ជាតិ
ក្រសួង​ប្រៃសណីយ៍៖គ្មាន​ប្រព័ន្ធ​ថត​សំឡេង និង​តាមដាន​ស្ដាប់​ការសន្ទនា​សាធារណៈជន​ឡើយ
28, Aug 2015 , 3:57 pm        
រូបភាព
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បដិសេធថា មិនមាន​ប្រព័ន្ធ​ទិន្នន័យ ឬ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ថត​សំឡេង និង​តាមដាន​ស្ដាប់​ការសន្ទនា​តាម​ទូរ​សព្ទ​របស់​សាធារណៈជន​ឡើយ។ ការបដិសេធ​នេះ គឺ​បំភ្លឺ​តប​នឹង​ករណី​បទល្មើស​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ប្រព្រឹត្ត​ដោយ​ជនជាតិ​កូរ៉េ ១០នាក់ ដែល​បាន​ជ្រៀត​ចូលក្នុង​គេហទំព័រ និង​ទិន្នន័យ​ក្រសួង។ នេះ​បើតាម​សេចក្ដីបំភ្លឺ​របស់​ក្រសួង​ប្រៃសណីយ៍ ចុះ​ថ្ងៃទី២៧ សីហា។


 
សេចក្ដីបំភ្លឺ បញ្ជាក់ថា ជនជាតិ​កូរ៉េ​ទាំង១០នាក់​បាន​ជ្រៀត​ចូលក្នុង​គេហទំព័រ និង​ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រសួង ដើម្បី​លួច​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណជន គឺជា​ការលើកឡើង​ដែល​គ្មាន​ការពិត​នោះទេ។ ហើយ​ក្នុង​រយៈពេល​កន្លងទៅ គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ប្រៃសណីយ៍ ពុំ​ធ្លាប់​ត្រូវបាន​ជ្រៀតចូល ឬ​វាយប្រហារ​ពី​មជ្ឈដ្ឋាន​ណាមួយ​ឡើយ។
 
សេចក្ដីបំភ្លឺ បាន​អះអាង​ដូច្នេះ​ថា៖ «ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​គ្មានទេ​នូវ​របស់​ដែល​ហៅថា ប្រព័ន្ធ​ទិន្នន័យ ឬ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ថត​សំឡេង និង​តាមដាន​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណជន ហើយ​សកម្មភាព​ដូច​បានលើកឡើង​ខាងលើនេះ មិនមែនជា​អាណត្តិ​របស់​ក្រសួង​ឡើយ»។
 
ជនជាតិ​កូរ៉េ​ទាំង១០នាក់ ដែល​ត្រូវ​តុលាការ​ដំបូង​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់​មួយឆ្នាំ ពីបទ ចូលរួម​នៅ​ក្រុម ឬ​ឃុបឃិត​នៃ​ការប្រព្រឹត្ត​បទល្មើស កាលពី​ថ្ងៃទី ២៦ សីហា ឆ្នាំ២០១៥ នោះ គឺ​ពួកគេ​ត្រូវបាន​សមត្ថកិច្ច​បាន​តា​ម​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ កាលពី​ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០១៤កន្លងមក ដោយ​សង្ស័យថា ពួកគេ​ប្រមូល​ផ្ដុំគ្នា​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។  ហើយ​សមត្ថកិច្ច​អាជ្ញាធរ​ក៏បាន​រឹបអូស​វត្ថុតាង​មួយចំនួន​សម្រាប់​ប្រព្រឹត្ត​បទល្មើស។នេះ​បើតាម​សេចក្តីបំភ្លឺ​បន្ថែម​របស់​ក្រសួង​ប្រៃសណីយ៍​ខាងលើ៕
 

Tag:
 ក្រសួង​ប្រៃសនីយ៍
© រក្សាសិទ្ធិដោយ thmeythmey.com