ជាតិ
ស្លាប់៤១នាក់ និង​របួស​ជាង២០០នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នា​រយៈពេល៤ថ្ងៃ​កន្លងមក
14, Oct 2015 , 8:09 am        
រូបភាព
ដោយ: ថ្មីៗ
នា​អំឡុង​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១៣ ខែតុលា កន្លងមកនេះ មនុស្ស​ចំនួន៤១នាក់​បាន​ស្លាប់ របួសធ្ងន់១៣០នាក់ របួសស្រាល៧២នាក់ ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍១០១លើក។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន។



របាយការណ៍​បាន​បង្ហាញថា ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០១លើក​នា​រយៈពេល៤ថ្ងៃ​កន្លងមកនេះ មាន១៥នាក់​ជា​អ្នក​ថ្មើរជើង ហើយ១៨៨នាក់​ទៀត​ជា​អ្នកបើកបរ និង​អ្នករួមដំណើរ​ម៉ូតូ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព។

ការបើក​ល្មើស​ល្បឿន ការមិន​គោរព​សិទ្ធិ​អាទិភាព ការ​ជែង​គ្នា ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​ការមិន​ប្រុងប្រយ័ត្ន​ពេល​បត់​ឆ្វេង-ស្តាំ ជា​មូល​ហេតុដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍។  ខេត្ត​ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះ​ច្រើន​រួមមាន ខេត្តកណ្តាល៩លើក ស្លាប់៦នាក់ របួស១៥នាក់, ខេត្តតាកែវ៩លើក ស្លាប់៣នាក់ របួស២៥នាក់, ខេត្តស្វាយរៀង៥លើក ស្លាប់៣នាក់ របួស៦នាក់, ខេត្តកំពង់ចាម៤លើក ស្លាប់៣នាក់ របួស៦នាក់ និង​ខេត្តព្រៃវែង៣លើក ស្លាប់៣នាក់ របួស៦នាក់។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មាន យាន​បុក​និង​ប៉ះទង្គិច​មាន៖ ម៉ូតូ​និង​ម៉ូតូ៤៥លើក, ម៉ូតូ​និង​រថយន្ត​តូច១៨លើក, ម៉ូតូ​និង​រថយន្ត​ធំ៥លើក, ម៉ូតូ​និង​ថ្មើរជើង៨លើក, ម៉ូតូ​ដួល​ខ្លួនឯង ៦ លើក, ម៉ូតូ​និង​យាន​ផ្សេង៨លើក, រថយន្ត​តូច​និង​រថយន្ត​តូច២លើក, រថយន្ត​តូច​និង​រថយន្តក្រុង១លើក, រថយន្ត​តូច​និង​ថ្មើរជើង២លើក, រថយន្ត​តូច​និង​ថ្មើរជើង២លើក, រថយន្ត​តូច​និង​យាន​ផ្សេង៣លើក, រថយន្ត​ធំ​និង​ថ្មើរជើង២លើក, គោយន្ត​កន្ត្រៃ​និង​ថ្មើរជើង១លើក។ក្នុងនោះ​គ្រោះថ្នាក់​នៅលើ​ផ្លូវជាតិ ចំនួន៧១លើក ផ្លូវ​ខេត្ត​ក្រុង១១លើក និង​ផ្លូវលំ​ចំនួន១៩លើក។ដោយឡែក​យានយន្ត​ដែល​បង្ក​គ្រោះថ្នាក់​មាន ម៉ូតូ​ចំនួន៧៥លើក,រថយន្ត​តូច១៧លើក, រថយន្ត​ធំ៦លើក,យានផ្សេង៣លើក ៕





Tag:
 គ្រោះ​ថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com