អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កេ​ន​យ៉ា៖ ប្រទេស​អាហ្វ្រិក​គួរ​ឈប់​ផ្តេកផ្តួល​លើ​ជំនួយ​មិន​ស្មោះត្រង់​របស់​បរទេស
14, Jun 2015 , 5:00 pm        
រូបភាព

ប្រមុខរដ្ឋ​កេ​ន​យ៉ា​អំពាវនាវ​ឲ្យ​មេដឹកនាំ​អាហ្វ្រិក​ផ្សេងទៀត​ឈប់​ទទួល​ជំនួយ​បរទេស​ជាពិសេស​ជំនួយ​លោកខាងលិច មុន​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក។ ការស្នើសុំ​នេះ​មិនមែនជា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​កេ​ន​យ៉ាង​ឡើយ ប៉ុន្តែ​ប្រធានាធិបតី​បញ្ជាក់ថា ប្រទេស​ក្រីក្រ ដូច​អាហ្វ្រិក​ត្រូវ​ឈប់​ទទួលយក​ជំនួយ​បរទេស ព្រោះ​រាល​ជំនួយ​មាន​ដាក់​លក្ខខណ្ឌ​ដែល​ពិបាក ទទួលយក​និង​ធ្វើ​ឲ្យ​រដ្ឋ​អាហ្វ្រិក​គ្មាន​សេរីភាព​និង​មិនអាច​ដើរ​ទៅរក​ភាព​រីកចម្រើន​រហ័ស​ឡើយ។


រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន



នេះ​ជា​លើកទីមួយ​ដែល​គេ​ឃើញ​មេដឹកនាំ​អាហ្វ្រិក​ស្រែក​ដ​ង្ហើ​យ​ឲ្យ​បណ្តា​មេដឹកនាំ​អាហ្វ្រិក ឯទៀត​ឈប់​ត្រេកត្រអាល ចំពោះ​ការទទួលបាន​ជំនួយ​លោកខាងលិច។ ម្សិលមិញ​នេះ មុន​បើ​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក​នៅ​ទីក្រុង  Johannesburg  ប្រទេស​អាហ្វ្រិក​ខាងត្បូង ប្រធានាធិបតី​កេ​ន​យ៉ា​លោក Uhuru Kenyatta បានប្រកាស​អំពាវនាវ​ដល់​បណ្តា​មេដឹកនាំ ជា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​សហភាព​អឺរ៉ុប​ទាំង៥៤រដ្ឋ ពិចារណា​ឈប់​ពឹងផ្អែក​ជំនួយ បរទេស​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ទៀត។

មេដឹកនាំ​កេ​ន​យ៉ា​រូបនេះ​បាន​សង្កត់ធ្ងន់ថា វា​ល្មម​ដល់ពេល​ដែល​រដ្ឋ​អាហ្វ្រិក​រៀន​រស់​ដោយ គ្មាន​ជំនួយ​បរទេស​ហើយ ហើយ​វា​ក៏​ជា​ពេលដែល​មេដឹកនាំ​អាហ្វ្រិក​ត្រូវ​គិត​ដែរ ថា​ភាព​រីកចម្រើន សុខដុមរមនា និង​វិបុលភាព​រដ្ឋ​នៅ​អាហ្វ្រិក​មិនមែន​ដោយសារ​អង្គុយចាំ អ្នក​ក្រៅ​ជួយ​ឡើយ។ អ្វីដែល​សំខាន់ ប្រមុខរដ្ឋ​កេ​ន​យ៉ា​ខាងលើ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ជំនួយ​លោកខាងលិច​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មិនអាច​ទទួលយកបាន ហើយ​បើ​អាហ្វ្រិក​នៅតែ បន្ត​ទទួលយក​ទៀត​វា​ប្រាកដ​ណាស់​ថា​ពួកគេ​នឹង​បន្ត​ស្ថិតក្រោម​ឥទ្ធិពល​របស់គេ និង​គ្មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ឡើយ។

ការឈប់​ទទួល​ជំនួយ​បរទេស ជា​រឿង​សាមញ្ញ​សម្រាប់​កេ​ន​យ៉ា​ទៅហើយ ព្រោះ​ប្រទេស​នេះ លូតលាស់​ទៅមុខ​ដោយ​ពឹង​លើ​ជំនួយ​ចន្លោះ​ពី ៥ទៅ ៦ភាគរយ​នៃ​ចំណូល​សរុប​របស់ខ្លួន ប៉ុណ្ណោះ។ ដែល​នេះ​មានន័យថា បើទោះជា​កេ​ន​យ៉ា​ឈប់​ទទួល​ជំនួយ ក៏​គ្មានអ្វី​ប៉ះពាល់​ដល់ ការរីកលូតលាស់​ទៅមុខ​របស់​ប្រទេសជាតិ​ដែរ។

យ៉ាងណាមិញ ប្រទេស​ជាច្រើន​នៅ​អាហ្វ្រិក​បន្ត​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​ជំនួយ​បរទេស ជាពិសេស​ជំនួយ​បណ្តា​ប្រទេសធំៗដូចជា រដ្ឋ​សហភាព​អឺរ៉ុប អាមេរិក និង​ចក្រភព​អង់គ្លេស ជាដើម ដែល​ពួកគេ​ពិតជា​លំបាក​ក្នុងការ​ប្រកាស​ឈប់​ទទួល​ជំនួយ​នោះ។ វា​ជា​រឿង​ដែល ជៀស​មិន​ផុត​ឡើយ ដែល​លុយ​ជំនួយ​លោកខាងលិច​មានភ្ជាប់​ជាមួយ​នូវ​លក្ខន្តិកៈ ច្រើន​សម្រាប់​រដ្ឋ​ដែល​ត្រូវការ​ជំនួយ ហើយ​រដ្ឋ​ដែល​ទទួល​ជំនួយ ត្រូវ​ធ្វើតាម​បង្គាប់​គេ និង​ផ្គាប់ចិត្ត​គេ​ដូចគ្នា​ដែរ។ 

សូមបញ្ជាក់​បន្តិច​ថា កេ​ន​យ៉ា​រស់នៅ​ដោយ​គ្មាន​ជំនួយ​បរទេស​នៅ​ចន្លោះ​ឆ្នាំ ១៩៩១ ក្រោយ​ពេលដែល​ម្ចាស់ជំនួយ​ធំ​ផ្តាច់ជំនួយ​ដោយសារ​ខឹងសម្បារ​នឹង​អតីត​ប្រធានាធិបតី Daniel arapMoi ដែល​អនុវត្ត​គោលនយោបាយ​រំលោភសិទ្ធិ​មនុស្ស​ផង​នោះ។ រហូតដល់​ឆ្នាំ ២០១៣ នៅពេល​ប្រធានាធិបតី Uhuru Kenyatta ឡើងកាន់តំណែង ទំនាក់ទំនង​កេ​ន​យ៉ា និង​លោកខាងលិច​រឹតតែ​ធ្លាក់ចុះ ដោយ​លោកខាងលិច​ចោទប្រកាន់​មេដឹកនាំ នេះ​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​មុនពេល​បោះឆ្នោត​ឆ្នាំ២០០។ សំណុំរឿង​បង្ក្រាប បាតុករ​មុន​បោះឆ្នោត​របស់​រដ្ឋាភិបាល​កេ​ន​យ៉ា ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ អន្តរជាតិ ប៉ុន្តែ​ការចោទប្រកាន់​ប្រធានាធិបតី​ខាងលើ ត្រូវបាន​ទម្លាក់ចោល​ចុងឆ្នាំ​មុន ព្រោះ​រដ្ឋអាជ្ញា​តុលាការ​មិនអាច​រក​ភស្តុតាង​គ្រប់គ្រាន់​មក​បញ្ជាក់បាន​ថា លោក​ពិតជា​បាន ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com