គិតត្រឹមសប្តាហ៍ទី១៩ ភ្នំពេញក្រោន និងបឹងកេតអង្គរ ដែលមាន៤៥ពិន្ទុរៀងៗខ្លួនបានកក់កៅអីរួចជាស្រេចសម្រាប់ការប្រកួតវគ្គខ្វែងក្នុងជំហានឆ្ពោះទៅរកតំណែងជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ ខណៈកៅអីចំនួន២ផ្សេងទៀត រង់ចាំការប្រជែងគ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការពារជាតិ ណាហ្គាវើល ខេមបូឌានថាយហ្គឺរ និងស្វាយរៀង។ សម្រាប់បៀលប្រាយយូណាយធីតបើទោះបីជាពួកគេឃ្លាតឆ្ងាយពីតំបន់គ្រោះថ្នាក់ក៏ដោយ ប៉ុន្តែក្រុមមួយនេះ រួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត ស៊ីម៉ាក់យូណាយធីត វេស្ទើន និងគិរីវង់សុខសែនជ័យ អស់ឱកាសប្រជែងចូលតំបន់ Top 4 ហើយ។
កៅអីក្នុងតំបន់ក្រុមខ្លាំងទាំង៤ (Top4) កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយគិតក្រោយដំណើរការអស់ ១៩ សប្ដាហ៍ប្រកួតមកនេះ ក្នុងពានរង្វាន់បាល់ទាត់មិត្តហ្វូនខេមបូឌានលីក២០១៥ (Metfone Cambodian League 2015) ខណៈការប្រកួតនឹងបញ្ចប់វគ្គសន្សំពិន្ទុត្រឹមសប្ដាហ៍ទី២២ ។
បើនិយាយពីលទ្ធផលសប្ដាហ៍ទី១៩ កន្លងមកដែលរៀបចំឡើងនៅចុងសប្ដាហ៍កន្លងទៅ ពោលលគឺនៅល្ងាចថ្ងៃសៅរិ៍ ទី ២៦ ខែ កញ្ញា ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមវេស្ទើនភ្នំពេញ ដោយលទ្ធផល ១០ ទល់ ០ លើទីលានកីឡដ្ឋាន RSN Stadium របស់ខ្លួន។ ១០ គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករ Bisan Goerge រកបាន ៤ គ្រាប់ ម្នាក់ឯង ស្របពេល មិត្តរួមក្រុម កែវ សុខផេង រកបាន ៣ គ្រាប់ ឡេង មករា ២ គ្រាប់និងកីឡាករ Booysen Shane រកបានម្នាក់១គ្រាប់។
ចំណែកក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៥ ទល់ ២ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់)។ កីឡាករប្រធានក្រុម ឃួន ឡាបូរ៉ាវី បានរកគ្រាប់បាល់ជ័យជម្នះឱ្យបឹងកេត បាន ៤ គ្រាប់ម្នាក់ឯង ស្របពេលកីឡាករ Omogba រកបានគ្រាប់ទី៥ ឱ្យក្រុម។ ចំណែក ២ គ្រាប់វាយបកវិញដោយអាស៊ីអឺរ៉ុប វិញរកបានដោយកីឡាករ Gorge Kelechi Stanley និង កីឡាករ យម វណ្ណា។
ចំពោះក្រុមគីរីវង់សុខសែនជ័យ ដែលនៅតំបន់បាតតារាងវិញបានយកឈ្នះបៀលប្រាយយូណាយធីត ដោយលទ្ធផល ៣ ទល់ ។ ដំបូងឡើយក្រុមបៀលប្រាយ បាននាំមុខមុន១គ្រាប់តាំងពីតង់ទី១ ពោលគឺនៅនាទីទី៨ ដោយកីឡាករ ស៊ឹម វុត្ថា។ តែចូលដល់តង់ទី២ គីរីវង់សុខសែនជ័យ បានវាយបកវិញ ដោយកីឡាករ Akeep Ayoyinkaចំនួន ៣ គ្រាប់ម្នាក់ឯងគឺនៅនាទី ៦២, ៧៧ និង ៨៣ មុនចប់តង់ទី២ ។
ដោយឡែកប្រកួតនៅល្ងាចថ្ងៃអាទិត្យទី ២៧ ខែកញ្ញា វិញ ក្រុមស្វាយរៀងអែហ្វស៊ី បានប្រកួតចាញ់ម្ចាស់ផ្ទះ ក្រសួងការពារជាតិ ដោយលទ្ធផល ១ ទល់ ០ នៅកីឡដ្ឋានកងយោធពលខេរភូមិន្ទ (ស្ដាតចាស់)។ ១ គ្រាប់របស់ក្រសួងការពារជាតិ រកបានដោយកីឡាករ ពៅ ភារិទ្ធ នៅនាទី ៧៤ នៃការប្រកួត។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រកួតនៅកីឡដ្ឋានវេស្ទើន វិញក្រុមណាហ្គាវើល បានយកឈ្នះក្រុមខេមបូឌានថាយហ្គឺរ ដោយលទ្ធផល ២ ទល់ ។ កីឡាករជនជាតិហ្គីណេ Barry បានរកគ្រាប់បាល់ទី១ ឱ្យណាហ្គាវើល នាំមុខខេមបូឌានថាយហ្គឺរ ក្នុងនាទី ៤៣ មុនចប់តង់ទី។ ចូលដល់តង់ទី២ កីឡាករ គូច សុកុម្ភៈ បានរកគ្រាប់បាល់១គ្រាប់ទៀតឱ្យណាហ្គាវើល នៅនាទី៧៤ មុនចប់ការប្រកួត។
ប្រកួតចុងក្រោយប្រចាំសប្ដាហ៍ទី ១៩ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះក្រុមស៊ីម៉ាក់ ៣ ទល់ ១ លើទីលានពហុកីឡដ្ឋានជាតិ។ កីឡាករ នួន បុរី របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានរកគ្រាប់បាល់នាំមុខស៊ីម៉ាក់ ១ ទល់ ០ នៅនាទី ៣៧ មុនចង់តង់ទី១ ។ ចូលដល់តង់ទី២ កីឡាករ ទិត្យ ឌីណា បានរកគ្រាប់បាល់ទី២ អោយអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រឹមនាទី៦៧ ប៉ុន្ដែកីឡាករប្រធានក្រុមរបស់ស៊ីម៉ាក់ គឺកីឡាករ សេង កុសែន បានរកគ្រាប់បាល់វាយបកវិញនៅនាទី៧។ នៅមិនអស់ចិត្ត នួន បុរី បានបន្ថែមគ្រាប់ទី៣ អោយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនាទី៨៩ មុនចប់តង់ទី២ ។
សរុបត្រឹមសប្ដាហ៍ទី១៩ នេះក្រុមភ្នំពេញក្រោន ឈរកំពូលតារាងមាន ៤៥ ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ បឹងកេតអង្គរ តែឈ្នះត្រង់គ្រាប់បាល់ចំណេញច្រើនជាង។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ឡើងមកឈរលេខ៣ ខណៈក្រុមក្រសួងការពារជាតិ ជាប់លេខ ៤ មាន ៣២ ពិន្ទុដូចគ្នា។ លេខ ៥ ក្រុមណាហ្គាវើល លេខ ៦ ខេមបូឌានថាយហ្គឺរ លេខ៧ ស្វាយរៀងអែហ្វស៊ី លេខ៨ បៀលប្រាយយូណាយធីត លេខ៩ អាស៊ីអឺរ៉ុប និងលេខ ១០ ស៊ីម៉ាក់។ ចំពោះ២ ក្រុមដែលនៅតំបន់បាតតារាងមាន លេខ១១ វេស្ទើនភ្នំពេញ មាន ១៣ ពិន្ទុ និងក្រុមគីរីវង់សុខសែនជ័យ លេខ១២ មាន ១១ ពិន្ទុ។
បើទោះជាភ្នំពេញក្រោន និងបឹងកេតអង្គរ មានកៅអីនៅក្នុងតំបន់ Top 4 ក៏ដោយ ប៉ុន្តែពួកគេត្រូវប្រជែងគ្នាដើម្បីបញ្ចប់ចំណាត់ថ្នាក់លេខមួយសម្រាប់កៅអីក្នុងការប្រកួតជម្រុះពានរង្វាន់ Mekong Toyota Cup នៅប្រទេសឡាវ៕