ជាតិ
សង្គមជាតិ
គណបក្ស​សង្គ្រោះ​ជាតិ៖«ទូរទស្សន៍​ព្រះអាទិត្យ ជា​ញើស​ឈាម​របស់​ពលរដ្ឋ​ខ្មែរ»
27, Jun 2015 , 1:49 pm        
រូបភាព
គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ប្រមូល​វិភាគទាន​ជា​ផ្លូវការ ដើម្បី​បង្កើត​បុ​ស្តិ៍​ទូរទស្សន៍​ថ្មី គឺ​ទូរទស្សន៍​ព្រះអាទិត្យ។  យុទ្ធនាការ​ប្រមូល​ថវិកា នេះ បានធ្វើ​ឡើង​នៅឯ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ហើយនឹង​ត្រូវ​បន្តធ្វើ​រហូត​ទទួលបាន​ថវិកា​គ្រប់៣លាន​ដុល្លារ​សម្រាប់​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ​បាន។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ គឺជា​ញើស​ឈាម​របស់​ប្រជារាស្ត្រ​ខ្មែរ ដែល​ត្រូវ​បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ជាតិ​ពិតប្រាកដ។

 
នៅ​ថ្ងៃទី២៧ខែមិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ប្រមូល​វិភាគទាន នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ។ យុទ្ធនាការ​ប្រមូល​ថវិកា នេះ​នឹង​បន្តធ្វើ​រហូត​ទទួលបាន​ថវិកា​គ្រប់៣លាន​ដុល្លារ​សម្រាប់​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី ដែល​គ្រោង​នឹង​ដំណើរការមុន​ដំណាច់ឆ្នាំ២០១៥នេះ ។ 
 
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិសុទ្ធតែ​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ នឹង​ផ្តល់ព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ បង្ហាញ​ពី​តថភាព​ពិត​របស់​សង្គម ផ្តល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ និង​បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ  មិនមែន​បង្កើតឡើង​ដើម្បី​បម្រើ​ប្រយោជន៍គណបក្ស​នោះទេ។ 
 
នៅក្នុង​កម្មវិធី​ទទួល​វិភាគទាន​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង ថា៖«ទូរទស្សន៍​ព្រះអាទិត្យ គឺជា​ទូរទស្សន៍​ដែល​និយាយ​ការពិត ឥត​ល​ម្លៀ​ង»។ ត្រង់ចំណុច​នេះ លោក សម រង្ស៊ី ចង់​សំដៅ​ទៅលើ​ព័ត៌មាន​ដែល​កន្លងមក​ទូរទស្សន៍​របស់​បក្ស​កាន់អំណាច​មិនបាន​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ដែលមាន​ដូចជា ​ស្ថានការណ៍​ព្រំដែន បញ្ហា​អន្តោប្រវេសន៍ ការកាប់បំផ្លាញ​ព្រៃឈើ ការ​រឹបអូស​យក​ដីធ្លី​ប្រជាពលរដ្ឋ និង​អំពើពុករលួយ​ជាដើម។ 
 
លោក សម រង្ស៊ី ក៏បាន​បញ្ជាក់​ជាថ្មី​ដែរ​ថា ចំនួន​ទឹកប្រាក់​ដែលជា​វិភាគទាន​របស់​ប្រជាពលរដ្ឋម្នាក់ៗមិន​សំខាន់​នោះទេ អ្វីដែល​សំខាន់ គឺ​ទឹកចិត្ត​របស់​អ្នក​ដែល​ផ្តល់​វិភាគទាន​នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បន្តថា៖«នេះ​ជា​ប្រវត្តិសាស្ត្រ​ដែល​គណបក្សប្រឆាំង​នៅ​កម្ពុជា មាន​ទូរទស្សន៍​របស់ខ្លួន ជា​ទូរទស្សន៍​ដែលជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ញើស​ឈាម​របស់​ប្រជារាស្ត្រ​ខ្មែរ»។ 
 
សូមបញ្ជាក់ថា  គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូល​វិភាគទាន​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នៅ​ថ្ងៃទី២៥ខែមិថុនា។ គិត​ត្រឹម​ថ្ងៃត្រង់​ថ្ងៃទី២៧ខែមិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលបាន​វិភាគទាន និង​ទឹកប្រាក់​វិនិយោគ​បាន​ប្រមាណ២០ម៉ឺន​ដុល្លារ​ហើយ ក្នុងនោះ​ទឹកប្រាក់​ប្រមាណ១០ម៉ឺន​ដុល្លារ​ជា​ទឹកប្រាក់​វិនិយោគ និង១០ម៉ឺន​ដុល្លារ​ទៀត ជា​វិភាគទាន និង​អំណោយ​របស់​សប្បុ​រស​ជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។
 
បើតាម​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ  គណបក្ស​សង្គ្រោះ​ជាតិ នឹង​ខិតខំ​ប្រមូល​វិភាគទាន​ឲ្យ​បាន​គ្រប់៣លាន​ដុល្លារ ដើម្បី​សម្រេច​គោលដៅ​ដែល​បានកំណត់​ថា​បុ​ស្តិ៍​ទូរទស្សន៍​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ចុងឆ្នាំ២០១៥ ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ពិចារណា​អំពី​ការប្រមូល​វិភាគទាន​ពី​សប្បុរជន និង​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ និង​ធ្វើយ៉ាងណា​ធានាថា​វិភាគទាន​របស់​ពួកគាត់ បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com