អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​កាំជ្រួច​ប្រឆាំង​នាវា​ថ្មី
15, Jun 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រុង​ព្យុងយ៉ាង សម្រេច​ជោគជ័យ​ក្នុងការ​បាញ់​កា​ជ្រួច​ប្រភេទ​ថ្មី​ដែល​ប្រើប្រាស់​សម្រាប់​ប្រឆាំង​នាវា​រយៈ​ចម្ងាយ​ខ្លី​កាលពី​ម្សិលមិញ​នៅ​ភាគ​ខាងកើត​ប្រទេស។ អាវុធ​ដែល​ត្រូវគេ​បាញ់​សាកល្បង​នោះ​គឺ​ប្រភេទ​KN-01 ដែលជា​អាវុធ​ទំនើប​មួយ ហើយ​បើតាម​ការ​ឲ្យ​ដឹង​ពី​មនុស្ស​ជំនិត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង របប​ដឹកនាំ​នេះ​នឹង​ព្យាយាម​បង្កើន​សមត្ថភាព​កងទ័ព​ជើង​ទឹក​និង​បង្កើន​បច្ចេកវិទ្យា​យោធា​ឲ្យ​ដល់​លំដាប់​ស្តង់ដា​អន្តរជាតិ។


កូរ៉េខាងជើង​ចាប់ផ្តើម​ក្រឡុក​តំបន់​ជាថ្មី​ដោយ​បាញ់​សាកល្បង​អាវុធ​ទំនើប​ថ្មី​របស់ខ្លួន​នៅ​សមុទ្រ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស។ អាវុធ​រយៈ​ចម្ងាយ​ខ្លី​ថ្មី​ត្រូវបាន​ក្រុម​ទាហានជើងទឹក​កូរ៉េខាងជើង​កាលពី​ម្សិលមិញ ដោយ​អាវុធ​នេះ​មាន​ម៉ាក KN-01 ដែលជា​អាវុធ​ប្រឆាំង​នាវា។ ការសម្រេចបាន​អាវុធ​ថ្មី​ទៀត​នេះ​កំពុងតែ​ក្លាយជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ហើយ​ប្រទេសជិតខាង​ជើង​ពិសេស​កូរ៉េខាងត្បូង​ចាត់ទុកជា​ការគំរាមកំហែង​ផង។

តាមពិតទៅ​ការបាញ់​សាកល្បង​ម្សិលមិញ​រៀបចំឡើង​ដោយមាន​ការត្រួតពិនិត្យ​ដោយ​មន្ត្រីជាន់ខ្ពស់​ក្រុង​ព្យុងយ៉ាង​ផង ហើយ​ក្រោយ​សម្រេច​ជោគជ័យ​ហើយ​មេដឹកនាំ​ក្រុង​ព្យុ​យ៉ាង​បានប្រកាស​សាទរ​ចំពោះ​ជោគជ័យ​នេះ​ផងដែរ។  បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua លោក​គីម ជុង​អ៊ុន បាន​សាទរ​ការសម្រេច​ជោគជ័យ​នេះដែរ ដោយ​លោក​សង្កត់ធ្ងន់ថា ជោគជ័យ​នេះ​នឹង​នាំ​ឲ្យ​កងទ័ពជើងទឹក​កូរ៉េខាងជើង​កាន់តែខ្លាំង​និង​អាច​ការពារ​ខ្លួន​ផុតពី​ការគំរាមកំហែង​ខាងក្រៅ។ លោក គីម ជុង​អ៊ុន បានប្រកាស​ប្តេជ្ញា​ផងដែរ​ថា របប​ដឹកនាំ​របស់លោក​នឹង​បន្ត​ប្រឹងប្រែង​ថែមទៀត​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា​របស់ខ្លួន ដើម្បី​ឈានទៅ​ផលិត​អាវុធទំនើបៗផ្សេងទៀត ដើម្បី​បង្កើន​សមត្ថភាព​ការពារជាតិ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត។

កាលពី​ប៉ុន្មាន​ខែ​មុន កូរ៉េខាងជើង​បានធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ភ្ងា​ក់​ផ្អើល​ម្តង​ហើយ ដោយ​របប​ដឹកនាំ​នេះ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​បាញ់​ចេញពី​នាវាមុជទឹក​ស្តង់ដា​ពិភពលោក​ផង។ សហរដ្ឋអាមេរិក និង​ក្រុង​សេ​អ៊ូ​ល ហាក់ដូចជា​មិន​ជឿ​ពី​សមត្ថភាព​ផលិត​អាវុធ​បាន​រហ័ស​របស់​ក្រុង​ព្យុងយ៉ាង​នាពេល​បច្ចុប្បន្ន​ទេ ហើយ​ពួកគេ​អះអាងថា ដើម្បី​ផលិត​អាវុធ​ទាំងនោះ វា​ប្រាកដ​ណាស់​ថា កូរ៉េខាងជើង​ត្រូវ​ចំណាយលុយ​ច្រើនណាស់ ដែល​វា​លើសពី​សមត្ថភាព​របស់​កូរ៉េខាងជើង។    


© រក្សាសិទ្ធិដោយ thmeythmey.com