អន្តរជាតិ
តា១០៣ឆ្នាំ និង​យាយ៩១ឆ្នាំ​សម្រេចចិត្ត​រៀបការ ក្រោយ​នៅ​ជាមួយគ្នា២៧ ឆ្នាំ
14, Jun 2015 , 7:59 pm        
រូបភាព
ដោយ: ធីតា
ពួកគាត់​ក្លាយទៅជា​តា​ទួត និង​យាយទួត​អស់​ទៅហើយ ប៉ុន្តែ​George Kirby អាយុ១០៣ឆ្នាំ និង​Doreen Luckie អាយុ៩១ឆ្នាំ មិនបាន​ទុក​ឲ្យ​អាយុ​របស់​ពួកគាត់​មករា​រាំង​បំណង​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​ឡើយ។


ពិធី​រៀបការ​ត្រូវបាន​ធ្វើឡើង​ដោយស្ងាត់ៗ នៅក្នុង​សណ្ឋាគារ​របស់​កូនប្រុស​កូន​ក​ម្លោះ​នៅ​ក្រុង​Eastbourneដោយមាន​ការចូលរួម​ពី​ក្រុមគ្រួសារ​របស់​គូ​ស្វាមី​ភិ​រិ​យា និង​មិត្ត​ស្និទ្ធស្នាល។ ពួកគាត់​ទាំងពីរ​ក្លាយជា​កូន​ក​ម្លោះ​កូនក្រមុំ​ដែល​ចាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយមាន​អាយុ​រួមគ្នា​រហូតដល់ ១៩៤ ឆ្នាំ។ តួលេខ​នេះ​បាន​បំបែក​ឯតទគ្គ​កម្ម​ចាស់​ក្នុង​ឆ្នាំ២០០២ដែល​កូន​ក​ម្លោះ​កូនក្រមុំ​មាន​អាយុ​បូក​ចូលគ្នា​គឺ ១៩១ ឆ្នាំ នេះ​បើតាម​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness ។

ប្តី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​មួយគូ​នេះ​បានរួម​រស់​ជាមួយគ្នា​រយៈពេល ២៧ ឆ្នាំ​មកហើយ។George បាន​និយាយថា កាលពីមុន​ពួកគាត់​មិន​ចង់​គិតគូរ​ពី​រឿង​រៀបការ​ទេ តែ​នៅ​ទីបំផុត ពួកគាត់​ទាំងពីរ​បានសម្រេច​ចិត្ត​រៀបចំ​ពិធី​នេះ។

គួរ​បញ្ជាក់ថា កូន​ក​ម្លោះ​ធ្លាប់ជា​អតីត​កីឡាករ​ប្រដាល់​ដែល​បាន​ឆ្លងកាត់​ការប្រកួត​ប្រមាណ ៦០ ដង ហើយ​គាត់​មិនដែល​ចាញ់​គូប្រកួត​ឡើយ។ ពេលនេះ គូ​ស្វាមីភរិយា​ថ្មី​នេះ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​ត្រូវ​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​កន្លែង​ណា៕


© រក្សាសិទ្ធិដោយ thmeythmey.com