ជាតិ
បទវិភាគ
កំណែទម្រង់​វិស័យ​អប់រំ មិនមែន​ធ្វើ​តែ​លើ​ការប្រឡង​បាក់​ឌុប​មួយ​មុខ​នោះទេ!
29, Aug 2015 , 9:53 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖  បន្ទាប់ពី​ការប្រឡង​បាក់​ឌុប​រួចរាល់​កាលពី​ថ្ងៃទី២៤ ២៥សីហា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ  មតិ​មហាជន​យល់ឃើញថា ការ​រឹតបណ្តឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺជា​រឿង​គួរ​ឲ្យ​សាទរ ព្រោះ​ការ​រឹតបណ្តឹង​ការប្រឡង គឺជា​គន្លឹះ​ដ៏​មាន​ប្រសិទ្ធិភាព​ដែល​ធ្វើ​ឲ្យ​សិស្ស​ខំរៀន​សូត្រ ។ ប៉ុន្តែ​កំណែទម្រង់​ការប្រឡង​តែមួយ​មុខ​នោះ វា​នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ ពោលគឺ​ត្រូវមាន​វិធានការ​ជាច្រើន​ផ្សេងទៀត ដើម្បី​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​មាន​ភាពល្អប្រសើរ។

តទៅ​នេះ​សូម​ស្តាប់​បទ​វិភាគ​របស់លោក រ៉ឹ​ម ភា​រី៖


នៅ​កម្ពុជា គេ​សង្កេតឃើញថា ប្រព័ន្ធ​អប់រំ​នៅមានកម្រិត​ទាប ទាំង​គុណភាព និង​បរិមាណ។ ការអប់រំ​ទាប បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យផ្សេងៗទៀត ព្រោះ​វិស័យ អប់រំ​គឺជា​ក្បាលម៉ាស៊ីន ក្នុង​ការផលិត​ធនធានមនុស្ស ដើម្បី​ទៅ​បម្រើ​នូវ​គ្រប់​វិស័យ។ ការប្រឡង​ធ្លាក់​បាក់​ឌុប​កាលពី​ឆ្នាំ២០១៤កន្លងទៅ សិស្ស​ប្រឡង​ជាប់ មានតែ​ចំនួន៤០,៦ ភាគរយ​តែប៉ុណ្ណោះ ដែលមាន​ការប្រឡង​ដល់​ទៅ​ចំនួន​ពីរដង។ ការប្រឡង​ធ្លាក់​បាក់​ឌុប​នៅ​ឆ្នាំ​សិក្សា២០១៣ ២០១៤ជា​ឧទាហរណ៍​បញ្ជាក់​យ៉ាងច្បាស់​ថា     វិស័យ​អប់រំ នៅ​កម្ពុជា គឺ​ទាមទារ​ឲ្យ​មាន​កែទម្រង់​ច្បាស់លាស់​មួយ ពោលគឺ​ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រួមចំណែក​ពង្រឹងគុណភាព​អប់រំ​ក្នុងការ​ឆ្លើយតប​នឹង​ការប្រកួតប្រជែង​នៅ​ថ្នាក់​តំបន់ នៅពេល​កម្ពុជា​ធ្វើ   សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ២០១៥នេះ។ 
 
ការធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ មិនមែនជា​ការងាយស្រួល​នោះទេ ព្រោះ​វា​ត្រូវការ​ពេលវេលា​យូរ និង​ធនធាន​ច្រើន។ ការពង្រឹង​ធនធានមនុស្ស​គឺជា​រឿង​វែងឆ្ងាយ ដែល​ត្រូវ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។ មាន​គន្លឹះ​ចំនួន១០ចំនុច​ដែល​អាចធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​ទទួលបាន​ផ្កែ​ផ្កា​ក្នុងដំណាក់កាល​នៃ​ការកែទម្រង់​វិស័យនេះ​នៅ​កម្ពុជា៖
 
១) បង្កើន​ថវិការ​ជាតិ​លើ​វិស័យ​អប់រំ​ឲ្យ​ច្រើន​លើសលប់៖ ការចំណាយ​ថវិកាជាតិ​លើ​ក្រសួង​អប់រំ​នៅមាន​តិចតួច វា​នឹង​ស្ទះ​ដល់​ការកែទម្រង់​គ្រប់បែបយ៉ាង។ ប្រសិនបើ​ខ្ទង់​ថវិកា​មិន​គ្រប់គ្រាន់ ការងារ​អភិវឌ្ឍ​វិស័យ​អប់រំ​នឹងត្រូវ​នៅ​គាំង​មិនអាច​ដំណើរការ​ទៅបាន​ល្អ​ទេ។
 
២)ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឲ្យ​រស់នៅក្នុង​ជីវភាព​មួយ​សមរម្យ៖ ប្រសិនបើ​ប្រាក់ខែ​គ្រូ​មិនអាច​ទ្រាំទ្រ​នឹង​ចំណាយ​ប្រចាំថ្ងៃ​គ្រប់គ្រាន់ គ្រូ​ប្រាកដជា​មិនអាច​យកចិត្តទុកដាក់​បង្រៀន​សិស្ស​បានល្អ​នោះទេ ព្រោះមួយថ្ងៃៗ គ្រូ​រវល់​តែ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ដើម្បី​រក​ចំណូល​បន្ថែម។ គ្រូ​ខ្លះ ឆ្លៀត​លក់​នំ​នៅក្នុង​ថ្នាក់ គ្រូ​ខ្លះ​ឆ្លៀត​បង្រៀន​គួរ​បន្ថែម គ្រូ​ខ្លះ​រត់​ម៉ូតូឌុប ឯ​គ្រូ​ខ្លះទៀត​លក់​ឯកសារ​ឲ្យ​សិស្ស​ជាដើម។ ដោយសារតែ​ប្រាក់​តិចពេក ធ្វើ​ឲ្យ​គ្រូបង្រៀន​ជាច្រើន​បោះបង់​មុខរបរ​មួយ​នេះ​ទៅធ្វើ​មុខរបរផ្សេងៗក៏មាន​មិនតិច​ដែរ។ ការផ្តល់ប្រាក់​បៀវត្សរ៍​ទាប​បែបនេះ ធ្វើ​ឲ្យ​ជីវភាព​គ្រូបង្រៀន​មួយចំនួនធំ​ក្រីក្រ​តោកយ៉ាក ហើយ​ដោយសារតែ​ជីវភាព​លំបាក​នេះហើយ ទើប​ធ្វើ​ឲ្យ​គ្រូបង្រៀន​មួយចំនួន​រវល់​ធ្វើការ​ខាងក្រៅ គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ស្រាវជ្រាវ​បន្ថែម ដើម្បី​បង្រៀន​សិស្ស​ឲ្យ​បានល្អ។
 
៣) រៀបចំ​កម្មវិធីសិក្សា​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​បរិបទ​កម្ពុជា និង​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ទាំង​កម្មវិធីសិក្សា​នៅ​ថ្នាក់​មតេយ្យ​សិក្សា មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា។ 
 
៤ ) រដ្ឋ​ត្រូវ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រី​ក្រី និង​បញ្ជូន​សិស្ស​ពូកែ​ទៅ​រៀន​ក្រៅប្រទេស។ ការបញ្ជូន​សិស្ស​ទៅ​ក្រៅប្រទេស តាមរយៈ​ការផ្តល់​អាហារូបករណ៍ ដោយ​ដាក់​លក្ខខណ្ឌ​ឬ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ថា នៅពេល​និស្សិត​បញ្ចប់​ការសិក្សា ត្រូវតែ​យក​ជំនាញ ចំណេះ វិល​មក​អភិវឌ្ឍ​មាតុភូមិ​ខ្មែរ​វិញ។ 
 
៥) បង្កើត​ស្ថាប័ន​បកប្រែ​ជា​ភាសាជាតិ៖ កន្លងមក កម្ពុជា​ពុំ​សូវ​មាន​សៀវភៅ​ឬ​ឯកសារ​ជា​ភាសា​ខ្មែរ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​នោះទេ។ ការខ្វះខាត​សៀវភៅ​ជា​ភាសា​ខ្មែរ​នេះហើយ ទើប​ធ្វើ​ឲ្យ​សិស្ស​និស្សិត​ដែល​មិនចេះ​ភាសាបរទេស​គ្មាន​លទ្ធភាព​ស្រាវជ្រាវ។ ភាពសម្បូរ​បែប​នៃ​ឯកសារ​ជា​ភាសា​ខ្មែរ​គឺជា​ការបង្ក​ភាពងាយស្រួល​ដល់​ការអាន​របស់​សិស្ស​និស្សិត។ ក្រសួង​គួរ​បង្កើត​ស្ថាប័ន​មួយ ដោយ​ប្រមូល​អ្នកជំនាញ និង​អ្នកចេះ​ភាសាបរទេស ដើម្បី​បកប្រែ​សៀវភៅ ឬ​ឯកសារ​ពី​ភាសាបរទេស​ដែលល្អៗ  ដើម្បី​ស្រូបយក ចំណេះដឹងថ្មីៗ ពី​ប្រទេសក្រៅ​សម្រាប់​បំប៉ន​ចំណេះ​បន្ថែមទៀត​ដល់​និស្សិត​ខ្មែរ។ 
 
៦) បង្កើត​អន្តេវាសិកដ្ឋាន​ដល់​សិស្ស​ក្រីក្រ និង​សិស្ស​នារី​ដែល​មកពី​តាម​ខេត្ត​ដាច់ស្រយាល៖ កន្លងមក សិស្ស​ដែល​ឡើងមក​រៀន​នៅ​ទីប្រជុំ ឬ​ទីក្រុង​ភ្នំពេញ មាន​បញ្ហា​ការ​ស្នាក់នៅ ជាពិសេស​សិស្សស្រី។ សិស្សស្រី​មួយចំនួនធំ ស្នាក់នៅ​បន្ទប់​ជួល​តូច​មួយ ដែលមាន​គ្នា​ពី​បី​ទៅ​បួន​នាក់។ បន្ទប់​តូចចង្អៀត និង​ភាពក្រីក្រ​គឺ ជា​រឿង​មួយ។  តែ​អ្វីដែល​ពិបាក​ជាងនេះទៀត​នោះ ការរស់នៅ​បន្ទប់​ជួល បាន​ជួប​បញ្ហា​ជាច្រើន​ដូចជា ចោរកម្ម ឃាតកម្ម គ្រឿងញៀន និង​ការរំខាន​ផ្សេង ដែល​ពិបាក​ក្នុងកា​សិក្សា​របស់​និស្សិត។
 
៧) ត្រូវបង្កើត​សាលា​ជំនាញ និង​បន្ថែម​គ្រូ​ផ្នែក​ជំនាញ​នៅតាម​ទីជនបទ​ដាច់ស្រយាល៖  ការចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ២០១៥នេះ គឺ​ធ្វើ​ឲ្យ​កម្ពុជា​ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​នៅក្នុង​តំបន់​អាស៊ាន ជាពិសេស ប្រទេសជិតខាង​ដែលមាន​កម្មករ​ជំនាញ​ច្រើន។ ការបង្រៀន​កម្មករ​ជំនាញ គឺ​ត្រូវ​ប្រើពេល​វេលា​ខ្លី តែ​អាចធ្វើ​ឲ្យ​យុវជន​កម្ពុជា មាន​ជំនាញ​ដែល​អាច​ប្រកួតប្រជែង​ទីផ្សារការងារ​ជាមួយ​យុវជន​អាស៊ាន។
 
៨) ស្វែងរក​អ្នកវិនិយោគ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក៖ ដើម្បី​បង្កើត​ការងារ​ដល់​និស្សិត​ដែល      បញ្ចប់​ការសិក្សា និង​បញ្ចប់​ជំនាញ​របស់​ពូកគេ។ ការបង្កើត​ការងារ គឺជា​យន្តការ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ខិតខំ​រៀនសូត្រ។
 
៩) បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ ដែលមាន​គ្រប់ផ្នែក ទាំង​វិទ្យាសាស្ត្រ​ធម្មជាតិ និង​វិទ្យាសាស្ត្រ​សង្គម។ ការសាងសង់​ទៀតសោត មិនមែន​សាងសង់​អគារ ហើយ​ទុកចោល​នោះទេ តែ​ត្រូវ​ទិញ​សម្ភារ​ពិសោធន៍ សម្ភារ​បរិក្ខា​ឲ្យ​បាន​គ្រប់គ្រាន់ ផ្តល់​គ្រូ អ្នកជំនាញ ដើម្បី​បម្រើ​ដល់​ការងារ​ស្រាវជ្រាវ​របស់​បញ្ញវន្ត។ ប្រសិនបើ​ខ្វះ​គ្រូ​ជំនាញ កម្ពុជា​គួរ​ចំណាយ​ថវិការ​ជួល​គ្រូ​មកពី​ក្រៅប្រទេស ឬ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូរ​ឲ្យ​គេ​ជួយ។ កម្ពុជា​ល្មម​ដល់ពេល​ឈប់​ទទួល​ជំនួយ​ជា​ថវិកា​មួយចំនួន​ហើយ តែ​គួរ​ទទួលយក​ជំនួយ​បច្ចេកទេស ជំនួយ​ធនធានមនុស្ស ទើប​កម្ពុជា​អាច​រួច​ផុតពី​គ្រោះ​អវិជ្ជា​បាន។
 
១០) ត្រូវ​កំចាត់​អំពើពុករលួយ​ចេញពី​វិស័យ​អប់រំ​ជាដាច់ខាត៖ គន្លឹះ​ខាងលើ​ដែល​បាន​រៀបរាប់​ខាងលើ​អំបាល​មាណ បើ​មាន​អំពើពុករលួយ​លុកលុយ​ចូល​នោះ វិស័យ​មួយ​នេះ​នឹង​មិនអាច​កែទម្រង់​ទទួលបាន​ជោគជ័យ​នោះទេ។ មែនទែនទៅ កំចាត់​អំពើពុករលួយ​គឺ​ទាមទារ​ឲ្យ​មាន​ឆន្ទៈ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ប្រទេស។ គន្លឹះ​ទាំង១០ចំណុច​ខាងលើនេះ មិនមែនជា​រឿង​ថ្មី​នោះទេ។ ប្រទេស​មួយចំនួន​ដែលមាន​ការរីកចម្រើន​ផ្នែក​វិស័យ​អប់រំ គេ​បានធ្វើ​រួចហើយ។ បើ​ក្រសួង​អប់រំ យុវជន និង​កីឡា អនុវត្តន៍​បាន​នូវ​ចំណុច​ទាំង​អំបាល​មាណ​ខាងលើ នោះ​កម្ពុជា នឹង​ទទួលបាន​ការអប់រំ​មួយ​ដែលមាន​ទាំង​បរិមាណ និង​គុណភាព ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក៕ 
 
 
 

Tag:
 អប់រំ ប្រឡង បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com