អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​គ្មាន​ផែនការ​បញ្ជូន​ទ័ព​ទៅ​ច្បាំង​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​ឡើយ
06, Aug 2015 , 3:37 pm        
រូបភាព
 
អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី​លោក  Dmitry Peskov បាន​អះអាងថា រុស្ស៊ី​គ្មាន​ផែនការ​បញ្ជូន​កងទ័ព​របស់ខ្លួន​ទៅ​ច្បាំង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រ​ទេ​ស៊ី​រី​ឡើយ។ ការលើកឡើង​នេះ​កើតមានឡើង​ក្រោយពេល​ដែលមាន​ព័ត៌មាន​ថា រុស្ស៊ី​បញ្ជូន​ទ័ព​ទៅ​ជួយ​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅពេល​ខាងមុខ។ មកទល់ពេលនេះ​រដ្ឋាភិបាល​ស៊ី​រី​មិនបាន​សុំ​ឲ្យ​រុស្ស៊ី​ជួយ​ច្បាំង​ខ្លួន​នៅឡើយ​ទេ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



រុស្ស៊ី​គ្មាន​ផែនការ​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​ស៊ី​រី​ដើម្បី​ច្បាំង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​កំពុង​អុកឡុក​ប្រទេស​ស៊ី​រី​និង​ប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះឡើយ។ នេះ​ជាការ​លើកឡើង​របស់​លេខាធិការ​ទទួលបន្ទុក​កិច្ចការ​ព័ត៌មាន​របស់​ប្រធានាធិបតី​លោក  Dmitry Peskov។

ការលើកឡើង​នេះ​ជាការ​ឆ្លើយតប​នឹង​សំណួរ​បស់​អ្នកសារព័ត៌មាន ដែល​ដាក់​ការសង្ស័យថា​រុស្ស៊ី​កំពុង​រៀបចំ​កងទ័ព​ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម។ មន្ត្រី​ជំនិត​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន រូបនេះ​បាន​សង្កត់ធ្ងន់​ដែរ​ថា រុស្ស៊ី​គ្មាន​ផែនការ​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី​ឡើយ ព្រោះថា មកទល់ពេលនេះ​លោក អាសាដ មិនបាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​ខ្លួន​នោះទេ។

យ៉ាងណាក៏ដោយ ក្រុមអ្នកកាសែត​ដាក់​ការសង្ស័យ និង​ចោទសួរ​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល​រុស្ស៊ី ដោយសារតែ​ឧ​ត្ត​ម​សេនីយ៍​យោធា​ជើង​អាកាស​រុស្ស៊ី​លោក Vladimir Shamanov បញ្ជាក់ថា​កងកម្លាំងរ​បស់​លោក​ចង់​ជួយ​កងទ័ព​ស៊ី​រី ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​កំពុង​វាយ​ដណ្តើម​ទឹកដី​នៅ​ស៊ី​រី និង​បណ្តា​ក្រុម​ភេរវជន​ផ្សេងទៀត​ផងដែរ។ លោក​បាន​អធិប្បាយ​ថា ប្រសិនបើ​ករណី​ដែលមាន​បញ្ជា​ពី​រដ្ឋាភិបាល កងទ័ព​របស់លោក​នឹង​ចេញ​ប្រតិបត្តិការ​ដើម្បី​ជួយ​សហការ​ជាមួយ​កងទ័ព​ស៊ី​រីភ្លាមៗតែម្តង។

ទាក់ទិន​បញ្ហា​នេះ លេខាធិការ​ព័ត៌មាន​របស់​ប្រធានាធិបតី Dmitry Peskov ក៏បាន​លួច​បង្ហើប​ផងដែរ បើទោះជា​បច្ចុប្បន្ន​គ្មាន​ការសម្រេច​ចិត្តជា​ផ្លូវការ​នៅឡើយ​ក៏ដោយ កងទ័ព​ប្រយុទ្ធ​របស់​រុស្ស៊ី​បច្ចុប្បន្ន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ រង់ចាំតែ​បទបញ្ជា​របស់​មេបញ្ជាកា​រ​កងទ័ព​កំពូល លោក វ្ល៉ា​ឌី​មៀ ពូ​ទីន តែប៉ុណ្ណោះ។

គេ​រំពឹងថា រដ្ឋាភិបាល​លោក អាសាដ នឹង​អាច​ស្នើសុំ​ទៅកាន់​លោក ពូ​ទីន ផ្ទាល់​នៅពេល​ខាងមុខ ប្រសិនបើ​កងទ័ព​លោក​មិនអាច​បន្ត​ទ្រាំទ្រ​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ទៀត​នោះ។ រុស្ស៊ី​នឹងមិន​បោះបង់​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​ឡើយ ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។

សូមបញ្ជាក់​ផង​ថា សហរដ្ឋអាមេរិក បាន​ដឹកនាំ​រដ្ឋ​អារ៉ាប់​ដែលជា​ផ្នែក​នៃ​ក្រុម​សម្ព័ន្ធ​អន្តរជាតិ បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទឹកដី​ស៊ី​រី ។ ការប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រប់​នៅ​ស៊ី​រី គ្មាន​ការយល់ព្រម​ជាមុន​ពី​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ឡើយ ដែល​វា​រំលោភ​អធិបតេយ្យ​ស៊ី​រី៕ 
 


Tag:
 ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com