អន្តរជាតិ
បុរស​ជនជាតិ​ម៉ា​រ៉ុ​កម្នា​ក់បាន​ស្លាប់​ដោយ​ថប់ដង្ហើម​ក្នុង​វ៉ា​លី​មួយ បន្ទាប់ពី​ប៉ុនប៉ង​ឆ្លងដែន​ចូល​អេ​ស្ប៉ា​ញ
04, Aug 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
បុរស​ជនជាតិ​ម៉ា​រ៉ុ​ក​អាយុ ២៧ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយ​ថប់ដង្ហើម ដោយសារតែ​លាក់ខ្លួន​ក្នុង​វ៉ា​លី​ដែល​ដាក់​ក្នុង​ឃ្លុប​រថយន្ត​នៅលើ​ស្រឡាង​ឆ្ពោះទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ នេះ​បើតាម​ការប្រកាស​របស់​មន្ត្រីប៉ូលិស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ។

 
បងប្រុស​របស់​បុរស​នេះ​មាន​អាយុ ៣៤ ឆ្នាំ​បាន​ឆ្លងដែន​ដោយ​ត្រឹមត្រូវ​តាមច្បាប់ ជាមួយនឹង​រថយន្ត​មួយគ្រឿង​នៅលើ​ស្រឡាង​ដែល​ធ្វើដំណើរ​ពី​ក្រុង Melilla មកកាន់ Almeria ស្ថិតនៅ​ភាគខាងត្បូង​អេ​ស្ប៉ា​ញ។ បងប្រុស​នេះ​ចង់​បញ្ជូន​ប្អូន​ដោយ​ខុសច្បាប់​មកកាន់​ប្រទេស​នេះ ដោយ​លាក់​ប្អូន​របស់ខ្លួន​នៅក្នុង​វ៉ា​លី​ក្នុង​ឃ្លុប​រថយន្ត។ ពេលមកដល់​គោលដៅ ដោយ​សង្កេតឃើញថា ប្អូនប្រុស​លែងមាន​ដង្ហើម បងប្រុស​ក៏បាន​ប្រាប់​ដល់​ក្រុមការងារ​នៅលើ​ស្រឡាង និង​ក្រុម​ជួយសង្គ្រោះ​នៅ​កំពង់ផែ តែ​នៅតែ​មិនអាច​ជួយ​ឲ្យ​ប្អូនប្រុស​បាន​ដដែល។ បងប្រុស​រូបនេះ​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា។
 
គួររម្លឹកថា កាលពី​មីនា​កន្លងទៅនេះ ប៉ូលិស​ក៏បាន​រកឃើញ​ក្មេងប្រុស​ដើមកំណើត Ivory Coast អាយុ ៨ ឆ្នាំ​នៅក្នុង​វ៉ា​លី​របស់​អ្នកដំណើរ​មួយ​ផងដែរ។ រូបភាព​ស្កែ​ន​នៃ​ក្មេងប្រុស​នេះ​នៅក្នុង​វ៉ា​លី​ដែល​ព្យាយាម​ឆ្លងដែន​មកកាន់​អេ​ស្ប៉ា​ញ ដោយសារតែ​ក្តី​នឹករលឹក​ឪពុកម្តាយ ធ្វើ​ឲ្យ​រំជើបរំជួល​ពេញ​ផ្ទៃ​ប្រទេស។ នៅ​ទីបំផុត ក្មេងប្រុស​នេះ​ក៏​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​នេះ​ជា​បណ្តោះអាសន្ន ដើម្បី​ជួបជុំ​ឪពុកម្តាយ។
 
ជា​រៀងរាល់ឆ្នាំ មាន​ជនអន្តោប្រវេសន៍​រាប់ពាន់នាក់​ដែល​ប្រថុយ​ជីវិត​មកកាន់​ទីក្រុង Ceuta និង Melilla ដែលជា​ព្រំដែន​គោក​រវាង​ទ្វីបអាហ្វ្រិក និង​សហភាព​អឺរ៉ុប។ អ្នកខ្លះ​ព្យាយាម​ផ្លោះ​រំលង​របង​កម្ពស់ ៧ ម៉ែត្រ​ដែល​ខណ្ឌ​ចែក​រវាង​ម៉ា​រ៉ុ​ក និង​អេ​ស្ប៉ា​ញ។ ចំណែក​អ្នក​ខ្លះទៀត​ព្យាយាម​មកកាន់​ទឹកដី​អឺរ៉ុប​នេះ​តាម​ផ្លូវទឹក៕
 

Tag:
 ម៉ា​រ៉ុ​ក
 អេ​ស្ប៉ា​ញ
© រក្សាសិទ្ធិដោយ thmeythmey.com