អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ត្រៀមទ័ព​និង​អាវុធ​ប្រឆាំង​តប​បើ​អាមេរិក​ហ៊ាន​ធ្វើ​ឲ្យ​ខ្លួន​ទាល់ច្រក
16, Jun 2015 , 4:42 pm        
រូបភាព

មហិច្ឆតា​សហរដ្ឋអាមេរិក​ចង់​សាង​កម្លាំង​ទ័ព​នៅ​អឺរ៉ុប​ខាងកើត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​រុស្ស៊ី​កំពុង​ធ្វើ​ឲ្យ​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង។ ឆ្លើយតប​បញ្ហា​នេះ រុស្ស៊ី​បាន​ព្រមាន​ឆ្លើយតប​ក្រុង​ក្រុង​វ៉ា​ស៊ីនភ្លាមៗ បើ​មានការ​អាមេរិក​ថ្លើមធំ​ហ៊ាន​បញ្ជូន​ទ័ព និង​ដឹក​អាវុធ​ទៅ​ដាក់​ក្បែរ​ព្រំដែន​ខ្លួន​មែន​នោះ។ ម្សិលមិញ​មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី​បាន សង្កត់ធ្ងន់ថា រុស្ស៊ី​នឹង​ជ្រើស​រើសយក​យុទ្ធសាស្ត្រ​ដែល​គឃ្លើន​និង​កោងកាច​បំផុត​មិន​ធ្លាប់​ក្រោយ​បញ្ចប់​សង្គ្រាមត្រជាក់​ដើម្បី​តបត​វិញ​រាល់​ការគំរាមកំហែង​សន្តិសុខ។ នេះ​ជា​សារ​រុស្ស៊ី​ទៅកាន់​រដ្ឋ​អឺរ៉ុប​ខាងកើត​ដែល​ព្យាយាម​ទទូច​សុំ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ចេញមុខ​ប្រើប្រាស់​អំណាច​យោធា​របស់ខ្លួន​នៅ​ដើម្បី​កំញើញ​រុស្ស៊ី។ ជុំវិញ​បញ្ហា​នេះ បើ​គេ​ព្រួត​គ្នា​រុញ​រុស្ស៊ី​ឲ្យ​ទាល់ច្រក​នោះ វា​ប្រាកដ​ណាស់​ថា រុស្ស៊ី​នឹង​សងសឹក​វិញ​តាម​អ្វីដែល​ខ្លួន​អាចធ្វើ​បាន​ព្រោះ​រុស្ស៊ី​មហាអំណាច​មិនមែន​ប្រទេស​តូចតាច​ឯណា។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



សម្តី​មន្ត្រី​ក្រុង​គៀវ​ថា​ចង់​សុំ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​និង​អាមេរិក ឲ្យ​តំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​ក្នុង​ទឹកដី​ខ្លួន​កន្លងមក​ធ្វើ​ឲ្យ​រុស្ស៊ី​ខឹងសម្បារ​មិនទាន់​បាត់​ឡើយ ។ ស្រាប់តែថ្មីៗនេះ​ទៀត​រុស្ស៊ី​ខឹងច្រឡោត​ជាថ្មី ដោយ​សហរដ្ឋអាមេរិក​ប្រកាសថា​ខ្លួន​មាន​ផែន​ការកសាង​កម្លាំង​ទ័ព​នៅ​អឺរ៉ុប​ខាងកើត​និង​រដ្ឋបាល់​ទិ​ក​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត។ ផែនការ​បញ្ជូន​អាវុធ​ធុន​ធ្ងន់​និង​កងទ័ព​ប្រហែល៥ពាន់​នាក់ របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន មិនទាន់​ត្រូវគេ​សម្រេច​យល់ព្រម​នៅឡើយ​ទេ ហើយ​គេ​ក៏​មិន​រំពឹងថា សកម្មភាព​នេះ​អាច​កើតឡើង​ដែរ។ យ៉ាងណាមិញ បើសិនជា​ស្ថានការណ៍​បែបនេះ​កើតមានឡើង​មែន ការប្រឈមមុខ​ដាក់គ្នា​ដោយ​យោធា​អាច​នឹង​កើនឡើង​ខ្លាំង ។

១.ផែនការ​អាមេរិក បង្ខំ​ឲ្យ​រុស្ស៊ី​ឆ្លើយតប​ដោយ​អាវុធ?
តាំងពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង ដោយ​មានការ​លូកដៃ​ពី​សំណាក់​រដ្ឋាភិបាល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន រដ្ឋ​អឺរ៉ុប​ខាងកើត​ជាពិសេស​ក្រុម​អតីត​រដ្ឋ​សហភាពសូវៀត​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ដ្បិត​ខ្លាច​រុស្ស៊ី​ឈ្លានពាន​ខ្លួន​បន្តទៀត។ តាំងពី​ពេលនោះ​មក បណ្តា​រដ្ឋបាល់​ទិ​កបាន​បន្ត​ទទូច​ស្នើសុំ​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឲ្យ​ផ្តល់​ការការពារ​ខ្លួន​ឲ្យ​ផុតពី​ការគំរាមកំហែង​ខាងក្រៅ។ ដើម្បី​បង្ហាញ​ទៅកាន់​រដ្ឋ​ទាំងនោះ​ថា​ខ្លួន​មាន​ឆន្ទៈ​ពង្រឹង​អំណាច​យោធា​អាមេរិក​ទប់ទល់​រុស្ស៊ី ដើម្បី​ការពារ​សមាជិក​ណា​តូ​ទាំងនោះ អាមេរិក​គ្រោង​ថា​នឹង​ពង្រាយ​ទ័ព​និង​អាវុធ​ទៅ​ទីនោះ។ ប៉ុន្តែ​ត្រង់​ថា​អាមេរិក​ក្លាហាន​ល​កម្រិតណា ដើម្បី​ប្រឈម​ជាមួយ​រុស្ស៊ី​នោះ​មិនទាន់មាន​អ្នកណាម្នាក់​អាច​ស្មាន​បានឡើយ។ យ៉ាងណាមិញ គម្រោងការ​របស់​អាមេរិក​កំពុង​ក្លាយជា​ក្តីបារម្ភ​របស់​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់។ រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បាន​ព្រមាន​អឺរ៉ុប​និង​ក្រុង​វ៉ាស៊ីនតោន កុំ​ព្រួត​គ្នា​រុញ​ឲ្យ​ខ្លួន​ទាល់ច្រក។ បើសិន​រឿងនេះ​កើតមានឡើង​មែន រុស្ស៊ី​គ្មាន​ជម្រើស​អ្វី​ក្រៅពី​លើកទ័ព​ដាក់​តាម​ព្រំដែន​វិញ​ឡើយ។ បើតាម​សម្តី​មន្ត្រី​យោធា​រុស្ស៊ី Yuri Yakubov ក្រុង​ម៉ូស្គូ​នឹង​ពង្រឹងកម្លាំង​ខ្លួន​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងលិច​ជាប់​អឺរ៉ុប ហើយ​ទ័ព​ប្រយុទ្ធ អាវុធ​ធុន​ធ្ងន់ យន្តហោះ​ចម្បាំង​និង​មី​ស៊ី​ល​នឹងត្រូវ​ពង្រាយ​តាម​បន្ទាត់​ព្រំដែន​ដូចគ្នា។ រុស្ស៊ី​មាន​សេរីភាព​ពេញលេញ​ក្នុងការ​ពង្រាយ​ទ័ព តំឡើង​ប្រព័ន្ធ​មី​ស៊ី​ល ធ្វើ​លំ​ហាត់​យោធា​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន ដើម្បី​ធានាថា​គ្មាន​ការគំរាមកំហែង​ពី​ខាងក្រៅ។ ទីតាំង​យុទ្ធសាស្ត្រ​ដែល​រុស្ស៊ី​អាច​នឹង​តំឡើង​កាំជ្រួច​មី​ស៊ី​ល រួមមាន  Kaliningradដែល​ជាប់​លី​ទុយ​នី និង​ប៉ូឡូញ និង​អាច​បន្ថែមចំនួន​ទ័ព​នៅ​មូលដ្ឋានទ័ព​របស់​ខ្លូន​នៅ​បេឡា​រ៉ុ​ស​ផងដែរ។ ការប្រឈមមុខ​ដាក់គ្នា​និង​ប្រណាំងប្រជែង​សព្វាវុធ​នឹង​កើតមានឡើង​ចៀស​មិន​ផុត​ឡើយ បើសិនជា​គម្រោងការ​ក្រុង​វ៉ាស៊ីនតោន​សម្រេច​ជោគជ័យ។រុស្ស៊ី​នៅតែ​ជឿជាក់ថា សហរដ្ឋអាមេរិក​នឹងមិន​បន្ត​បង្ករឿង​និង​ធ្វើ​ឲ្យ​ការប្រឈមមុខ​ដោយ​អាវុធ​កើតឡើង​នៅ​អឺរ៉ុប​ឡើយ។

២.អ្នកនយោបាយ​អាមេរិក​ខ្វែងគំនិត​គ្នា​រឿង​បញ្ហា​អ៊ុយ​ក្រែ​ន ជា​ឧបសគ្គ​ក្នុងការ​សាង​កម្លាំង​អាមេរិក​នៅ​អឺរ៉ុប
យ៉ាងណាក៏ដោយ គោលនយោបាយ​ការបរទេស​រដ្ឋាភិបាល​អាមេរិក ប្រឆាំង​រុស្ស៊ី​នៅក្នុង​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន​នៅតែ​ជា​រឿង​ប្រទាំង​ប្រទើស​និង​ចម្រូងចម្រាស​នៅឡើយ​ក្នុង​បរិបទ​នយោបាយ​អាមេរិក​ខ្លួនឯង។ វា​ប្រាកដ​ណាស់ ដែលមាន​អ្នកនយោបាយ​អាមេរិក​ចង់​ឲ្យ​មានការ​ប្រើប្រាស់​វិធាន​ក្តៅ​ព្រមាន​រុស្ស៊ី​ឲ្យ​ដក​ដៃ​ចេញពី​បញ្ហា​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនមែន​មានន័យថា​រាល់​អ្នកនយោបាយ​នោះឡើយ។ ក្នុង​ន​យោ​យ​បាយ​អាមេរិក​គេ​ផ្តោតលើ​តែ​សមាជិក​បក្ស​ពីរ​ប៉ុណ្ណោះ បន្ត​អ្នកនយោបាយ​ទាំងពីរ​បក្ស​មើលឃើញ​រុស្ស៊ី​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​នប្លែកៗគ្នា។ បក្ស​សាធារណរដ្ឋ ចង់​ឲ្យ​រដ្ឋាភិបាល​អាមេរិក​បញ្ជូន​អាវុធ​សម្លាប់​មនុស្ស​ទៅ​អ៊ុយ​ក្រែ​ន សាង​កម្លាំង​ទ័ព​នៅ​អឺរ៉ុប និង​ចាត់ទុក​រុស្ស៊ី​ជា​គ្រោះថ្នាក់​ខ្លាំង ខណៈ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ភាគតិច​ដែល​យល់​ដូច​បក្ស​សាធារណ។ ផ្នត់គំនិត និង​ការមើលឃើញ​បញ្ហា​ខុសគ្នា​នេះ​របស់​អ្នកនយោបាយ ជា​ឧបសគ្គ​មួយ​សម្រាប់​រដ្ឋា​ភិ​បាល​អាមេរិក ហើយ​ការសម្រេច​អនុញ្ញាត​ឲ្យ​មានការ​ពង្រឹង​អំណាច​យោធា​នៅ​អឺរ៉ុប​ខាងកើត វា​ប្រហែលជា​ត្រូវការ​ពេលវេលា​យូរ ឬ​មិនអាច​ជោគជ័យ​ផង​ក៏​ថា​បាន។

៣.សមាជិក​ណា​តូ​គ្មាន​សាមគ្គីភាព​គ្នា​គាំទ្រ​ការប្រឈមមុខ​ដោយ​អាវុធ​ជាមួយ​រុស្ស៊ី
ជុំវិញ​ការប្រណាំង​ប្រជែង​សព្វាវុធ និង​ការត្រៀមខ្លួន​ដាក់​គំនៀប​លើ​រុស្ស៊ី​ដោយ​ប្រើប្រាស់​យោធា​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​អាមេរិក អាច​រុញច្រាន​ឲ្យ​ភាគី​ធ្លាក់​ក្នុង​សង្គ្រាម ពោលគឺ ណា​តូ អាច​ប៉ះទង្គិច​ជាមួយ​រុស្ស៊ី​ជាយថាហេតុ។ ប៉ុន្តែ​ជាធម្មតា​រឿង​ធ្វើសង្គ្រាម សហរដ្ឋអាមេរិក​តែង​ពឹងពាក់​លើ​ការចូលរួម​របស់​កម្លាំង​ទ័ព​សមាជិក​ណា​តូ។ អាមេរិក​មិនដែល​ចេញមុខ​ទូល​ភ្នំ​តែម្នាក់ឯង​ឡើយ​ដើម្បី​ធ្វើសង្គ្រាម​នៅក្រៅ​ប្រទេស​ដូច្នេះ។ បច្ចុប្បន្ន​សមាជិក​ទាំង ២៨ នៅតែ​ខ្វែងគំនិត​គ្នា​ជុំវិញ​ការប្រឆាំង​រុស្ស៊ី​ដោយ​ប្រើ​កម្លាំងយោធា ហើយ​ភាគច្រើន​នៃ​សមាជិក រួមទាំង​មេដឹកនាំ​ណា​តូ​ផង​នោះ​មាន​ឆន្ទៈ​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​គាំទ្រ​ចំណាត់ការ​ក្រុង​វ៉ាស៊ីនតោន។ ដែល​នេះ​មានន័យថា ណា​តូ​នៅ​ទន់ខ្សោយ និង​មិន​សាមគ្គី​គ្នា​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី​និង​ដើរ​តាម​ជំហរ​អាមេរិក​ឡើយ។ តាមពិតទៅ​រដ្ឋាភិបាល​លោកពូ​ទីន​មើលឃើញ​ពី​ចំណុចខ្សោយ​បក្សសម្ព័ន្ធ​យោធា​នេះ​ជាពិសេស​ការ​មាន​ផលប្រយោជន៍​ផ្សេងគ្នា​របស់​សមាជិក។ អ្វីដែល​សំខាន់​សមាជិក​ភាគច្រើន​របស់​ណា​តូ​សុទ្ធតែ​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី។ សូម្បី​អាល្លឺម៉ង់ អ៊ីតាលី បារាំង​ប៉ូឡូញ តួ​ក​គី ដែលជា​សមាជិក​សំខាន់​របស់​បក្សសម្ព័ន្ធ​យោធា​នេះ​ក៏​មិនដែល​ហ៊ាន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ដែរ ទោះ​ពួកគេ​រង​សម្ពាធ​ក្រុង​វ៉ាស៊ីនតោន​ក៏ដោយ។ កាលពីថ្មីៗកន្លងទៅនេះ ប្រធានាធិបតី រុស្ស៊ី ព្យាយាម​រក​ឱកាស​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​តួ​ក​គី ដោយ​ពិភាក្សា​គម្រោង​សង់​បំពង់​បង្ហូរ​ប្រេង​ពី​រុស្ស៊ី​ទៅ​ប្រទេស​តួ​ក​គី។ ត្រូវ​ចាំ​ថា តួ​ក​គី​ជា​រដ្ឋ​សមាជិក​ដែលមាន​ទ័ព​ក្នុង​ណា​តូ​លំដាប់​ទី២បើសិន​រុស្ស៊ី និង​តួ​ក​គី ល្អូកល្អើន​ជាមួយគ្នា គេ​មិន​សង្ឃឹមថា​ណា​តូ​ចិត្តសឿង​ហ៊ាន​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​ដោយ​ប្រើ​អាវុធ​ឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com