អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាហ្វ្រិក​ខាងត្បូង​មិន​ចាប់ខ្លួន​ប្រធានាធិបតី​ស៊ូដង់​ជា​បរាជ័យ​ដ៏​ធំ​របស់​តុលាការ ICC
15, Jun 2015 , 7:59 pm        
រូបភាព

កិច្ចប្រជុំ​កំពូល​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាហ្វ្រិក​បានរៀបចំ​ឡើង​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយ​ផ្តោតលើ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច សង្គម និង​ការបង្កើន​ល្បឿន​សមាហរណកម្ម​ក្នុង​តំបន់។ យ៉ាងណាក៏ដោយ បរិយាកាស​ស្មុគស្មាញ​កើតឡើង​ក្នុងពេល​កំពុង​ប្រជុំ ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បានស្នើ​ឲ្យ​អាហ្វ្រិក​ខាងត្បូង​ចាត់វិធានការ​ចាប់ខ្លួន​ប្រមុខរដ្ឋ​ស៊ូដង់​ខាងត្បូង​ក្រោម​ដីការ​ចាប់ខ្លួន​ចេញ​ឆ្នាំ ២០០៩ ក្រោម​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​និង​ប្រឆាំង​មនុស្សជាតិ។ ប៉ុន្តែ​អាហ្វ្រិក​ខាងត្បូង​ទំនងជា​មិន​ស្តាប់បង្គាប់​តុលាការអន្តរជាតិ​ទេ ហើយ​មន្ត្រី​ស្និទ្ធ​ប្រមុខរដ្ឋ​ស៊ូដង់​ក៏បាន​បញ្ជាក់​ហើយ​ថា​លោក​នឹង​ចាក​ចេញទៅ​ប្រទេស​ស៊ូដង់​នៅថ្ងៃនេះ ។ មិនមែនជា​រឿង​ចម្លែក​ឡើយ ដ្បិត​ទ្វីបអាហ្វ្រិក​ធ្លាប់​រិះគន់​តុលាការ​ព្រហ្មទណ្ឌ​នេះ​មិន​សំចៃមាត់ និង​ចាត់ទុក​ស្ថាប័ន​នេះ​ជា​តុលាការ​ចក្រពត្តិ​បង្កើត​ដើម្បី​កាត់ទោស​ប្រជាជន​អាហ្វ្រិក។ ប៉ុន្តែ​ការ​សកម្មភាព​រដ្ឋ​អាហ្វ្រិក​ដូចជា​ព្យាយាម​ការពារ​ឧក្រិដ្ឋជន​និង​ការរំលោភ​សិទ្ធិមនុស្ស។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



បណ្តា​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាហ្វ្រិក កំពុងស្ថិត​នៅក្នុង​ទីក្រុង Johannesburgប្រទេស​អាហ្វ្រិក​ខាងត្បូង ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​កំពូល​លើក​ទី២៥ ដោយ​កិច្ចប្រជុំ​ត្រូវ​បិទ​បញ្ចប់​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះដែរ។  មេដឹកនាំ​ប្រទេស​ទាំង៥៤ ចូលរួម​កិច្ចប្រជុំ​ដើម្បី​ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​កំណត់​ផែនការ​សកម្មភាព​សម្រាប់​ដឹកនាំ​សហភាព​អាហ្វ្រិក​ទៅរក​ភាព​ថ្កុំថ្កើង ត្រចះត្រចង់​ពេលខាងមុខ។ យ៉ាងណាក៏ដោយ បញ្ហា​រាប់រយ​ជំពូក​ស្ទើរ​រាប់មិនអស់​ដែល​រដ្ឋ​សមាជិក​សហភាព​អាហ្វ្រិក​កំពុង​ប្រឈម តាំងពី​បញ្ហា​សន្តិភាព សន្តិសុខ សេដ្ឋកិច្ច សង្គម និង​ការបង្កើន​ល្បឿន​សមាហរណកម្ម​សេដ្ឋកិច្ច និង​នយោបាយ​សហភាព​ទាំងមូល​ផង។ ខណៈពេលដែល​កិច្ចប្រជុំ​កំពុង​ស្មុ​គ្រ​ស្មាញ​ស្រាប់ វត្តមាន​ប្រធានាធិបតី​ស៊ូដង់​លោក Omar al-Bashir (អូ​ស្មា អាល់​បា​ស៊ែរ) នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​បានធ្វើ​បរិយាកាស​អាប់អួរ​និង​ត្រលប់​ទៅរក​ភាពចម្រូងចម្រាស។ នោះ​គឺ​ការទាមទារ​របស់​តុលាការ​ព្រហ្មទណ្ឌ​ឲ្យ​បណ្តា​រដ្ឋ​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជាពិសេស​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ចាប់ខ្លួន​មេដឹកនាំ​ស៊ូដង់​នេះ ក្រោម​អំណាច​ដីកា​ដែល​ចេញ​តាំងពី​ឆ្នាំ ២០០៩មកម្ល៉េះ​នោះ។

 ១. វិបត្តិ​នយោបាយ​ប៊ូ​រ៉ុ​ន​ឌី និង​សង្គ្រាម​ស៊ូដង់​ខាងត្បូង​ដណ្តប់​កិច្ចប្រជុំ​កំពូល​អាហ្វ្រិក
ប្រធានបទ​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​មាន​ច្រើន​ក៏ពិតមែន តែ​បញ្ហា​ចម្រូងចម្រាស​ដែល​មេដឹកនាំ​អាហ្វ្រិក​ជជែក​គ្នា​មិន​ស្វាង​នោះ​គឺ​វិបត្តិ​នយោបាយ​នៅ​ប៊ូ​រ៉ុ​ន​ឌី និង​សង្គ្រាមស៊ីវិល​នៃ​រដ្ឋ​ក្មេងខ្ចី​អាយុ៤ឆ្នាំ ស៊ូដង់​ខាងត្បូង។ វិបត្តិ​នយោបាយ​ប៊ូ​រ៉ុ​ន​ឌី នៅតែ​មិនទាន់​ឈានដល់​ទីបញ្ចប់ ហើយ​គេ​មិនទាន់​ដឹង​ច្បាស់​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ដែរ។វិបត្តិ​នយោបាយ​នៅ​រដ្ឋ​នេះ​ផ្ទុះឡើង​នៅពេលដែល​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​Pierre Nkurunzizaប្រកាស​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ទី​បី ផ្ទុយ​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ត្រឹម២អាណត្តិ​ប៉ុណ្ណោះ។ មហិច្ឆតា​ក្រាញ​អំណាច​បង្ក​ឲ្យ​មាន​បាតុកម្ម​និង​រដ្ឋប្រហារ​មួយ​ផង ហើយ​មកទល់​បច្ចុប្បន្ន​ភាគី​មិនទាន់​ស្រុះស្រួល​គ្នា​បញ្ចប់​បញ្ហា​ជាប់គាំង​នយោបាយ​នេះដែរ។ បញ្ហា​មួយទៀត​គឺ សង្គ្រាមស៊ីវិល​អូសបន្លាយ​ជាង១ឆ្នាំ​នៅ​ស៊ូដង់​ខាងត្បូង។សង្គ្រាមស៊ីវិល​ស៊ូដង់​ខាងត្បូង​មិន​ងាយ​នឹង​បញ្ចប់ បើទោះជា​ភាគី​ជម្លោះ​ប្រធានាធិបតី Salva Kiir និង​ប្រមុខ​ក្រុម​ឧទ្ទាម​លោក Riek Machar ធ្លាប់​ឯកភាព​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ក៏ដោយចុះ។ មនុស្ស​រាប់ម៉ឺន​នាក់​ស្លាប់ និង​រាប់លាន​នាក់​ផ្សេងទៀត​បាត់​ជម្រក​និង​រត់​ភៀសខ្លួន។

២.អាហ្វ្រិក​មិន​ស្តាប់បង្គាប់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
ត្រលប់​មកវិញ រឿង​ស្នើ​ឲ្យ​មានការ​ចាប់ខ្លួន​ប្រធានាធិបតី​ស៊ូដង់​លោក Omar al-Bashir បានធ្វើ​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​ផងដែរ។  ប្រមុខរដ្ឋ​ម្នាក់នេះ​ស្ថិតក្រោម​ការចោទប្រកាន់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​កើតឡើង​នៅ​តំបន់ Darfur ។ តាមពិតទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែលជា​ភាគី​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវមាន​កាតព្វកិច្ច​ឃាត់​ឬ​ចាប់ខ្លួន​ប្រធានាធិបតី​ខាងលើ និង​បញ្ជូន​ខ្លួន​លោក​ទៅកាន់​តុលាការ​ដើម្បី​អនុវត្ត​នីតិវិធី។ ម្សិលមិញ តុលាការ​កំពូល​អាហ្វ្រិក​ខាងត្បូង​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​បិទ​មិន​ឲ្យ​មេដឹកនាំ​ម្នាក់នេះ​ចាកចេញ​ពី​អាហ្វ្រិក​ខាងត្បូង​ឡើយ រង់ចាំ​ដល់​ថ្ងៃ​ចន្ទ​ទើប​តុលាការ​សម្រេច​ចុងក្រោយ​ថា​ត្រូវ​ចាប់ខ្លួន​ឬ​អត់។  គេ​ដឹង​ច្បាស់​ហើយ​ថា រឿង​ចាប់ខ្លួន​មេដឹកនាំ​ស៊ូដង់​នេះ មិនអាច​កើតឡើង​ជាដាច់ខាត ព្រោះ​សហភាព​អាហ្វ្រិក​និង​អាហ្វ្រិក​ខាងត្បូង​ជា​អ្នក​អញ្ជើញ​មេដឹកនាំ​ស៊ូដង់​ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន នី​ហ្សេ​រី​យ៉ា​ក្នុងនាម​ជា​ភាគី​នៃ​លក្ខន្តិក​នេះដែរ បាន​អញ្ជើញ​ប្រមុខរដ្ឋ​ស៊ូដង់​ទៅកាន់​ប្រទេស​ខ្លួន​ដែរ ដោយ​គ្មាន​ខ្វល់​ការរិះគន់​របស់​សហគម​ន៍​អន្តរជាតិ​ឡើយ។ តាំងពីដើម​មក​ប្រធានាធិបតី al-Bashir មិន​ហ៊ាន​ទៅ​រដ្ឋ​ភាគី​តុលាការ​ព្រហ្មទណ្ឌ​ឡើយ សូម្បីតែ​កាលពី​ប៉ុន្មាន​ខែ​មុន​មេដឹកនាំ​នេះ​សុខចិត្ត​លុប​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អាហ្វ្រិក​នៅ​ឥណ្ឌូនេស៊ី ដើម្បី​គេច​ពី​ការចាប់ខ្លួន។

៣. ក្នុង​ក្រសែរ​ភ្នែក​អាហ្វ្រិក តុលាការ​ព្រហ្មទណ្ឌ​ជា​តុលាការ​ចក្រពត្តិ
កន្លងមក តុលាការ​នេះ​បាន​ចោទប្រកាន់​មេដឹកនាំ​អាហ្វ្រិក​ជាច្រើន​នាក់ រួមទាំង​មេដឹកនាំ​កំពុងស្ថិត​ក្នុង​តំណែង​ផង​ដូចដែល​ឃើញស្រាប់​មាន​មេដឹកនាំ​ស៊ូដង់ ប្រធានាធិបតី​កេ​ន​យ៉ា Uhuru Kenyatta និង​អនុ​ប្រធានាធិបតី​កេ​ន​យ៉ា​ផង។ មេដឹកនាំ​អាហ្វ្រិក​ទាំ​អស់​យល់ថា តុលាការ​នេះ​បង្កើត​មក​ដើម្បី​តែ​កាត់ទោស​ប្រទេស​អាហ្វ្រិក ដើម្បី​បម្រើ​ប្រយោជន៍​ប្រទេស​លោកខាងលិច​តែប៉ុណ្ណោះ ។ កាលពី​ឆ្នាំមុន​ដើម្បី​ការពារ​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ឲ្យ​រួច​ពី​ការកាត់ទោស សហភាព​អាហ្វ្រិក​សម្រេច​បោះឆ្នោត​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​មេដឹកនាំ ហើយ​ថែមទាំង​គំរាម​ដកខ្លួន​ចេញពី​ភាគី​នៃ​លក្ខន្តិក​ក្រុង​រ៉ូម​ផងដែរ។ប្រសិនបើ​យើង ធ្វើការ​វែកញែក​អោយបាន​ស៊ីជម្រៅ តុលាការ​មួយ​នេះ ហាក់បីដូច​ជាមាន​ភាព​ខ្វះខាត​តម្លាភាព​និង​ឯករាជភាព​នៃ​តុលាការ ព្រោះ​មាន​ភាពលម្អៀង​ទៅរក​លោកខាងលិច និង​មាន​ភាព​រើសអើង​ប្រាកដ​មែន ខណៈពេលដែល​មហាអំណាច​ខ្លះ​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​លើ​មនុស្សជាតិ តែ​បែរជា​តុលាការ​មិនមាន​ចំណាត់ការ​ទៅវិញ ។ ជាក់ស្តែង​រាប់​ចាប់តាំងពី​ឆ្នាំ ២០០៩ មាន​បណ្តឹង​ច្រើនជាង ៨០០០ មកពី​ប្រទេស​ជាង១៣០ បញ្ជូន​ទៅកាន់​តុលាការ តែ​អ្វីដែល​គួរអោយ​ភ្ងា​ក់​ផ្អើល​នោះ​តុលា​ការបើក​ស៊ើបអង្កេត​តែ​លើ​ប្រទេស​ចំនួន ៧នៅ​ទ្វីបអាហ្វ្រិក និង​ចោទប្រកាន់​ទៅលើ​បុគ្គល​ចំនួន២៧រូប​ប៉ុណ្ណោះ​មកពី​ប្រទេស​ដូចជា​អ៊ូ​ហ្ក​ង់​ដា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្កូ កេ​ន​យ៉ា កូ​ឌី​វ័រ សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ស៊ូដង់ ហ្គី​ណេ​រ និង លី​ប៊ី៕




© រក្សាសិទ្ធិដោយ thmeythmey.com