អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សហភាព​អាហ្វ្រិក​ការពារ​ប្រធានាធិបតី​ស៊ូដង់ និង​រិះគន់​តុលាការ ICC
16, Jun 2015 , 3:31 pm        
រូបភាព
យន្តហោះ​ប្រធានាធិបតី​ស៊ូដង់ បាន​ចាក​ចេញពី​អាហ្វ្រិក​ខាងត្បូង​ដោយ​ស្រួល កាលពី​ម្សិលមិញ ដោយ​គ្មាន​ការអនុវត្ត​ដីកាចាប់ខ្លួន តាម​ការស្នើសុំ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ     ឡើយ។ មិន​ត្រឹមតែ​មិន​ចាប់ខ្លួន​ប៉ុណ្ណោះ​ទេ សហភាព​អាហ្វ្រិក ក៏បាន​ថ្កោលទោស​តុលាការអន្តរជាតិ ដែល​ហ៊ាន​ចេញ​បញ្ជា​ចាប់ខ្លួន ប្រមុខរដ្ឋ​អាហ្វ្រិក​កំពុងស្ថិត​ក្នុង​តំណែង។



មានសំឡេង៖



ខណៈ​គេ​រង់​ចាំមើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ក្នុងការ​អនុវត្ត​ដីកាចាប់ខ្លួន ប្រមុខរដ្ឋ​ស៊ូដង់ លោក Omar al-Bashir ដែល​រង​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​សង្គ្រាម និង​ប្រ ឆាំង​មនុស្សជាតិ  ល្ងាចម្សិលមិញ​យន្តហោះ​ប្រធានាធិបតី​ខាងលើ បាន​ចាក​ចេញពី​អាហ្វ្រិក​ខាងត្បូង ដោយ​សុវត្ថិភាព។ អាហ្វ្រិក​ខាងត្បូង និង​សហភាព​អាហ្វ្រិក មិន​ខ្វល់ខ្វាយ​ចំពោះ​ការរិះគន់​របស់​ស្ថាប័ន​សិទ្ធិមនុស្ស និង​ការអំពាវនាវ​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​ឡើយ។

អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នោះ មិន​ត្រឹមតែ​មិនមាន​ចំណាត់ការ​ឡើយ សហភាព​អាហ្វ្រិក​បែរជា​ចេញមុខ​ថ្កោលទោស តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថែមទៀត ជុំវិញ​រឿង​ចេញ​បញ្ជា​ចាប់ខ្លួន​នេះ។ ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​សហភាព​អាហ្វ្រិក  Joseph Chilengi ចេញមុខ​រិះគន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​យ៉ាង​ចាស់ដៃ ក្នុងពេល​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​សន្និសីទ​កំពូល​ស​ហ​ភាព​អាហ្វ្រិក​នៅ​អាហ្វ្រិក​ខាងត្បូង។ មន្ត្រីជាន់ខ្ពស់​សហភាព​អាហ្វ្រិក បាន​ថ្លែង​ដោយ​សោកស្តាយ​ថា តុលាការអន្តរជាតិ​កំពុង​ព្យាយាម​រារាំង​កិច្ចពិភាក្សា​របស់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាហ្វ្រិក នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ។ ទង្វើរ​នេះ​ជាការ​ប្រមាថ​មួយ ចំពោះ​មេដឹកនាំ​អាហ្វ្រិក និង​សហភាព​អាហ្វ្រិក​ទាំងមូល។

លោក​បាន​បន្ថែមថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គួរតែ​ពិចារណា​ឲ្យ​បានច្បាស់លាស់​មុន​ធ្វើ​សកម្មភាព ព្រោះ​សហភាព​អាហ្វ្រិក ជា​អ្នក​អញ្ជើញ​ប្រ​ធានា​ធីប​តី​ស៊ូដង់ ទៅ​ចូលរួម​កិច្ចប្រជុំ ដែល​នេះ​មានន័យថា លោក​ជា​ភ្ងៀ​វ​របស់​សហភាព​អាហ្វ្រិក មិនមែន​ភ្ងៀ​វ​របស់​អាហ្វ្រិក​ខាងត្បូង​ឡើយ។ រាល់​អ្នកការទូត ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ជា​ភ្ងៀ​វក​ត្តិ​យស សុទ្ធ​តែមាន​អភ័យឯកសិទ្ធិរៀងៗខ្លួន អនុលោម​តាមច្បាប់​អន្តរជាតិ ដែល​គ្មាន​អ្នកណាម្នាក់​អាច​ប៉ះពាល់​បាន​នោះឡើយ។ មន្ត្រីជាន់ខ្ពស់​សហភាព​អាហ្វ្រិក​ខាងលើនេះ ក៏បាន​លើកយក​មាត្រា​ដែលមាន​ចែង​ក្នុង​អនុសញ្ញា​ក្រុង​វ្យ៉ែ​ន ដែល​កំណត់​ពី​អភ័យឯកសិទ្ធិ​ការទូត មក​ធ្វើ​អះអាង​ផងដែរ។  ក្រោយ​បញ្ហា​នេះ​កើតឡើង សហភាព​អាហ្វ្រិក​ទំនងជា​សហការគ្នា ដើម្បី​បង្កើត​តុលាការ​រួមមួយ​ដែលមាន​យុត្តាធិការ​គ្របដណ្តប់​សហភាព​អាហ្វ្រិក​ទាំងមូល ដើម្បី​កាត់ទោស​ជន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដោយ​ឈប់​ពឹងពាក់​ស្ថាប័ន​យុត្តិធម៌​លោកខាងលិច។

តាមពិតទៅ​ក្នុងនាម​ជា​ភាគី​នៃ​លក្ខន្តិក​ក្រុង​រ៉ូម ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាហ្វ្រិក​ខាងត្បូង មាន​កាតព្វកិច្ច​ត្រូវអនុវត្ត​ដីកាចាប់ខ្លួន ប្រធានាធិបតី​ស៊ូដង់ ព្រោះ​តុលាការ​គ្មាន​ទ័ព ឬ​កម្លាំង​ប៉ូលិស​ផ្ទាល់ខ្លួន ដើម្បី​អនុវត្ត​ដីការ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយចុះ បណ្តា​ប្រទេស​អា​ហ្រិ​ក មិន​ពេញចិត្ត​តុលាការ​នេះ​តាំងពី​យូរ​មកហើយ ព្រោះ​តុលាការ​រើសអើង និង​លម្អៀង​ទៅ​លោកខាងលិច។ ការមិន​ស្តាប់បង្គាប់​តុលាការ​ថា​ជា​រឿង​ធម្មតា​ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com