អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ៖ លំហូរ​កម្លាំង​ពលកម្ម​សេរី​អាចជា​បញ្ហា​ធំ​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន
01, Jul 2015 , 7:39 pm        
រូបភាព
កាលបរិច្ឆេទ​កើតឡើង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កាន់តែ​ខិតជិត​មកដល់​ហើយ ស្រប​ពេលដែល​ប្រជាជន​នៃ​ប្រទេស​អាស៊ាន​ទាំង ១០ កំពុង​មរ​មា​ញឹក​ត្រៀមលក្ខណៈ​ដើម្បី​រួមរស់​ជាមួយគ្នា​ក្នុង​សហគមន៍​ជាមួយគ្នា​ក្រោយ​ឆ្នាំ ២០១៥ ។ សហគមន៍​រួម​នឹង​នាំមក​នូវ​លំហូរ​វិនិយោគ សេវាកម្ម ទំនិញ និង​សេរីភាវូបនីយកម្ម​នៃ​កម្លាំង​ពលកម្ម​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង១០ ។ ប៉ុន្តែ ក្រោយ​វិបត្តិ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​កើតឡើង​អ្នកជំនាញ​បាន​ព្រមាន​ថា ចលនា​លំហូរ​កម្លាំង​ពលកម្ម នឹង​បង្កបញ្ហា​ធំ​ដល់​រដ្ឋ​អាស៊ាន​ទាំំ​ង១០ផង​នាពេលខាងមុខ ពេល​សហគមន៍​សេដ្ឋកិច្ច​ផុស​រូបរាង​ជា​ផ្លូវការ។ ក្រៅ​បញ្ហា​លំហូរ​កម្លាំង​ពលកម្ម អ្នកជំនាញ​លើកឡើង​ពី​បញ្ហា​ប្រឈម​ធំ​មួយទៀត​ស្រាប់​សហគមន៍​នេះ។ នោះ​គឺ​អនាគត​នៃ​ចំណង​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​ចិន ដែល​បច្ចុប្បន្ន​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​របស់​អាស៊ាន​មិនអាច​ខ្វះ​បាន។ ទំនាក់ទំនង​អាស៊ាន​និង​ចិន នាពេល​ប​ច្ច​ប្បន្ន​កំពុង​ស្ថិតក្រោម​ការគំរាមកំហែង​ដោយសារ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​សមាជិក​អាស៊ាន​និង​ចិន​ផង។



 សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



ថ្ងៃ ៣១ខែធ្នូ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចេញ​រូបរាង​ជា​ផ្លូវការ។ ប្រជាជន​នៃ​ប្រទេស​អាស៊ាន​ទាំង១០កំពុង​ទន្ទឹងរង់ចាំ ការកើតឡើង​សហគមន៍​នេះ ដោយ​រំពឹងថា​សហគមន៍​នេះ​នឹង​នាំ​ប្រយោជន៍​សម្រាប់​ពួកគេ​ច្រើនជាង​បញ្ហា។ សហគមន៍​សេដ្ឋកិច្ច​នឹង​តម្រូវ​ឲ្យ​រដ្ឋ​សមាជិក​ដកចេញ​របាំង​ពន្ធគយ ទទួល​លំហូរ​ទំនិញ សេវា វិនិយោគទុន និង​ការ​ចល័ត​ទៅមក​របស់​ប្រជាជន​អាស៊ាន​នៅក្នុង​សហគមន៍។ ប្រជាជន​ដែលមាន​ជំនាញ​ប្រសើរ​និង​ច្បាស់លាស់​អាច​ស្វះ​ស្វែងរក​ការងារ​បាន​ដោយ​សេរី​និង​ងាយស្រួល​ផង ប៉ុន្តែ​យ៉ាងណាមិញ ជុំវិញ​លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​នេះ គេ​ក៏​មើលឃើញ​បញ្ហា​ប្រឈម​ធំ​សម្រាប់​សមាជិក​ទាំងមូល​ផងដែរ។ 

១.វិបត្តិ​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន ជា​សំណួរ​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន
ក្នុង​វេទិការ​ធុរកិច្ច​ដែល​ប្រមូលផ្តុំ​ដោយ​អ្នកជំនួញ និង​មេដឹកនាំ​ប្រទេស​អាស៊ាន​រៀបចំឡើង​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ គេ​ឃើញ​មានការ​ពិភាក្សា​ពី​បញ្ហា​ប្រឈមធំៗរបស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្រោយ​ឆ្នាំ ២០១៥ ។ អ្នកចូលរួម​វេទិការ​នេះ នាំគ្នា​ផ្តោត​ការចាប់អារម្មណ៍​លើ​បញ្ហា​លំហូរ​កម្លាំង​ពលកម្ម​របស់​បណ្តា​ប្រទេស​អាស៊ាន​នាពេល​ខាងមុខនេះ ស្រប​ពេលដែល​តំបន់​ទាំងមូល​កំពុង​ដោះស្រាយ​បញ្ហា​វិបត្តិ​ជន​អន្តោ​វេស​ន៍​ពី​បង់​ក្លា​ដែ​ស​និង​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​មិនទាន់បាន​នោះ។ លោក Jingjai Hanchanlash អនុប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ បានបញ្ជាក់​យ៉ាងច្បាស់​ថា សេរីភាវូបនីយកម្ម​នៃ​លំហូរ​កម្លាំង​ពលកម្ម​អាច​នឹង​ក្លាយជា​បញ្ហា​ដ៏​ធំ​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០ មិនមែន​តែ​ជា​បញ្ហា​សម្រាប់​ថៃ​ម្នាក់ឯង​ទេ។ លោក​ស្នើ​ឲ្យ​ប្រទេស​ដទៃទៀត​ពិចារណា​និង​ចោទ​សួរថា ជា​សំណួរ​ថា​តើ​រដ្ឋ​អាស៊ាន​ទាំង​ត្រៀមខ្លួន​ប៉ុណ្ណា​ហើយ​ដើម្បី​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​នានា​ជុំវិញ​លំហូរ​កម្លាំង​ពលកម្ម​នេះ​នៅពេលដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចាប់ផ្តើម​ពេលខាងមុខ។ លោក​បាន​ទាញ​បញ្ហា​ជាក់ស្តែង​គឺ​វិបត្តិ​ជនភៀសខ្លួន​និង​អន្តោរ​ប្រវេសន៍​នៅ​កណ្តាល​សមុទ្រ អាន់ដាម៉ាន់ ដែល​កំពុងស្ថិត​នៅជាប​ញ្ហា​ប្រឈម​ធំ​ដែល​អាស៊ាន​ដោះស្រាយ​មិន​ចេញ​ផង។  បន្ថែម​ពីនេះ​លោក​សង្កត់ធ្ងន់ថា គ្រាន់តែ​សេរីភាវូបនីយកម្ម​លំហូរ​កម្លាំង​ពលកម្ម​មិនទាន់​ចាប់ផ្តើម​ផង ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន​បាន​ទទួលយក​ជនអន្តោប្រវេសន៍​ច្រើនណាស់​ទៅហើយ​ពី​បណ្តា​ប្រទេស​អាស៊ាន​ដូចជា​មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា។ ចុះ​ទម្រាំ​ពេលដែល​សហគមន៍​ចាប់ផ្តើម​ទៀត រឿងរ៉ាវ​វា​ទៅជា​បែបណា​ទៅវិញ។ ជុំវិញ​ចម្ងល់​ចាក់ស្រេះ​គ្មាន​ចម្លើយ អតីត​អគ្គលេខា​អាស៊ាន​លោក Surin Pitsuwan ដែលជា​ស្ថាបនិក​មួយរូប​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​នោះ ជឿជាក់ថា​សេរីភាវូបនីយកម្ម​លំហូរ​កម្លាំង​ពលកម្ម​នេះ​មិនគួរ​ប្រញាប់​ពេក​ទេ តែ​គួរ​ធ្វើ​ពីមួយ​ជំ​ហ៊ាន​ទៅមួយ​ជំ​ហ៊ាន បើ​មិន​ដូច្នេះ​ទេរ​ដ្ឋ​មាន​សេដ្ឋកិច្ច​រីកចម្រើន​ដូច​ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​នឹង​រក​ផលប៉ះពាល់​ខ្លាំងជាងគេ។ អ្វីដែល​អតីត​មេដឹកនាំ​អាស៊ាន​ព្រួយបារម្ភ​គឺ កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​មាន​កម្លាំង​ពលកម្ម​គ្មាន​ជំនាញ​ច្រើនជាង​មាន​ជំនាញ ហើយ​អ្វីដែល​សំខាន់​នោះ​អាស៊ាន​មិនទាន់មាន​ប្រព័ន្ធ​កំណត់​ទទួលស្គាល់​សមត្ថភាព និង​គុណភាព កម្មករ​ជំនាញ​ជារួម​គ្នា​ឡើយ។

សូមបញ្ជាក់ថា អាស៊ាន​ប្រឈម​វិបត្តិ​ជន​អន្តោរ​ប្រវេសន៍​ពី​ប្រទេស​បង់​ក្លា​ដែ​ស និង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​រត់គេច​ពី​គ្រោះ​ថា្នក់​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ផង។ យោងតាម​ស្ថាប័ន​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួន ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា និង​បង់​ក្លា​ដែ​ស​ដែល​ធ្វើដំណើរ​តាម​ទូក​ដោយ​ចាញ់បោក​ឈ្នួ​ញ​ចន្លោះ​ពី​ខែមករា​ដល់​ខែ​មិនា​កើនឡើង​ដល់ ២៥ពាន់​នាក់ ដែល​កើនឡើង​ជិត២ដង​ធៀប​នឹង​រយៈពេល​ស្មើគ្នា​កាលពី​ឆ្នាំមុន។ ហើយ​ជន​ទាំងនោះ​ប្រហែល ៣០០នាក់​ស្លាប់បាត់​បង់ជីវិត​កណ្តា​ល​សមុទ្រ​ដោយសារ​អណ្តែត​តែលតោល​គ្មាន​គោលដៅ គ្មាន​ស្បៀងអាហារ និង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ផង។

៣.ជម្លោះ​សមុទ្រ​ចិន​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​សម្រាប់​សហគមន៍​អាស៊ាន
ក្រៅពី​នាំគ្នា​ផ្តោតលើ​អនាគត​នៃ​សហគមន៍​សេដ្ឋកិច្ច​ដែលមាន​ចលនា​លំហូរ​កម្លាំង​ពលកម្ម​ដោយ​សេរី វេទិកា​នេះ​ក៏​ផ្តោតលើ​បញ្ហា​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន​និង​សមាជិក​អាស៊ាន​ផង។ គ្រប់គ្នា​សុទ្ធតែ​ទទួលស្គាល់ថា អនាគត​របស់​ទីផ្សារ​តែមួយ​នៃ​សហ​គន៍​សេដ្ឋកិច្ច​នេះ​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ខាងក្រៅ ហើយ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​អាស៊ាន​ផង។ យោងតាម​របាយការណ៍​សេដ្ឋកិច្ច​អាស៊ាន ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន​កើន​ដល់៥០០ពាន់​លាន ហើយ​ក្នុងពេល៥ឆ្នាំ​ទៅមុខ​នឹង​កើន​ដល់ ១០០០ពាន់​លាន​ដុល្លារ​អាមេរិក​ផង។គ្រប់គ្នា​ព្រួយបារម្ភ​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បច្ចុប្បន្ន ដែល​អាចធ្វើ​ឲ្យ​ចំណងមិត្តភាព​ចិន​និង​អាស៊ាន​ល្អក់​ករក បើសិនជា​ភាគី​មិន​ស្វះស្វែង​ដោះស្រាយ​បញ្ហា​នេះ​ទេ។ ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​សមាគម​ធុរកិច្ច​អាស៊ាន​ចិន បាន បញ្ជាក់ថា អាស៊ាន​បើកទូលាយ​ចំពោះ ការជជែក​រក​ដំណោះស្រាយ​ការទូត​ជាមួយ​ក្រុង​ប៉េកាំង​ដើម្បី​ដោះស្រាយ​បញ្ហា។ លោក​ក៏​ស្នើ​ឲ្យ​សមាជិក​អាស៊ាន​សាមគ្គី​ក្នុង​គោលជំហរ​រួមគ្នា​ដើម្បី​ជជែក​ជាមួយ​ចិន ហើយ​កុំ​បោះបង់​វេទិកា​ដែលមាន​ស្រាប់​សម្រាប់​ដោះស្រាយ មាន​តាំងពី​សន្និសីទ​កំពូល​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស និង​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​ផង។ ចិន​ខ្លួនឯង​ក៏​ដឹង​ច្បាស់​ដែរ​ពី​សារសំខាន់​នៃ​ចំណង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន ដូច្នេះ​រឿង​ដោះស្រាយ​បញ្ហា​រួមគ្នា​អាច​នឹង​បន្ត​ទៅមុខទៀត។ យ៉ាងណាមិញ ដើម្បី​ដោះស្រាយ​និង​ទប់ស្កាត់​បញ្ហា​ប្រឈម អាស៊ាន​និង​ចិន​ត្រូវការ​ក្រម​ប្រតិបត្តិ​ដែលមាន​អនុភាព​គតិយុត្ត​សម្រាប់​ភាគី​ជម្លោះ​ទាំងអស់។ សូម​រំលឹក​បន្តិច​ថា ចិន​និង​អាស៊ាន​បានសម្រេច​បាន​សេចក្តីថ្លែងការណ៍​នយោបាយ គ្មាន​អនុភាព​គតិយុត្តិ​កាលពី​ឆ្នាំ ២០០២ ដែលមាន​គោលបំណង​ជំរុញ​ឲ្យ​ភាគី​ដោះស្រាយ​បញ្ហា​ដោយ​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ផង៕


© រក្សាសិទ្ធិដោយ thmeythmey.com