អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី​អះអាងថា​បំណែក​ស្លាប​យន្តហោះ​រកឃើញ​នៅ​កោះ​បារាំង​ពិតជា​របស់​យន្តហោះ​បូ​អ៊ីងMH370
06, Aug 2015 , 9:28 am        
រូបភាព
ដោយ:


នៅ​ថ្ងៃ​ពុធ​ម្សិលមិញ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បានប្រកាសថា បំណែក​យន្តហោះ​ដែល​គេ​រកឃើញ​នៅ​កោះ​Réunion ប្រទេស​បារាំង​នោះ ពិតជា​បំណែក​ស្លាប​យន្តហោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី ជើងហោះហើរMH370 ដែល​បាន​បាត់​ខ្លួន ជាមួយ​មនុស្ស២៣៩នាក់ កាលពី​ខែ​មិនា ឆ្នាំ២០១៤ ប្រាកដ​មែន។ ផ្ទុយទៅវិញ ក្រុម​ជំនាញ​បារាំង​បាន​សំដែង​ការប្រុងប្រយ័ត្ន​នៅឡើយ ចំពោះ​ការសន្និដ្ឋាន​បែបនេះ។



ក្រុម​ជំនាញ​បារាំង​នៅ​ប្រុងប្រយ័ត្ន​ចំពោះ​ការសន្និដ្ឋាន​លើ​អត្តសញ្ញាណ​របស់​បំណែក​យន្តហោះ​ដែល​គេ​រកឃើញ​នៅ​កោះ​Réunion។ ក្រុម​ជំនាញ​បារាំង​មិន​ចង់​ពោល​ពាក្យ​ថា វា​ជា​បំណែក​យន្តហោះ​បូ​អ៊ីង១០០ភាគរយ​ទេ។ អ្នកជំនាញ​បារាំង​គ្រាន់តែ​ប្រាប់ថា ពិតជា​របស់​យន្តហោះ​បូ​អ៊ីង៧៧៧ ដោយសារតែ​លក្ខណៈ​បច្ចេកទេស​និង​ឯកសារ​ពិសេស​ផ្តល់​ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ប៉ុណ្ណោះ។

ឯកសារ​បច្ចេកទេស​នេះ អាចអោយ​ក្រុម​ជំនាញ​ពិនិត្យឃើញថា បំណែក​នេះ​ពិតជា​ស្រដៀង​គ្នា​ទៅនឹង​ស្លាប​យន្តហោះ​បូ​អ៊ីង៧៧៧ ជើងហោះហើរ MH370។ ក្រុម​ជំនាញ​បារាំង​បន្ថែមទៀតថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍៦សីហា​នេះ នឹងមាន​ការពិនិត្យ​វិភាគ​វា​បន្ថែមទៀត ដើម្បី​គូសបញ្ជាក់​បន្ថែមទៀត​ពី​ការសន្និដ្ឋាន​នេះ។

អាជ្ញាធរ​ម៉ាឡេស៊ី​អះអាង​តាំងពី​ថ្ងៃអាទិត្យ​ម្ល៉េះ​ថា បំណែក​យន្តហោះ​ជា​របស់​បូ​អ៊ីង៧៧៧។ គិត​តាំងពី​ប្រភេទ​បូ​អ៊ីង៧៧៧ដាក់​ដំណើរការ​ពី​ឆ្នាំ១៩៩៥មក មានតែ​បូ​អ៊ីង២គ្រឿង​ប៉ុណ្ណោះ ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស។ ទី១គឺ បូ​អ៊ីង​ជើងហោះហើរ​របស់​Asiana Airlines ដែល​បាន​បើក​បុក​ទំនប់​មួយ នៅពេល​ចុះចត​នៅ​San Francisco នៅ​ថ្ងៃ៦ កក្កដា ឆ្នាំ២០១៣។ កាលនោះ យុវជន​ចិន៣នាក់​បាន​ស្លាប់បាត់​បង់ជីវិត។ ទី២ គឺ​បូ​អ៊ីង​របស់​ម៉ាឡេស៊ី​អ៊ែ​រឡាញ​ជើងហោះហើរMH17 ដែល​ត្រូវបាន​គេ​បាញ់​ទំលាក់​នៅ​តំបន់​ជម្លោះ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ១៧កក្កដា ឆ្នាំ២០១៤។ មនុស្ស​ទាំង២៩៨នាក់​ត្រូវស្លាប់​ទាំងអស់។

ឥឡូវនេះ គេ​កំពុង​ចោទ​សួររក​មូលហេតុ​នៃ​គ្រោះថ្នាក់​យន្តហោះ​ជើងហោះហើរ MH370នេះ។ តើ​វា​បាន​ជួប​គ្រោះថ្នាក់​ក្នុងពេល​កំពុង​ហោះហើរ រឺក៏​ពេល​ធ្លា​ក់មក? បំណែក​ដែល​រកឃើញ​នៅ​កោះ​បារាំង​មាន​ទំហំ២ម៉ែត្រការ៉េ​ប៉ុណ្ណោះ។ អ្នកស្រាវជ្រាវ​មួយចំនួន​គិតថា ប្រភេទ​និង​អាយុ​គ្រំ​លៀស​ដែល​តោង​ជាប់​បំណែក​យន្តហោះ​នេះ អាចអោយ​គេ​សន្និដ្ឋាន​ដឹង​ពី​រយៈ​ពេលដែល​បំណែក​យន្តហោះ​ស្ថិតក្នុង​ទឹកសមុទ្រ ដឹង​ពី​សីតុណ្ហភាព​ទឹក និង​ដឹងថា តើ​បំណែក​នេះ​ចេញ​មកពី​ទិស​ណា៕



© រក្សាសិទ្ធិដោយ thmeythmey.com