ជាតិ
សង្គមជាតិ
ក្មេងស្រី​ ៦ ឆ្នាំ ​ចេះ​គូររូប​អប្សរា​នៅលើ​ទឹកដីអង្គរជាង ១ ឆ្នាំ​មក​ហើយ
21, Oct 2015 , 3:02 pm        
រូបភាព
សៀមរាប៖ ថ្មីៗនេះ នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចាប់អារម្មណ៍​នឹង​ទឹកដៃ​ក្មេងស្រី​មួយរូប ដែល​ចេះ​គូររូប​អប្សរា។ តាមពិតទៅ ក្មេងស្រី ដែល​ត្រូវបាន​គេ​បង្ហោះ​ពេញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ឈ្មោះថា ស្រី​ណុ​ច ហើយ​នាង​មាន​បងប្អូន​ចំនួន៧នាក់។ ស្រី​ណុ​ច គឺជា​កូនពៅ​នៅក្នុង​គ្រួសារ។



នៅ​ខ្លោងទ្វារខាងលិច​នៃ​ប្រាសាទព្រះខ័ន ភ្ញៀវទេសចរ​កំពុង​ចោម​មើល​កុមារី​ម្នាក់ ដែល​កំពុង​បញ្ចេញ​ទេពកោសល្យ​ផ្នែក​គំនូរ​របស់​នាង។ នោះ​ហើយ គឺជា​កុមារី ស្រី​ណុ​ច ដែល​ទើប​មាន​អាយុ​ត្រឹម ៦ឆ្នាំ តែមាន​ទេពកោសល្យ​ខ្ពស់​ផ្នែក​គំនូរ ធ្វើ​ឲ្យ​អ្នកទេសចរ​ចាប់អារម្មណ៍ និង​បាន​លាន់មាត់​សរសើរ​មិន​ឈប់។

មាន​ឈាមជ័រ​ជា​អ្នកស្រុក​អង្គរ ឆ្នាំនេះ ស្រី​ណុ​ច ចូលរៀន​ថ្នាក់​ទី២ហើយ។ មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ស្រី​ណុ​ច តែង​មក​ប្រាសាទព្រះខ័ន​ជាប្រចាំ ដើម្បី​ជួយ​ម្តាយ​លក់​ម្នាស់។ ក្នុង​បទសម្ភាសន៍​នឹង​អ្នកសារព័ត៌មាន ស្រី​ណុ​ច បញ្ជាក់ថា នាង​ចេះ​គូរ​តាម​បងស្រី​នាង ដែលមាន​ទេពកោសល្យ​ផ្នែក​គំនូរ​នេះដែរ ហើយ​ការ​គូរ​នេះ មាន​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ។

ស្រី​ណុ​ច មាន​ឪពុក​ជា​សន្តិសុខ និង​ម្តាយ​ជា​អ្នកលក់ដូរ​បន្តិច​បន្តូច​ក្នុង​តំបន់​អង្គរ។ ស្រី​ណុ​ច មានបំណង​ចង់​ក្លាយជា​ជាងគំនូរ​ទៅ​ថ្ងៃ​អនាគត។ យ៉ាងណា ស្រី​ណុ​ច​បញ្ជាក់ថា នាង​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​ឪពុកម្តាយ​ជាធំ។ កុមារី ស្រី​ណុ​ច ក៏មាន​បំណង​ចង់​ចូលរៀន​នៅ​សាលា​សិល្បៈ​ផងដែរ តែង​នាង​ហាក់​មិន​ប្រាកដ​នៅឡើយ ព្រោះ​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ និង​មាន​បងប្អូន​ច្រើន។

គួរ​បញ្ជាក់ថា ក្រៅពី​រូប​អប្សរា កុមារី ស្រី​ណុ​ច ក៏​អាច​ចេះ​គូររូប​មនុស្ស​បាន​យ៉ាង​ស្ទាត់​ផងដែរ។ មាន​ភ្ញៀវ​ខ្លះ ចង់​សាក​ទឹកដៃ ស្រី​ណុ​ច ដោយបាន​ឈរ​ឲ្យ​នាង​គូរ​ផ្ទាល់​ក៏មាន៕



 



© រក្សាសិទ្ធិដោយ thmeythmey.com