អន្តរជាតិ
វេទិកា​មេគង្គ​ក្រោម​ត្រៀម​បង្កើន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ
05, Aug 2015 , 8:39 pm        
រូបភាព
កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីីពីគំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​លើក​ទី៨ បិទ​បញ្ចប់ទៅ​ប្រកបដោយ​ផ្លែផ្កា​ដោយមាន​ការឯកភាព​គ្នា​លើ​ផែនការ​សកម្មភាព រយៈពេល ៥ឆ្នាំ​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ២០២០ ។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដោយមាន​រដ្ឋមន្ត្រី​ប្រទេស​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ក្រោម​ដូចជា​កម្ពុជា វៀតណាម ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ ដោយ​រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ផងដែរ។ បណ្តា​រដ្ឋមន្ត្រី​ទាំងអស់​ឯកភាពគ្នា​ថា​នឹង​បន្ត​បង្កើន​ការ​សហប្រតិបត្តិការ​លើ​វិស័យ​ស្នូល​មួយចំនួន​មានដូចជា សុខាភិបាល ការគ្រប់គ្រង​ធនធានទឹក សន្តិសុខ​ថាមពល បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ​ស្បៀងអាហារ ក៏ដូចជា​សមភាព​ភេទ​ផងដែរ ដែល​វា​នឹង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៅ​អនុតំបន់​ទន្លេមេគង្គ។ ក្រៅពីនេះ​បណ្តា​រដ្ឋ​ជាប់​ដង​ទន្លេមេគង្គ​បន្ត​ស្នើ​ឲ្យ សហរដ្ឋអាមេរិក​តំណាង​ដោយ​រដ្ឋមន្ត្រីការបរទេស ច​ន ឃឺ​រី បន្ត​ជួយ​បង្កើន​ការចែករំលែក​បច្ចេកវិទ្យា និង​បច្ចេកទេស ជួយ​ពួកគេ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន ជាពិសេស​ការ​បម្រែបម្រួល​អាកាសធាតុ ។  

 
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖


 
ប្រទេស​ម៉ាឡេស៊ី​ធ្វើជាម្ចាស់​ផ្ទះ​​រៀបចំ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​វេទិកា​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​លើក​ទី៨នៅ​ថ្ងៃ​ពុធ​នេះ។ គេ​ឃើញ​មាន​វត្តមាន​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​រដ្ឋ​ជាប់​ដង​ទន្លេមេគង្គ​មាន កម្ពុជា វៀតណាម ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃឺ​រី​ផងដែរ។ កិច្ចប្រជុំ​គំនិត​ផ្តួចផ្តើម​ទន្លេមេគង្គ​ក្រោម​នេះ ជា​វេទិកា​ថ្នាក់ខ្ពស់​មួយ​ដែល​ផ្តោតលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​រដ្ឋ​ជាប់​ដង​ទន្លេមេគង្គ ជាមួយ​សហរដ្ឋអាមេរិក​ផ្តោត​វិស័យ​សំខាន់​ជាច្រើន​ដែល​ក្នុងនោះ​រួមមាន​វិស័យ​បរិស្ថាន សុខាភិបាល អប់រំ និង​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន​រូបវ័ន្ត​ក្នុង​តំបន់។
 
 សូម​រំលឹក​បន្តិច​ថា គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម ត្រូវបាន​គេ​ឯកភាពគ្នា​បង្កើតឡើង​ក្នុង​កិច្ចប្រជុំ​រវាង​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម នៅ​ថ្ងៃ ២៣ កក្កដា ឆ្នាំ២០០៩ នៅ​ភូ​កេ​ត ប្រទេស​ថៃ។ ហើយ​នៅក្នុង​ឆ្នាំ ២០១០ ទើប​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​សម្រេច​ចូលរួម​ជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​នេះដែរ។ ដោយសារ​ទន្លេមេគង្គ​ជា​អាយុជីវិត​ប្រជាជន​ដែល​រស់​ជាប់​ដង​ទន្លេ ការគ្រប់គ្រង​ធនធានទឹក និង​ថែរក្សា​ឲ្យ​បាន​នូវ​ជីវចម្រុះ​ជា​អ្វីដែល​ប្រទេស​អស់​ត្រូវ​យកចិត្តទុកដាក់​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ។ 
 
យោងតាម​សុន្ទរកថារ​ដ្ឋ​មន្ត្រី​ការបរទេស​អា​មេ​រិ​ក​ចុះផ្សាយ​ក្រសួងការបរទេស​ថ្ងៃនេះ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មុន​បើក​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ផង​នោះ បាន​ឆ្លៀតឱកាស​និយាយ​លេងសើច​ពី​ឈើច្រត់​ដែល​លោក​កំពុង​ប្រើប្រាស់​ក្រោយពេល​លោក​ដួល​កង់​បាក់ជើង​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។ លោក​បញ្ជាក់ថា លោក​ធ្លាប់​ប្រើប្រាស់​ឈើច្រត់​ដដែល​នេះ​ចំនួន​បី​ដង​រួចមកហើយ ហើយ​ឈើច្រត់​នេះ​ជា​របស់​ប្រធានាធិបតី ច​ន កេ​ណ្ណឺ​ឌី ។
 
ត្រលប់​មកវិញ ក្នុង​កិច្ចប្រជុំ​តំណាង​ប្រទេស​ដែល​ចូលរួមបាន​ជជែក​ពិភាក្សាគ្នា​លើ​សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក និង​ឆ្លៀតឱកាស​ពិភាក្សាគ្នា​លើ​គោលដៅ​ចម្បង​ផ្សេងទៀត​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត ដោយ​ប្រមុខ​ការទូត​អាមេរិក​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះដែរ។  ក្នុង​សុន្ទរកថា លោក ឃឺ​រី បាន​កោតសរសើរ​ប្រទេស​ជា​សមាជិក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាងច្រើន​កន្លងមក ជាពិសេស​គោលដៅ​ដែល​ភាគី​បានកំណត់​កន្លងមក។ មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​ខាងលើ​បាន​ឆ្លៀត​ឳ​កាស​លើកឡើង​ពី​ការចូលរួម​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការជួយជ្រោមជ្រែង​បណ្តា​រដ្ឋ​ជាប់​ដង​ទន្លេមេគង្គ​ផងដែរ​តាម​ការដាក់ទុន​វិនិយោគ​លើ​វិស័យ​ស្នូល​ជាច្រើន។ យោងតាម​សុន្ទរកថារ​ប​ស់លោក ឃឺ​រី ចាប់តាំងពី​បង្កើត​វេទិការ​នេះឡើយ សហរដ្ឋអាមេរិក​បាន​ជួយ​ដាក់ទុន​វិនិយោគ​ច្រើនជាង ១០០លាន​ដុល្លារ​អាមេរិក។ ទុនវិនិយោគ​នេះ ប្រើប្រាស់​ដើម្បី​គាំទ្រ​ឲ្យ​មានការ​ហ្វឹកហ្វឺន បំពាក់បំប៉ន​សមត្ថភាព បង្កើត​វេទិការ​សន្ទនា​រវាង​អ្នកបង្កើត​គោលនយោបាយ ផ្លាស់ប្តូរ​បទពិសោធន៍ មតិយោបល់​រវាង​ប្រជាជន​និង​អ្នកជំនាញ និង បង្កើត​អំណាច​ដល់​ប្រជាជន​ដោ​យកសារ​ជួយ​កសាង​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ធនធាន​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ការអភិវឌ្ឍន៍ ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព។ ប្រទេស​ដែលជា​សមាជិក​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​វេទិកា​នេះ។
 
ក្នុងអំឡុងពេល​ប្រជុំ​ភាគី​វៀតណាម​ដែល​តំណាង​ដោយ​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស Pham Binh Minh បានស្នើ​ទៅ​សម​ភាគី​អាមេរិក​ឲ្យ​បង្កើន​ការវិនិយោគ​ក្នុងការ​គាំទ្រ​បណ្តា​រដ្ឋ​មេគង្គ​ក្នុងការ​សម្រប​ខ្លួន​និង​ដោះស្រាយ​បញ្ហា​ប្រឈម​បម្រែបម្រួល​អាកាសធាតុ។ ការចែករំលែក​បច្ចេក​វិទ្យា និង​បច្ចេកទេស​ជា​វិធីសាស្ត្រ​ចម្បង​មួយ​ដែល​អាច​បង្កើន​សមត្ថភាព​រដ្ឋ​ជាប់​ដង​ទន្លេមេគង្គ​ក្នុងការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​និង​សម្រប​ខ្លួន​ឆ្លើយ​ត​ការប្រែប្រួល​អាកាសធាតុ​សកល។ ប្រទេស​ភាគច្រើន​នៅ​តំបន់​មេគង្គ​កំពុង​ប្រឈម​ផលប៉ះពាល់​ដែល​បង្ក​មកពី​កា​ប្រែប្រួល​អាកាសធាតុ​សាកល ដែល​ក្នុងនោះ​មាន​ប្រទេស​ខ្លះ​ប្រឈម​គ្រោះ​រាំង​ស្ងួ​រ​មិនអាច​ធ្វើស្រែ​ចម្ការ​បាន ឯ​ខ្លះទៀត​ប្រឈម​គ្រោះមហន្តរាយ​ទឹកជំនន់​ជាដើម។  តាមពិតទៅ សមិទ្ធផល​កន្លងមក​ជា​រឿង​ចាស់ ប៉ុន្តែ​បញ្ហា​ថ្មី​ច្រើន​ទៀត​ដែល​បណ្តា​ភាគី​ពាក់ព័ន្ធ​កំពុង​ព្យាយាម​ដោះស្រាយ។ នោះ​គឺ​ការដោះស្រាយ​បញ្ហា​បរិស្ថាន​រក្សា​ឲ្យ​បាន​ប្រព័ន្ធ​អេកូឡូស៊ី និង​លើកកម្ពស់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​តែម្តង។ 
ក្រៅពី​ស្នើឱ្យ​រដ្ឋាភិបាល​អាមេរិក​ផ្តោតលើ​ការបង្កើន​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ដោះស្រាយ​បញ្ហា​បរិស្ថាន រដ្ឋមន្ត្រីការបរទេស​វៀតណាម​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋ​សមាជិក​ទាំងអស់​កំណត់​ផែនការ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ទៅមុខ​ដោយ​ផ្តោតលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លាត​និង​មាន​គុណភាព​ខ្ពស់ នៅក្នុង​តំបន់​វិញ​ម្តង។ លើសពីនេះទៅទៀត លោក​ក៏​ជំរុញ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន គាំទ្រ​គណកម្មការ​មេគង្គ​អន្តរជាតិ​ដើម្បី​បង្កើន​សមត្ថភាព​ស្រាវជ្រាវ បច្ចេកទេស និង​សកម្មភាព​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​និរន្តរភាព អនុតំបន់​ទន្លេមេគង្គ។ បិទ​បញ្ចប់​កិច្ចប្រជុំ រដ្ឋ​សមាជិក​បានសម្រេច​ឯកភាពគ្នា​លើ​ផែនការ​សកម្មភាព​រយៈ​ពេល​ប្រាំ​ឆ្នាំ ២០១៦ដល់ ២០២០ និង​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ផងដែរ៕ 
 
 
 

Tag:
 វេទិកា​មេគង្គ​ក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com