អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ត្រៀម​ជួយ​មី​យ៉ាន់​ម៉ា​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ខូចខាត​ព្រោះ​ទឹក​ជំ​ន់​ឡើងវិញ
05, Aug 2015 , 3:19 pm        
រូបភាព

ក្រុម​សង្គ្រោះ​ចិន​បាន​មកដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ ដើម្បី​បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់។ ក្រុម​សង្គ្រោះ​ត្រូវបាន​គេ​បែងចែក​ជាច្រើន​ក្រុម​និង​ត្រូវ​ចេញ​ជួយសង្គ្រោះ​ប្រជាជន​នៅ​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​នេះ។ ក្រៅពី​បញ្ជូន​ក្រុម​សង្គ្រោះ​ទៅ​ជួយ​ប្រជាជន​មី​យ៉ាន់​ម៉ា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ត្រៀម​ផ្តល់ជំនួយ​ដល់​មី​យ៉ាន់​ម៉ា​ដើម្បី​សាងសង់​សាលារៀន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ឡើងវិញ​នៅ​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ផងដែរ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ម្សិលមិញ​នេះ ក្រុម​សង្គ្រោះ​ចិន​បាន​ទៅដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់។ ក្រុម​សង្គ្រោះ​របស់​ចិន​ជា​ក្រុម​សង្គ្រោះ​អន្តរជាតិ​ដំបូង​បំផុត​ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ដើម្បី​ជួយ​ប្រជាជន​ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់​ព្រោះតែ​មហន្តរាយ​គ្រោះទឹកជំនន់។ បើតាម​មន្ត្រី​មូលដ្ឋាន​អ្នកស្លាប់​ព្រោះតែ​គ្រោះមហន្តរាយ​ទឹកជំនន់​នេះ មាន​សរុប​ជាង៤០នាក់​ហើយ ហើយ​ប្រជាជន​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវគេ​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​រួចរាល់​ហើយ​ដែរ។

ការបញ្ជូន​ក្រុម​សង្គ្រោះ​មកភ្លាមៗរបស់​ចិន​ដើម្បី​ជួយ​ប្រជាជន​មី​យ៉ាន់​ម៉ា​នេះ ត្រូវបាន​គេ​កោតសរសើរ​ច្រើន ហើយ​ចិន​បាន​បញ្ជាក់ថា ការជួយ​ប្រជាជន​មី​យ៉ាន់​ម៉ា​ក្នុង​គ្រា​មាន​អាសន្ន​នេះ​ជា​សកម្មភាព​មនុស្សធម៌​ធ្វើឡើង​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ​ប៉ុណ្ណោះ។

ក្រុម​សង្គ្រោះ​ត្រូវបាន​គេ​បែងចែក​ជាច្រើន​ក្រុម​ដើម្បី​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាជន​នៅ​តំបន់​មួយចំនួន​ដែល​ប្រឈម​ទឹក​លិច​ធ្ងន់ធ្ងរ​ជាងគេ​ក្នុងនោះ​មាន Sagaing  Magway និង​រដ្ឋ​រ៉ា​ក់​ឃិន (Rakhine)។ គ្រាន់តែ​ទៅដល់​មី​យ៉ាន់​ម៉ា​ភ្លាម ក្រុម​សង្គ្រោះ​ទីមួយ​ប្រញាប់​ប្រញាប់​ចាកចេញ​ទៅកាន់​រដ្ឋ​រ៉ា​ក់​ឃិន​ភ្លាម ដើម្បី​សង្គ្រោះ​ប្រជាជន និង​ចែកចាយ​សម្ភារៈប្រើប្រាស់​ចាំបាច់​ដល់​ប្រជាជន​នៅ​ទីនោះ។ ចំណែក ដោយឡែក​ក្រុមទី២ និង​ក្រុមទី​បី ឈរជើង​ចាំ​ចុះ​អន្តរាគមន៍ ករណី​ចាំបាច់ ឬ​ប្រសិនបើ​ក្រុម​សង្គ្រោះ​ទីមួយ​ត្រូវការ​ជំនួយ​ដោយ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង។

ចំណែក​ក្រុម​សង្គ្រោះ​ផ្សេងទៀត​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​ផ្ទាល់​គឺ​លោក  Hong Liang។ លោក Hong Liang បាន​ឲ្យ​ដឹងថា ក្រុម​របស់លោក​បាន​ចាត់ចែង​ធ្វើ​សកម្មភាព​ចែកចាយ​ជំនួយ​ដល់​ប្រជាជន​ពីរលើក​កាលពី​ម្សិលមិញ។ ជំនួយ​លើកទីមួយ​ត្រូវបាន​ផ្តល់​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា ១៥៤៥ គ្រួសារ នៅ​ភាគ​ខាងលិច​ខេត្ត​រ៉ា​ក់​ឃិន​និង​លើក​ទី​ពីរ​ផ្តល់ជូន​ប្រជាជន​ប្រហែល២ម៉ឺន​គ្រួសារ​នៅ​តំបន់ Sagaing ។ ឯកអគ្គរដ្ឋទូត​ចិន​ខាងលើ​ក៏បាន​បញ្ជាក់​ច្បាស់​ផងដែរ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​នឹង​ផ្តល់ជំនួយ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និង​សំណង់​នានា​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​គ្រោះទឹកជំនន់​ឡើងវិញ​ដែរ ក្រៅពី​ជួយសង្គ្រោះ និង​ផ្តល់ជំនួយ​ដល់​ប្រជាជន​ដែល​រងគ្រោះ។

ចំណែក​ប្រជាកសិករ​មី​យ៉ាន់​ម៉ា​ដែល​ខូចខាត​ផលដំណាំ​និង​ស្រូវ​ដោយសារ​ទឹក​ជន​លិច ក្រុង​ប៉េកាំង​នឹង​ផ្តល់​ពូជស្រូវ​និង​ពូជ​គ្រាប់​ធញ្ញជាតិ​ជាដើម ដើម្បី​ឲ្យ​ប្រជាជន​អាចមាន​លទ្ធភាព​ប្រកប​របរ​កសិកម្ម​ឡើងវិញ​ក្រោយ​ទឹក​ស្រក។ បើតាម​ការវាយតម្លៃ​ជារួម ក្រុង​ប៉េកាំង​នឹង​ចំណាយលុយ​ប្រហែលជា ៣សែន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​សង្គ្រោះ​ជំហាន​ដំបូង​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com