អន្តរជាតិ
ក្មេងស្រី​ពីរ​នាក់​ជាប់​ពាក់ព័ន្ធ​នៅក្នុង​រឿងក្តី​ចាប់រំលោភ​ជនអនាថា​មួយរូប
15, Jun 2015 , 4:10 pm        
រូបភាព
ដោយ: ធីតា

មនុស្ស​បួន​នាក់​ត្រូវបាន​ជនពិការ​អនាថា​ម្នាក់​ចោទប្រកាន់​ពីបទ​បង្ខាំង​មនុស្ស វាយដំ​លើ​រាងកាយ និង​រំលោភ​សេធ​សន្ថវៈ។ ក្នុងចំណោម​ជនជាប់ចោទ​នោះ​មាន​ក្មេងស្រី​ពីរ​នាក់ ម្នាក់​អាយុ១៤ឆ្នាំ និង​ម្នាក់ទៀត​អាយុ១៦ឆ្នាំ។



ជនរងគ្រោះ​បាន​អះអាងថា ខ្លួន​ត្រូវបាន​បង្ខាំង​ទុក​ក្នុង​ផ្ទះមួយ​នៅ​ក្រុង Lyon រយៈពេល​បី​ថ្ងៃ ហើយ​ទទួលរង​នូវ​ការ​វាយ​ដោយ​ដង​អំបោះ និង​ត្រូវបាន​ចាប់រំលោភ​ផងដែរ។ បើតាម​ការពិនិត្យ​រប​ស់​គ្រូពេទ្យ ជនអនាថា​អាយុ២៤ឆ្នាំនេះ​ពិតជា​មាន​របួស​ដែល​បង្កឡើង​ដោយ​ការចាប់រំលោភ​មែន។ ក្រៅពីនេះ នៅមាន​ស្លាកស្នាម​នៃ​ការវាយដំ និង​រលាត់ស្បែក​ជាដើម។

ប៉ូលិស​បាន​ចុះទៅ​ផ្ទះកើតហេតុ​ដើម្បី​ចាប់ខ្លួន​ជន​ទាំង​បួនរូប​ដែល​ម្នាក់​ជា​ម្តាយ​អាយុ៤២ឆ្នាំ កូនស្រី​អាយុ១៤ឆ្នាំ ក្មួយ​ស្រី​អាយុ១៦ឆ្នាំ និង​បុរស​ជា​បងប្អូន​ជីដូនមួយ​អាយុ២១ឆ្នាំ។ អ្នក​ទាំងនេះ​ត្រូវបាន​អ្នកជិតខាង​ស្គាល់​ថា ជា​មនុស្ស​ដែលមាន​វិបត្តិ​ផ្លូវចិត្ត។ ពួកគេ​សុទ្ធតែ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ខាំង​មនុស្ស និង​រំលោភ​សេធ​សន្ថវៈ។

ប៉ូលិស​មួយរូប​បាន​ឲ្យ​ដឹងថា ម្តាយ និង​ក្មួយ​ស្រី​ជាប់​សង្ស័យ​ធំជាងគេ​ថា​បាន​ចាប់រំលោភ​ជនរងគ្រោះ ឯ​បុរស​ដែលជា​បងប្អូន​ជីដូនមួយ​ជាប់​ពាក់ព័ន្ធ​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​រឿងក្តី​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com