បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ូ វីរៈ៖ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​អនុប្រធាន២ អាចទៅរួច ព្រោះ...
15, Jun 2015 , 3:50 pm        
រូបភាព
លោក អ៊ូ វីរៈ
លោក អ៊ូ វីរៈ
ភ្នំពេញ៖ ប្រតិកម្ម​ប្រឆាំង​ការរំលោភ​ព្រំដែន​ពី​សំណាក់​ប្រទេស​វៀតណាម​ផង ការប្រកាស​រៀបចំ​មហា​សន្និបាត​គណកម្មាធិកា​រ​កណ្តាល​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​បក្ស និង​លោកនាយក​រដ្ឋមន្ត្រី​បានចាប់ផ្តើម​ធ្វើ​បាឋកថា​ស្តីពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់លោក។ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងមាន​ការងារ​ច្រើន​ត្រូវធ្វើ។ អ្នកស្រាវជ្រាវ និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក អ៊ូ វីរៈ បានផ្តល់​បទសម្ភាសន៍​ដល់​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​ទាំងនេះ។



លោក លាង ដឺ​លុច៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែមាន​ការងារ​ច្រើន​បន្ថែមទៀត​ក្នុងពេល​បច្ចុប្បន្ន។ លើសពី​ដំណែង​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​ក្លាយជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវការ​ទទួលខុស​ត្រូវកា​ន់​តែ​ខ្លាំង​ថែមទៀត។ លើសពីនេះ លោក​ក៏​អាចធ្វើ​បាឋកថា​ប្រាប់​និស្សិត​នៅតាម​មហាវិទ្យាល័យ អំពី​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែល​បញ្ចប់​មូលដ្ឋានទ័ព​ខ្មែរក្រហម​ទាំងស្រុង ជា​បន្តបន្ទាប់ ដូច​លោក​បានចាប់ផ្តើម​ជាមួយ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​នៅ​ថ្ងៃ​ចន្ទ​នេះ។ តើ​លោក​មើលឃើញ​យ៉ាងណា​ពី​ទិដ្ឋភាព​ទាំងនេះ? លោក អ៊ូ វីរៈ៖ រឿង​ធ្វើ​បាឋកថា​និយាយ​អំពី​នយោបាយ​ឈ្នះ​ឈ្នះ​នេះ វា​ជា​រឿង​ដែល​ត្រូវធ្វើ​យូរហើយ។ អ្នកនយោបាយ​នៅ​ស្រុក​គេ ក៏​គេ​ដើរ​ពន្យល់​អំពី​ការវិវត្ត​នយោបាយ​រប​ស់​ប្រទេសជាតិ​អ៊ីចឹង​ដែរ។ ប៉ុន្តែ​អាច​ថា នៅពេលនេះ នៅពេលដែល​សម្តេច​ធ្វើជា​ប្រធាន​គណបក្ស ប្រហែល​អាច​ងាយស្រួល​រៀបចំ​ការធ្វើ​បាឋកថា​ជាង ក៏​អាច​ថា​បាន។

 លោក លាង ដឺ​លុច៖ តើ​ការធ្វើ​បាឋកថា​នេះ មានន័យ​ត្រឹមតែ​ជាការ​រំ​ឮ​ក​ប្រាប់​និស្សិត​បច្ចុប្បន្ន​ដែល​ភាគច្រើន ចាប់កំណើត​ក្នុង​ទស្សវត្សរ៍១៩៩០ ដើម្បី​ឲ្យ​ពួកគេ​បានដឹង​អំពី​ស្នាដៃ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​បាន​បង្រួបបង្រួម​ទឹកដី តាមរយៈ​ការបញ្ចប់​ខ្មែរក្រហម ឬ​យ៉ាងណា?
លោក អ៊ូ វីរៈ៖ លោកនាយក​រដ្ឋមន្ត្រី​ត្រូវ​ព្យាយាម​និយាយ​អំពី​កេរដំណែល​របស់គាត់។ គាត់​បាន​ផ្តួលរំលំ​របប​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៧៩ គាត់​គឺជា​អ្នករៀបចំ​គោលនយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​មូលដ្ឋានទ័ព​ចុងក្រោយ​របស់​ខ្មែរក្រហម​ក្នុង​ឆ្នាំ១៩៩៨ ហើយ​ចុង​ក្រោយនេះ​គាត់​បាន​ចូលរួម​បង្កើត​វប្បធម៌​សន្ទនា​ជាមួយ​គណបក្សប្រឆាំង​ទៀត។ ទាំងអស់នេះ គាត់​ត្រូវ​បង្ហាញ​ដើម្បី​ទាក់ទាញ​យុវជន។

 លោក លាង ដឺ​លុច៖ បានន័យថា ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ។ លោកនាយក​រដ្ឋមន្ត្រី​កំពុង ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​យុវជន​សម្រាប់​គណបក្ស​ផង ហើយ​គាត់​ក៏បាន​បង្ហាញ​ពី​ស្នាដៃ​របស់គាត់​ដែរ?
លោក អ៊ូ វីរៈ៖ បាទ។

លោក លាង ដឺ​លុច៖ និយាយ​អំពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ម្តង។ សម្រាប់​លោក អ៊ូ វីរៈ តើ​វា​អាចទៅរួច​ទេ ដែល​គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​អនុប្រធាន២រូប?
លោក អ៊ូ វីរៈ៖ គ្មាន​អ្វីដែល​មិនអាច​ទៅរួច​នោះទេ។ ហើយ​វា​នឹង​ក្លាយជា​សញ្ញា​ល្អ​មួយ​ទៀតផង។ វា​អាចជា​សារ​មួយ​របស់​គណបក្ស​ដែល​ចង់​ផ្ញើ​ទៅ​អ្នកគាំទ្រ​របស់ខ្លួន​ថា វា​មិនមាន​អ្វី​ប្រែប្រួល​ក្រោយ​មរណភាព​របស់លោក ជា ស៊ីម នោះទេ។ ផ្ទុយទៅវិញ គឺមាន​តែ​ភាព​ល្អូកល្អិន។ ម្យ៉ាងទៀត យើង​ក៏​កត់សម្គាល់​អំពី​ការផ្តល់​គោរមងារ ដល់​លោក ស ខេង និង​លោក សាយ ឈុំ នៅពេល​នេះដែរ។  បើ​និយាយ​អំពី​លទ្ធភាព​ដែល​គណបក្ស​នេះ អាចមាន​អនុប្រធាន២រូបនោះ ដោយ​ក្នុងនោះ​មាន​រូបលោក សាយ ឈុំ ដែរ ដូច្នេះ​គេ​ត្រូវ​សួរ​អំពី​បេក្ខភាព​អគ្គលេខាធិការ​បក្ស​បន្តទៀត។

លោក លាង ដឺ​លុច៖
ក្នុងករណីនេះ បើតាម​លោក​យល់ តើ​អ្នកណា​អាចជា​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា?
លោក អ៊ូ វីរៈ៖  គណបក្ស​នេះ​គោរព​លេខ​រៀង​រចនាសម្ព័ន្ធ​ណាស់។ ប៉ុន្តែ​យោបល់​ខ្ញុំ គណបក្ស​នេះ​គួរតែ​រក​ឲ្យ​បាន​បេក្ខភាព​ក្មេង ដែលមាន​សមត្ថភាព ហើយ​ដែល​អាច​ធ្វើការ​ជាមួយ​ក្រុម​ឥស្សរជន​ចាស់។

លោក លាង ដឺ​លុច៖
ចុងក្រោយ​ខ្ញុំ​ចង់​ជម្រាបសួរ​លោក​អំពី​ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​សំណុំរឿង​អាជ្ញាធរ​វៀតណាម​ជីក​ស្រះ​ទឹក​លើ​ទឹកដី​កម្ពុជា។ លោក​យល់​យ៉ាងណាដែរ?
លោក អ៊ូ វីរៈ៖ បញ្ហា​នេះ​ខ្ញុំ​ពិបាក​ស្មាន​ណាស់។ ប៉ុន្តែ​ខ្ញុំ​ថា វា​ចាំបាច់​ក្នុង​ការបង្ហាញ​ប្រតិកម្ម។ ខ្ញុំ​មិន​យល់ថា ហេតុអ្វី​បានជា​វៀតណាម​មក​ជីក​ស្រះ​នៅ​ទីនោះ? ម្យ៉ាងទៀត រដ្ឋាភិបាល​កម្ពុជា​ហាក់​នៅ​លាក់លៀម អំពី​ការប្រើប្រាស់​ផែនទី​កំណត់ព្រំដែន​ជាមួយ​វៀតណាម។ ខ្ញុំ​ថា​រឿងនេះ​នៅ​ស្មុគស្មាញ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com