ជាតិ
វៀតណាម​ដោះលែង​អ្នកទោស​ជិត២ម៉ឺន​នាក់​រួមទាំង​ពលរដ្ឋ​កម្ពុជា​ម្នាក់​មុន​ថ្ងៃបុណ្យ​ជាតិ
28, Aug 2015 , 5:11 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល​វៀតណាម សម្រេច​លើកលែងទោស​ដល់​អ្នកទោស​ជិត២ម៉ឺន​នាក់​មុន​ថ្ងៃ​បុណ្យជាតិ​ខាងមុខនេះ។ ក្នុងចំណោម​អ្នក​ត្រូវ​ដោះលែង​នោះ​ក៏មាន​អ្នកទោស​ជនជាតិ​កម្ពុជា​ម្នាក់​ផងដែរ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua។


 
នៅ​ថ្ងៃ​សុក្រ​នេះ ប្រធានាធិបតី​វៀតណាម បានសម្រេច​ប្រកាស​លើកលែងទោស​ដល់​ទោស​សរុប ១៨២៩៨នាក់ ។ ការលើកលែងទោស​ដល់​អ្នកទោស​ច្រើន​នាក់​បែបនេះ ធ្វើឡើង​ដើម្បី​ជាការ​អបអរ​ថ្ងៃ បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៧០ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី២ ខែកញ្ញា​ខាងមុខ​នេ។ 
 
យោងតាម​សេចក្តីប្រកាស អ្នកទោស​ទាំងនេះ នឹងត្រូវ​បាន​គេ​ចាប់ផ្តើម​ដោះលែង​ចាប់​ថ្ងៃ​ច​ន្ទ័ សប្តាហ៍ ក្រោយ ពោលគឺ​មុន​ថ្ងៃ​នៃ​បុណ្យជាតិ​វៀតណាម។ តាម​ការបញ្ជាក់​របស់​លោក​អនុរដ្ឋមន្ត្រី​សន្តិសុខ សាធារណៈ Le Quy Vuong នៅក្នុង​សន្និសីទ​ថ្ងៃនេះ ក្នុងចំណោម​បញ្ជី​លើកលែងទោស មាន​អ្នកទោស ប្រមាណ១៥០០នាក់​ជាប់​បទ​ចោទ​ប្រព្រឹត្ត​បទល្មើស​ទាក់ទង​ថ្នាំញៀន និង ប្រហែល ២២០០នាក់ ជាប់ទោស​ពីបទ​ឃាតកម្ម និង​បទល្មើសផ្សេងៗទៀត។ 
 
អ្វីដែល​គួរកត់សម្គាល់​នោះ ក្នុងចំណោម​អ្នកទោស​ជិត២ម៉ឺន​នាក់ ក៏មាន​អ្នកទោស​ជន​ជនបរទេស ៣៤នាក់​ផងដែរ។ ក្នុងនោះ​រួមមាន​អ្នកទោស​ជនជាតិ ឡាវ៦នាក់ កម្ពុជា១នាក់ ថៃ១នាក់ អូស្ត្រាលី២ នាក់ ចិន១៦នាក់ ម៉ាឡេស៊ី៦នាក់ និង ហ្វីលីពីន២នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com