ជាតិ
សង្គមជាតិ
ព្រៃ​ឡង់​ប្រែក្លាយជា​ទីវាល​យ៉ាង​អនាធិបតេយ្យ​ដោយសារ​ក្រុមហ៊ុន​សម្បទាន
24, Jun 2015 , 11:41 am        
រូបភាព
ដោយ:
សហគមន៍ អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន៤៩កំពុង​បារម្ភ​ពី​វាសនា​ព្រៃឈើ សត្វព្រៃ និង​ប្រជា​សហគមន៍​រាប់ម៉ឺន​គ្រួសារ​ដែល​កំពុង​រស់នៅ​ពឹង​ផ្អែកលើ​ការរក​អនុ​វ​ផល​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់ខ្លួន បណ្តាញ​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល លើកឡើងថា​ធនធាន​ទាំងនេះ​នឹង​បាត់បង់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ដោយសារ​ក្រុមហ៊ុន​សម្បទាន​ជាច្រើន​កំពុង​កាប់​រាន​ក្លាយជា​ទីវាល​យ៉ាង​អនាធិបតេយ្យ។បណ្តាញ​សហគមន៍ អង្គការ​ទាំងនោះ ស្នើ​ដល់​រដ្ឋាភិបាល ក្រសួងកសិកម្ម តុលាការ និង​ស្ថាប័ន​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​និង​បញ្ឈប់​ការគំរាមកំហែង​ដល់​សកម្មជន​ព្រៃ​ឡង់​ជាដើម។



របាយការណ៍​ស្រាវជ្រាវ​ថ្នាក់ឃុំ បែប​បរិមាណ​របស់​ប​ណ្តា​ញ​សហគមន៍​ព្រៃ​ឡង់ ដែល​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ស្តីពី«ដំណើរ​ឆ្ពោះទៅរក​វិនាសកម្ម​ព្រៃ​ឡង់»នេះ​ធ្វើឡើង​កាលពី​ខែឧសភា​កន្លងមក បាន​បង្ហាញថា៖ នៅក្នុង​ឃុំ​ចំនួន៣៣ ក្នុង​តំបន់​ព្រៃ​ឡង់ និង​ឃុំ​ផ្សេងទៀត​ដែលជា​ប់​ព្រំប្រទល់​ឃុំ​ទាំង៣៣នេះ មាន​ក្រុមហ៊ុន​សម្បទាន​សរុប​ចំនួន៥៣ក្រុមហ៊ុន ដែល​បាន​ប្រតិបត្តិការ និង​កំពុង​ប្រតិបត្តិការ នេះ​បើ​គិត​ត្រឹម​ចុងឆ្នាំ២០១។ ទំហំ​ដី​សម្បទាន​ទាំងអស់​គឺមាន សម្បទាន​ដី​សេដ្ឋកិច្ច​មាន​ចំនួន​ជាង ២៣ម៉ឺន​ហិកតា (២៣៤,៧៨៤.០៨ ហិកតា)។ សម្បទាន​រ៉ែ​មាន​ចំនួន ២៦ម៉ឺន​ហិកតា (២៦៤,៦៩៣.២៣ ហិកតា)។ សម្បទាន​ព្រៃឈើ​មាន​ចំនួន ៨៨៤.២ ហិកតា និង​សម្បទាន​ដី​សង្គមកិច្ច​មាន​ចំនួន ៤ពាន់​ហិកតា។

ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ គឺធ្វើឡើង​ក្រោមរូបភាព​នៃ​ការផ្តល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​ទាំងនោះ។បណ្តាញ​យុវជន សហគមន៍​ព្រៃឈើ សហគមន៍​ជនជាតិដើម​ភាគតិច អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន៤៩ កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​លើ​ការបាត់បង់​ព្រៃឈើ ដីព្រៃ​ឈើ ជីវចម្រុះ ធនធាន​ជលផល​ជាច្រើន​ទៀត ដែល​ត្រូវបាន​កាប់​បំ​ផ្លា និង​ឈូសឆាយ​ដោយ​ក្រុមហ៊ុន​ដី​សម្បទាន​នៅក្នុង​តំបន់​ព្រៃ​ឡង់។

ការផ្តល់​ដី​សម្បទាន​រាប់ម៉ឺន​ហិកតា​នៅក្នុង​តំបន់​ព្រៃ​ឡង់​នេះ ត្រូវបាន​ក្រុមហ៊ុន​កាប់បំផ្លាញ​ឡើង​រង្គាល និង​ដាំ​ជំនួស​ឡើងវិញ ដោយ​ដើម​កៅស៊ូ ដំឡូង​មី និង​ការធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ជាដើម។

ចំណែកឯ សកម្មជន​ការពារ​ព្រៃ​ឡង់​ដែល​ខិតខំ​ការពារ ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការ​រុករាន​ខុសច្បាប់​របស់​ក្រុមហ៊ុន​ទាំងនេះ តែ​បែរជា​ត្រូវ​រង​នូវ​ការ​គំរាម​សម្លាប់ និង​ការគំរាមកំហែង​នានា​ពី​ជន​ប្រព្រឹត្ត​បទល្មើស មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​មួយចំនួន​ទៅវិញ។

បញ្ហាចម្បងៗទាំងនេះ​ត្រូវបាន​ប្រជា​សហគមន៍​ព្រៃ​ឡង់ បណ្តា​ញយុវជន អង្គការ​ជាតិ​និង​អង្គការ​ជាតិ​ចំនួន៤៩ ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្នើ​ទៅកាន់​រដ្ឋាភិបាល ក្រសួងកសិកម្ម តុលាការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចត់​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅក្នុង​តំ​នប់​ព្រៃ​ឡង់​ជាបន្ទាន់។ ត្រូវដាក់​បញ្ចូល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ជា​តំបន់​សហ​គ្រប់គ្រង​ព្រៃ​ឡង់។ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដល់​មន្ត្រី និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់។ ត្រូវ​បញ្ឈប់​គ្រប់​រូបភាព​គម្រាមកំហែង ពី​ប្រព័ន្ធតុលាការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ចំពោះ​សកម្មជន​ព្រៃ​ឡង់។ ល៕





© រក្សាសិទ្ធិដោយ thmeythmey.com