ជាតិ
ធ្វើបុណ្យច្រើនបានបុណ្យច្រើន ធ្វើបុណ្យតិចបានបុណ្យតិច តើពិតជាដូច្នេះមែនឬ?
×
ពាក្យថា «បុណ្យ» មានតែមួយម៉ាត់ និងមួយព្យាង្គតែប៉ុណ្ណោះ តែមនុស្សមិនតិចទេ ដែលមិនទាន់យល់ច្បាស់ ឬក៏អាចយល់ខុសទៀតផងពីសភាវបុណ្យនេះ។ មនុស្សភាគច្រើនគិតថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន ធ្វើបុណ្យតិចបានបុណ្យតិច។ ការធ្វើបុណ្យច្រើន ឬតិចនេះ ពួកគេសំដៅដល់សកម្មភាពខាងក្រៅនៃការលះបង់ទ្រព្យសម្បត្តិក្នុងការធ្វើបុណ្យផ្សេងៗ ។ ត្រង់ចំណុចនេះ ពួកគេក៏សន្មតថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន ធ្វើបុណ្យតិចបានបុណ្យតិច ដែលក្លាយទៅជាវប្បធម៌នៃការគិតក្នុងសង្គមខ្មែរទៅហើយ។ តើរឿងនេះពិតជាអីចឹងឬ ដែលថាធ្វើបុណ្យច្រើនបានបុណ្យច្រើន ធ្វើបុណ្យតិចបានបុណ្យតិច?
បុណ្យ គឺជាធម្មជាតិដែលញ៉ាំងចិត្ត និងបេះដូងរបស់អ្នក ឲ្យសប្បាយរីករាយ ឲ្យស្អាតផូរផង់ និងជ្រះស្រឡះក្នុងការលះបង់អ្វីមួយដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់អ្នកដទៃ។ បុណ្យ សំដៅដល់ទឹកចិត្ត ដែលស្អាតបរិសុទ្ធ សោមនស្សរីករាយ មិនក្តៅក្រហល់ក្រហាយ មិនរវើរវាយចិត្ត មិនសោកស្តាយពេលខ្លួនបានបរិច្ចាគសេចក្តីសុខ និងទ្រព្យរបស់ខ្លួនដើម្បីជួយសង្គ្រោះ និងជ្រោមជ្រែងអ្នកផងទាំងពួង។
ការធ្វើបុណ្យច្រើនបានបុណ្យច្រើន ឬធ្វើបុណ្យតិចបានបុណ្យតិច មិនអាស្រ័យលើសកម្មភាពនៃការបះបង់ទ្រព្យសម្បត្តិខាងក្រៅច្រើនឬតិចតែម្យ៉ាងនោះទេ តែក៏អាស្រ័យលើចេតនា និងទឹកចិត្តដ៏បរិសុទ្ធរបស់អ្នកផងដែរ។
តាមពិតទៅ! បុណ្យមិនអាចវាស់ស្ទង់ទៅលើសកម្មភាពខាងក្រៅបានទេ ព្រោះវាជាសភាវធម្មជាតិដែលកើតក្នុងចិត្ត ដែលយើងមើលមិនឃើញ។ ការធ្វើបុណ្យច្រើនបានបុណ្យច្រើន ធ្វើបុណ្យតិចបានបុណ្យតិច អ្នកដទៃមិនអាចដឹងបានទេ មានតែយើងខ្លួនឯងទេ ដែលអាចដឹងពិតប្រាកដ។ អ្នកប្រារព្ធនូវកម្មវិធីបុណ្យធំៗ អស់លុយរាប់ម៉ឺនដុល្លារ តែការលះបង់នោះគ្រាន់តែដើម្បីឲ្យគេសរសើរ ចង់បានកិត្តិយសមុខមាត់ នោះបុណ្យប្រាកដជារលាយហើយ។ តែផ្ទុយទៅវិញ សណ្តែកមួយគូ បាយមួយវែក ទឹកមួយកែវ លះបង់ធ្វើជាទាន ប្រកបដោយចិត្តសប្បុរស ពោរពេញទៅដោយមេត្តា ចង់ឲ្យអ្នកដទៃបានឆ្អែត នោះហើយគឺជាបុណ្យ ហើយជាបុណ្យមិនអាចរាប់អស់ទៀតផង។
បើមិនមានចេតនា មិនសប្បាយរីករាយ មិនពេញចិត្តក្នុងអ្វីដែលខ្លួនលះបង់ទេ ទោះបីជាយើងកំពុងតែប្រារព្ធពិធីបុណ្យសង្ឃទានក្តី បុណ្យបច្ច័យបួនក្តី បុណ្យកឋិនក្តី ឬបុណ្យផ្សេងៗទៀតក្តី ដោយចំណាយថវិកាអស់រាប់ម៉ឺនដុល្លារក៏ដោយ ក៏មិនមានឈ្មោះថា ជាអ្នកធ្វើបុណ្យដែរ។ ពេលនោះការធ្វើបុណ្យច្រើនបានបុណ្យច្រើន នឹងក្លាយជាការបះបង់ច្រើន ខាតបង់ច្រើនជាមិនខាន។
ហេតុដូច្នេះហើយ គ្រប់ពេលដែលអ្នកធ្វើបុណ្យសាងកុសល ទោះបីជាធ្វើបុណ្យអ្វីក៏ដោយ ត្រូវតែធ្វើចិត្តអោយបានសប្បាយ រីករាយជ្រះថ្លា និងប្រកបដោយបញ្ញា។ ប្រសិនបើអ្នកមានសេចក្តីជ្រះថ្លា រីករាយ ពេញចិត្តហើយ សូម្បីតែធ្វើបុណ្យ ដោយការលះបង់ទ្រព្យតិចតួចក៏ដោយ ក៏បានអានិសង្សច្រើនដែរ ទៅតាមចិត្តចេតនា ដែលជ្រះថ្លាពេញចិត្តនោះឯង។
ចេតនា គឺសំដៅដល់ សេចក្តីជ្រះថ្លា សេចក្តីសប្បាយរីករាយ ពេញចិត្តក្នុងទង្វើល្អ និងអំពើបុណ្យដែលធ្វើដោយឥតសៅហ្មង។ ចេតនាដែលនាំឱ្យសម្រេច បានបុណ្យកុសលមានបីគឺ៖
• ចេតនាមុនធ្វើ : ការតាំងចិត្ត និងរៀបចំទុកជាមុន ដោយចិត្តជ្រះថ្លា និង
សប្បាយរីករាយក្នុងការធ្វើបុណ្យ។
• ចេតនាកំពុងធ្វើ : សេចក្តីសោមនស្ស នឹងសកម្មភាពរបស់ខ្លួន ដែលកំពុង
ខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែងដោយចិត្តជ្រះថ្លាក្នុងការបំពេញ
បុណ្យកុសល។
• ចេតនាក្រោយពេលធ្វើ : ពេលដែលបានបំពេញកុសលរួច ខ្លួនក៏មានសេចក្តីសុខ
និងរីករាយ ពេញចិត្តចំពោះការលះបង់របស់ខ្លួនក្នុងការជួយ
អ្នកដទៃ ដោយមិនមានការក្តៅក្រហាយ ស្តាយក្រោយអ្វី
ឡើយ។
ដូច្នេះ ធ្វើបុណ្យច្រើន ពិតជាបានបុណ្យច្រើន ប្រសិនបើការលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីធ្វើទាន រក្សាសីល ប្រកបដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ គ្មានសេចក្តីសៅហ្មងក្នុងការលះបង់នោះ។ តែផ្ទុយទៅវិញ ធ្វើបុណ្យច្រើន មិនប្រកដថាបានបុណ្យច្រើនទេ ប្រសិនបើការលះបង់របស់អ្នក មិនប្រកបដោយបញ្ញា ការលះបង់មិនមានសទ្ធា លះបង់ដើម្បីសម្ញែង បង្អួតញាតិ ចង់បានកិត្តិយស ក្លាចគេថាអន់៕
© រក្សាសិទ្ធិដោយ thmeythmey.com