ជាតិ
សមាសភាព​បក្សនយោបាយ ព្រឹទ្ធសភា និង​រដ្ឋសភា ចូលរួម​ផ្ទៀងផ្ទាត់​ផែនទី​ពី UN
18, Aug 2015 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ដែលមាន​ភារកិច្ច​ទទួល ផ្ទៀងផ្ទាត់ និង​ប្រគល់​ផែនទី លោក ហោ ណាំហុង បាន​សរសេរ​ស្នើសុំ​តំណាង​ព្រឹទ្ធសភា និង​រដ្ឋសភា គណបក្សនយោបាយ តំណាង​រាជបណ្ឌិត្យសភា ព្រមទាំង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា ដើម្បី​ចូលរួម​ពិនិត្យ ផ្ទៀងផ្ទាត់ និង​ធ្វើជា​សាក្សី នៅក្នុង​ការពិនិត្យ​ផែនទី​ដែល​យកមក​ពី​អង្គការសហប្រជាជាតិ។ ទាំង​តំណាង​ព្រឹទ្ធសភា តំណាង​រដ្ឋសភា ទាំង​តំណាង​គណបក្ស នយោបាយ និង​រាជបណ្ឌិត្យសភា បានបង្ហាញ​សមាសភាព​របស់ខ្លួន​ដែល​ត្រូវ​ចូលរួម​ក្នុង​ពិធីប្រគល់ និង​ពិនិត្យ​ផែនទី​ដើមខ្ចី​ពី UN នៅ​ព្រឹក​ថ្ងៃទី២០ សីហា។


 
សមាសភាព​កម្ពុជា​ទាំងអស់​នឹងត្រូវ​ចូលរួម​ទទួល​ផែនទី​ពី​ដៃ​របស់ មន្ត្រី​អង្គការសហប្រជាជាតិ ២រូប​ដែល​នឹង​នាំ​ផែនទី​មកដល់​កម្ពុជា​នៅ​យប់ ម៉ោង១០ថ្ងៃទី១៨សីហា​នេះ ហើយនឹង​ប្រគល់ជូន​គណៈកម្មការ​ចំពោះ​កិច្ច​តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ ព្រឹក​ម៉ោង៩នៃ​ថ្ងៃទី២០សីហា នៅ​វិមាន​សន្តិភាព។
 
តំណាង​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៣រូប​និង​គណបក្ស សម រង្ស៊ី ៣រូប៖
 
បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង សមាសភាព​តំណាង ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៣រូប រួមមាន ១ លោក ជា ជេ​ដ្ឋ ប្រធាន គណៈកម្មការ​ទី២ ព្រឹទ្ធសភា, ២ លោក គង់ សារាជ ប្រធាន​គណៈកម្មការ​ទី៩ និង៣ លោក ម៉ម ប៊ុននាង អនុប្រធាន​គណៈកម្មកា​រ​ទី១០ និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា។ 
 
ដោយឡែក តំណាង​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក គង់ គាំ បញ្ជាក់​សមាសភាព ៣រូប រួមមាន៖ ១ លោក ទាវ វ​ណ្ណុល អនុប្រធាន​គណៈកម្មកា​រ​ទី៧, ២ លោក សេង ម៉ារ​ឌី លេខាធិការ គណៈកម្មការ​ទី១០ និង៣ លោក ចេ​ប គីម​អ៊ាង លេខាធិការ​គណៈកម្មកា​រ​ទី ១ព្រឹទ្ធសភា ។
 
តំណាង​រដ្ឋសភា ពី​គណបក្ស​ប្រជាជន​កម្ពុជា ៣រូប​និង​គណបក្ស​សង្គ្រោះ​ជាតិ ៣រូប៖
 
បើតាម​ការបញ្ជា​ក់រប​ស់លោក ឈាង វុន សមាសភាព​តំណាង​រដ្ឋសភា មកពី​គណបក្ស ប្រជាជន​កម្ពុជា ៣រូប រួមមាន ១ លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​ទី៦ រដ្ឋសភា, ២ លោក ជៀម យៀប ប្រធាន​គណៈកម្មកា​ទី២ និង​លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី៥ ។
 
រីឯ​សមាសភាព​តំណាង​រដ្ឋសភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ ៣រូប លោក អេង ឆៃអ៊ាង បញ្ជាក់ រួមមាន ១ លោក ងឹ​ម ញេ​ង សមាជិក​គណៈកម្មការ​ទី១ រដ្ឋសភា, ២ លោក អ៊ូ ច័ន្ទ​រ័ត្ន សមាជិក​គណៈកម្មការ​ទី១០ និង លោក គឹម​សួរ ភី​រិ​ទ្ធ សមាជិក​គណៈកម្មការ​ទី៦ រដ្ឋសភា។
 
តំណាង​គណបក្សនយោបាយ ១៥រូប ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ៥រូប, គណបក្ស​សង្គ្រោះ​ជាតិ ៥ រូប និង​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ៥រូប៖
 
បើតាម​ការបញ្ជា​ក់រប​ស់លោក សុខ ឥសាន សមាសភាព​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ៥រូប រួមមាន ១ លោក សោម សឿន, ២ លោក សុខ ឥសាន, ៣ លោក កែ ប៊ុន​ឃាង, ៤ លោក ហង្ស ថុល, ៥ លោក ឱក គឹម​ហាន។
 
លោក អេង ឆៃអ៊ាង បញ្ជាក់​ពី​សមាសភាព​ទាំង៥រូប​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ រួមមាន ១ លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ, ២ លោក សេង មារ​ឌី, ៣ លោក ឡុង រី, ៤ លោក កែវ ភារ​ម្យ, ៥ លោក លឹម គឹម​យ៉ា។
 
រីឯ​តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ក៏បាន​ប្រាប់​ផងដែរ រួមមាន ១ លោក យូ ហុកគ្រី, ២ លោក អ៊ឹង ទាស៊ាម, ៣ លោក នុត សុខុម, ៤ លោក សាយ ហាក់ , ៥ លោក ផាន់ សិទ្ធី។
 
ដោយឡែក សមាសភាព​ពី​រាជបណ្ឌិតសភា បើតាម​លោក ឯម សុវណ្ណារ៉ា រួមមាន៖១ លោក សុខ ទូច, ២ លោក គិ​ន ភា, ៣ លោក យ៉ង់ ពៅ, ៤ លោក ហ៊ាន ស្រស់។
 
ក្រៅពីនេះ គណៈកម្មការ​ចំពោះ​កិច្ច​ក៏បាន​អញ្ជើញ​តំណាង ២រូប​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ និង២រូប​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែរ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយ ដើម្បី​ទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី ដោយមាន​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​ខ្មែរ​គឺជា​ប្រធាន បន្ទាប់ពី​បានទទួល​ព័ត៌មាន​ជា​ផ្លូវការ​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន អំពី​ការយល់ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី។ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម គឺជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​នេះ៕
 

Tag:
 ផែនទី
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com