ជាតិ
សង្គមជាតិ
ក្រសួង​ធនធានទឹក​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​ខ្លាំង
02, Jul 2015 , 8:39 pm        
រូបភាព
ភ្លៀង ផ្គរ រន្ទះ នឹង​កើតមានឡើង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ និង​បណ្តា​ខេត្ត​ក្រុង​ចំនួន៩ ដែល​ស្ថិតនៅក្នុង​តំបន់​ខ្ពង់រាប រួមមាន​គឺ​ខេត្តកំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ តាកែវ ព្រៃវែង ស្វាយរៀង ខេត្តកណ្តាល និង​ក្រុងភ្នំពេញ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាមួយ ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​ខ្លាំង។



នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​សរសេរ​នៅត្រង់ចំណុច​ប្រកាសអាសន្ន​នៅក្នុង​គេហទំព័រ​ខ្លួន​ថា៖«ភ្លៀង ផ្គរ រន្ទះ​កើតមានឡើង​បណ្តា​ខេត្ត​មួយចំនួន​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ។ ខ្យល់​បក់​ខ្លាំង​នៅលើ​ឆ្នេរសមុទ្រ នឹង​នៅលើ​ផ្ទៃសមុទ្រ រលក​សមុទ្រ​អាចមាន​កំពស់​ចាប់ពី១ទៅ២ម៉ែត្រ »។ នាយកដ្ឋាន​ឧតុនិយម បានបង្ហាញ​ពី​ស្ថានភាព​អាកាសធាតុ​ដែល​អាច​នឹង​កើតឡើង​នៅ​តំបន់​ទាំងពីរ​នេះ ត្រូវបាន​បង្ហាញ​ក្នុង​រយៈពេល៣ថ្ងៃ​ជាប់​គ្នា​គឺ​ពី​ថ្ងៃទី២កក្កដា ដល់​ថ្ងៃទី៤ខែកក្កដា ។

លោក អ៊ុំ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម​បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា ស្ថានភាព​អាកាសធាតុ​ដែលមាន​ភ្លៀង ផ្គរ រន្ទះ​នេះ មិនមែន​កើតឡើង​តែ​ក្នុង​រយៈពេល៣ថ្ងៃនេះ​ទេ វា​អាច​បន្ត​កើតមាន​ទៀត ឬក៏​ប្រែប្រួល។ លោក ពន្យល់ថា៖«យើង​ធ្វើការ​ព្យាករណ៍​ពី​ស្ថានភាព​អាកាសធាតុ​រយៈពេល៣ថ្ងៃមុន ដូច្នេះ​លទ្ធផល​នៃ​ការព្យាករណ៍​ក៏​បង្ហាញ៣ថ្ងៃ​ដែរ។ នៅ​ថ្ងៃស្អែក​យើង​ព្យាករណ៍​ទុក​មុន៣ទៀត ដូច្នេះ​ស្ថានភាព​អាកាសធាតុ មិនមែន​មានន័យថា ភ្លៀង ផ្គរ រន្ទះ អាច​កើត​មានតែ​ក្នុង​រយៈពេល៣ថ្ងៃ ដូចដែល​យើង​ជូនដំណឹង​នៅថ្ងៃនេះ​ទេ វា​នឹង​ប្រែប្រួល​ទៀត ដូច្នេះ​ទាមទារ​ឲ្យ​មានការ​តាមដាន​រាល់ថ្ងៃ»។

យ៉ាងណាក៏ដោយ​ប្រធាន​នាយកដ្ឋាន​ឧតុនិយម​រូបនេះ បាន​គូសបញ្ជាក់ថា បាតុភូត​ភ្លៀង ផ្គរ រន្ទះ​នេះ​មិន​កើតមាន​ច្រើន​ដូច​នៅ​ដើមរដូវ​វស្សា​ពី​ខែមេសា ដល់​ខែមិថុនា​នោះទេ។ លោក ថា ចាប់ពី​ខែកក្កដា រហូតដល់​ខែសីហា ស្ថានភាព​ទាំងនេះ​នឹង​បន្ត​ថយ​ជា​លំដាប់ និង​កាន់តែ​តិចទៅៗ នៅ​ចុងរដូវ​គឺ​វស្សា​គឺ​នៅ​ចន្លោះ​ខែតុលា រហូតដល់​សប្តាហ៍​ទី៣នៃ​ខែវិច្ឆិកា។
ជាមួយគ្នា​នោះដែរ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាមួយ​ង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​ខ្លាំង​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com