អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UN សម្រេច​ជា​ឯកច្ឆ័ន្ទ​ដាក់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​ក្នុង​របៀប​វារៈ
04, Aug 2015 , 8:59 am        
រូបភាព
ដោយ:
 
ឆ្នាំ២០១៥ ត្រូវបាន​ស្គាល់​ថា​ជា​ពេល​កំណត់​ចុងក្រោយ​នៃ​ការអនុវត្ត​គោលដៅ​សហសវត្ស​ន៍ របស់​អង្គការសហប្រជាជាតិ។ បញ្ហា​ជាច្រើន​ត្រូវបាន​បន្សល់ទុក​ជាពិសេស ភាពក្រីក្រ ដែល ពិភពលោក ត្រូវ​ចាត់វិធានការ​ដើម្បី​កាត់បន្ថយ និង លុបបំបាត់។ ឆ្លើយតប​នឹង​បញ្ហា​នេះ សមាជិក​អង្គការសហប្រជាជាតិ បានសម្រេច​ជា​ឯកច្ឆ័ន្ទ ដោយ​ដាក់បញ្ចូល​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​និរន្ត​ភាព ដែលជា​គោលដៅ​ថ្មី​ជំនួស​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ន៍​ក្នុង​របៀបវារៈ ដើម្បី​អនុម័ត​ចុងក្រោយ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ខាងមុខនេះ។



ម្សិលមិញ​នេះ សមាជិក​អង្គការសហប្រជាជាតិ​ទាំង១៩៣រដ្ឋ បានសម្រេច​ជា​ឯក​ច្ឆ័​ន​ក្នុងការ ដាក់បញ្ចូល​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព នៅក្នុង​របៀប​វារៈ​ថ្មី​ដើម្បី​អនុម័ត​ចុង ក្រោយ សម្រាប់​អនុវត្ត​រយៈពេល១៥ឆ្នាំ(២០១៥-២០៣០) ។

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព គឺជា​ប្រធានបទ​មួយ ដ៏​ច​ម្រោ​ង​ចម្រាស់​ដែល     សមាជិក​អង្គការសហប្រជាជាតិ​ទាំង១៩៣រដ្ឋ បាន​ឈ្លោះ និង ជជែក​គ្នា​ដើម្បី​ដាក់​ជា​របៀប វារៈ​ដើម្បី​អនុវត្ត​ន៍ចាប់ពី២០១៥តទៅ​នេះ។ គោលដៅ​នេះ មាន​ភាពស្មុគស្មាញ​ច្រើន ជាង​គោល ដៅ​ចាស់ ដែល​បាន​អនុវត្តន៍​កន្លងមក ដោយសារ​មាន​ទិសដៅ​ច្រើន ហើយ​ទិសដៅ​មួយចំនួន ប៉ះពាល់​នឹង​អធិបតេយ្យភាព​របស់រ​ដ្ឋ។ ដូច្នេះ ត្រូវ​ចំណាយពេល​ក្នុងការ​ពិគ្រោះ​យោបល់ ពី​មេដឹកនាំ​រដ្ឋនីមួយៗជាមុន។ 

យ៉ាងណាក៏ដោយ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ជាច្រើនលើក ចុងក្រោយ​ប្រធានបទ​ដ៏​ច​ម្រោ​ង ចម្រាស់ ត្រូវ​ទទួលបាន​ការព្រម​ព្រៀង​ជា​ឯក​ច្ឆ័​ន ពី​រាល់​សមាជិក​របស់​អង្គការ​សហ​ប្រជា ជាតិ។ ក្នុងនោះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​លើកឡើងថា «ការព្រមព្រៀង​ជា​ឯក​ច្ឆ័​ន​គឺជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​ការទទួលយក​របៀបវារៈ​នេះ។ ក៏ ប៉ុន្តែ នឹងមាន​បញ្ហា​ជាច្រើន​ដែល​នឹងត្រូវ​ដោះស្រាយ​នៅពេល​ក្រោយ»។

ដោយឡែក សម្រាប់​ការចំណាយ​នៅក្នុង​ការអនុវត្តន៍​គោលដៅ​ថ្មី​នេះ មិនទាន់​ត្រូវបាន គេ​កំណត់​នៅឡើយ​នោះទេ។ ក៏ប៉ុន្តែ​អ្នកវិភាគ​សេដ្ឋកិច្ច បាន​ប៉ាន់​ស្មានថា ក្នុង​មួយឆ្នាំ​នឹងត្រូវ ចំណាយ​ពី​ចន្លោះ​ប្រមាណ ៣.៣ ទៅ ៤.៥ ពាន់​ពាន់​លាន ដុល្លា​សហរដ្ឋអាមេរិក​សម្រាប់ ការអនុវត្ត​គោលដៅ​នេះ។  

គួរបញ្ជាក់​ផងដែរ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព នឹងត្រូវ​ផ្តោតលើ​បញ្ហា​ប្រឈម សំខាន់​ដូចជា លុបបំបាត់​ភាពក្រីក្រ និង ភាព​អត់​ឃា្ល​ន សមភាព​យែ​ន​ឌ័​រ ប្រឆាំង​ជាមួយ​ការ ផ្លាស់ប្តូរ​អាកាសធាតុ និង បញ្ហា​ប្រឈម​ជាច្រើន​ផ្សេងទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com