ជាតិ
NGO ស្នើ​ក្រសួង​អប់រំ​រៀបចំ​កន្លែង​ស្នាក់នៅ​ដល់​បេក្ខជន​ប្រឡង​បាក់​ឌុប មកពី​ជនបទ
10, Aug 2015 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាល​អំពាវនាវ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​កន្លែង​ស្នាក់នៅ​រយៈពេល​ខ្លី​ដល់​បេក្ខជន​ប្រឡង​បាក់​ឌុប និង​ទប់ស្កាត់​ការដំឡើងថ្លៃ​សេវាកម្ម​ស្នាក់នៅ អំឡុងពេល​បេក្ខជន​ប្រឡង​បាក់​ឌុប​នៅ​ទូទាំងប្រទេស។  យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ថា ក្រសួង​មិនមាន​លទ្ធភាព​រៀប​ចំក​ន្លែ​ង​ស្នាក់នៅ​នោះទេ លោក​អំពាវនាវ​ម្ចាស់​សេវាកម្ម​ទាំងអស់ គួរ​កុំ​ដំឡើងថ្លៃ​សេវា។


 
នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ ពិនិត្យឃើញថា កាលពី​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៤ ម្ចាស់ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ បាន​ឆ្លៀត​ដំឡើងថ្លៃ​សេវា​ស្នាក់នៅ​អំឡុងពេល​បេក្ខជន​ប្រឡង​មកពី​ជនបទ​ស្នាក់នៅ។ លោក​និយាយថា ទង្វើ​នេះ បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​បេក្ខជន ដោយ​លោក​អះអាងថា ពួកគេ​ភាគច្រើន ជា​សិស្ស​កសិករ​ក្រីក្រ​មកពី​តាម​ទីជនបទ។
 
ដំណោះស្រាយ​បញ្ហា​នេះ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការចំណាយ​បេក្ខជន តំណាង​អង្គការ​សង្គម​ស៊ីវិល លោក សន ជ័យ ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ ផ្នែក​រដ្ឋបាល ទប់ស្កាត់​ការដំឡើងថ្លៃ ស្នាក់​នៅតាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នានា​នៅ តាម​ទី​រួម​ខេត្ត។ ជាងនេះទៀត លោក​ស្នើ​ក្រសួង​អប់រំ គួររៀបចំ​ផ្តល់​កន្លែង​ស្នាក់នៅ​រយៈពេល​ខ្លី​ដល់​បេក្ខជន​មកពី​ជនបទ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​បេក្ខជន។
 
ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក រស់ សា​លីន ប្រាប់ថា បញ្ហា​នេះ​កន្លងមក ក្រសួង​អប់រំ​បាន​សិក្សា​រក​ដំណោះស្រាយ​ដែរ តែ​លោ​កថា ក្រសួង​ពុំមាន លទ្ធិភាព​រៀបចំ​កន្លែង​ស្នាក់​នៅបាន​នោះទេ។ លោក​ថា៖«កន្លងមក យើង​បាន​ពិភាក្សា​ពិនិត្យ មើល​អគារសិក្សា​នៅ​ទំនេរ​ធ្វើជា​កន្លែង​ស្នាក់នៅ​ដល់​បេក្ខជន​ដែរ តែ​អគារ​ទាំងនោះ ពុំមាន​អគ្គិសនី និង​ធានា​សុវត្ថិភាព​គ្រប់គ្រាន់​ដល់​បេក្ខជន ដូចនេះ​យើង​សម្រេច​មិន​យក​គោល ការណ៍​បែបនេះ​ទេ»។ យ៉ាងណា លោក​អំពាវនាវ​ម្ចាស់​សេវាកម្ម​ស្នាក់នៅ​ទូទាំង កុំ​ដំឡើងថ្លៃ សេវាកម្ម ដើម្បី​ចូលរួម​ការកាត់បន្ថយ​ការចំណាយ​របស់​បេក្ខជន។
 
គួរ​បញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ឡើ​នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១។ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ៨៨៤៨៨នាក់ គិត​ទាំង​បេក្ខជន​ប្រឡង​ធ្លាក់​ឆ្នាំមុន ប៉ុន្តែ​តួលេខ​នេះ តិចជាង​ឆ្នាំ២០១៤ ដែលមាន​ដល់​ទៅ ៩១.៣៧៣នាក់។ មណ្ឌល​ប្រឡង​សរុប​មាន ១៤៩ ចែកជា ៣,៥៧៦បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង ២៥ ៕
 

Tag:
 បាក់​ឌុប
  សន ជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com