនា​ពង្រាយ​សព្វាវុធ​ទៅ​អឺរ៉ុប ដោយ​ចង់​បញ្ជាក់​ពី​ការទទួលខុសត្រូវ ធានា​ពី​សន្តិសុខ​របស់​បណ្តា​រដ្ឋ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​អឺរ៉ុប​ជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ឲ្យ​រួច​ផុតពី​ការគំរាមកំហែង​ពីរ​ខាងក្រៅ។ ប៉ុន្តែ​បើសិនជា​មានការ​ពង្រាយ​ស​ព្វា​យ​វុ​ធ​ធុន​ធ្ងន់​និង​បញ្ជូន​កងទ័ព​រាប់ពាន់​នាក់​ទៅកាន់​តំបន់​អឺរ៉ុប​មែន វា​នឹង​ក្លាយជា​សកម្មភាព​មួយ​មិន​ធ្លាប់មាន​ពីមុន​ក្រោយ​បញ្ចប់សង្គ្រាម​ត្រជាក់ ហើយ​វា​ក៏​អាច​នឹង​ក្លាយជា​គ្រោះថ្នាក់​មួយ​សម្រាប់​អឺរ៉ុប​ផងដែរ។ ការ​បញ្ឈរជើង​កងទ័ព តំឡើង​សព្វាវុធ​ធុន​ធ្ងន់​នៅតាម​ព្រំដែនក្បែរៗរុស្ស៊ី វា​នឹងធ្វើ​ឲ្យ​ការប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​ផ្នែក​សព្វាវុធ ហើយ​វា​អាច​ឈានដល់​ការប៉ះទង្គិច​គ្នា​ផងដែរ​បើ​គ្មាន​ការគ្រប់គ្រង​ស្ថានការណ៍​ឲ្យ​បាន​ប្រសើរ​ទេនោះ។

ចាប់តាំងពី​មានការ​រួបរួមរ​គ្នា​រវាង​ឧបទ្វីប Crimea ជាមួយ​សហព័ន្ធរុស្ស៊ី​មក សហរដ្ឋអាមេរិក និង​បណ្តា​សមាជិក​ណា​តូ ចាប់ផ្តើម​ផ្តោតលើ​ការកសាង​កម្លាំង​ទ័ព​តាម​ព្រំដែន​រុស្ស៊ី។ សមយុទ្ធ​តូចធំ តាមផ្លូវ​ទឹក ផ្លូវគោក និង​ផ្លូវអាកាស​ត្រូវ​រៀបចំឡើង​ជាប្រចាំ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ប្រទេស​រុស្ស៊ី​ឡើយ។ ចំណែក​រុស្ស៊ី​ក៏​មិន​នៅ​ស្ងៀម​ដែរ ហើយ​ប្រទេស​នេះ​បាន​បន្តធ្វើ​សមយុទ្ធ​តប​វិញ​ដូចគ្នា​តាម​បណ្តោយ​ព្រំដែន​របស់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com