ជាតិ
សេដ្ឋកិច្ច
ប្រកួតប្រជែង​ខាង​សេដ្ឋកិច្ច​របស់​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់ទាប​ក្នុង​ទីផ្សារ​សាកលលោក
12, Nov 2015 , 8:19 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ ខណៈដែល​សមាគម​អាស៊ាន​នឹងធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​រួម​ដ៏​ធំ​មួយ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ កម្ពុជា​នៅតែ​ត្រូវបាន​ចាត់ទុកថា ជា​ប្រទេស​ដែលមាន​ភាព​ប្រកួតប្រជែង​ខាង​សេដ្ឋកិច្ច​ទាប​នៅក្នុង​ទីផ្សារ​សាកលលោក​។​



​ប្រទេសមួយ​មាន​ភាព​ប្រកួតប្រជែង​ល្អ នៅពេលដែល​ប្រទេស​នោះ​មាន​សមត្ថភាព​ក្នុងការ​ទាក់ទាញ​ការវិនិយោគទុន សមត្ថភាព​នាំចេញ និង​ផ្គត់ផ្គង់​ទំនិញ និង​ផ្តល់​សេវាកម្ម​ដែលមាន​សន្ទុះ​ដ៏​លឿន ធៀប​នឹង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។​

​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹងថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​៩៥​ក្នុង​ភាព​ប្រកួតប្រជែង ដោយ​នាំ​មុខតែ​ប្រទេស​មី​យ៉ាន់​ម៉ា ឬ​ភូមា តែប៉ុណ្ណោះ​ក្នុងចំណោម​ប្រទេស​ទាំងអស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោក ហេង ឌី​ណា សេដ្ឋវិទូ​ខ្មែរ​មួយរូប​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​បំពេញ​កិច្ច​ការល្អ​ក្នុងការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ខាង​ម៉ាក្រូសេដ្ឋកិច្ច ជាពិសេស​ខាង​អតិផរណា​។​

«​ហើយ​ចំពោះ​ភាពងាយស្រួល​ផ្សេងៗ ដូចជា​ការបង់ពន្ធ ហេដ្ឋារចនាសម្ព័ន្ធ ហើយ​និង​បែបបទ​នៃ​ការនាំចេញ នាំចូល​នោះ​គឺ​យើង​នៅមាន​ចំណុច​ច្រើន​ដែល​ត្រូវធ្វើ​ទៀត​»​។​

​លោក​បាន​បកស្រាយ​ថា លទ្ធភាព​មាន​ភាព​ប្រកួតប្រជែង​កម្រិត​ខ្ពស់​វា​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​វា​នឹង​នាំមក​នូវ​ការ​អ​ភ​វិ​ឌ្ឍ​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំងមូល​។​

«​បើសិនជា​យើង​អាច​ទាក់ទាញ​អ្នកវិនិយោគ​មកកាន់​ប្រទេស​កម្ពុជា​យើង នោះ គាត់​នឹង​បង្កើតជា​រោងចក្រ​។ គាត់​ផលិត​វត្ថុ​។ វា​អាច​ផ្តល់​ការងារ​។ វា​អាច​ផ្តល់​ជំនាញ និង​ប្រាក់កម្រៃ​ដល់​ប្រជាពលរដ្ឋ​យើង​។ ហើយ​បើសិនជា​យើង​ផលិត​បាន​កាន់តែច្រើន និង​ផលិត​បាន​គុណភាព​កាន់តែ​ល្អ នោះ​ប្រាក់ចំណូល​វា​កាន់តែ​ខ្ពស់​។ កាលណា​ប្រាក់ចំណូល​ខ្ពស់ យើង​អាចមាន​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង​។ ហើយ​នេះហើយ​ជា​ដំណើរការ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដ៏​សាមញ្ញ​មួយ​»​។​

​យ៉ាងណាមិញ លោក​បាន​បន្ថែមថា ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់ខ្លួន កម្ពុជា​ជួបនឹង​កត្តា​ប្រឈម​ធំៗ ដូចជា ខាង​គោលនយោបាយ សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ ការខ្វះ​ពលករ​មាន​ជំនាញ ផលិតភាព​ទាប ហេដ្ឋារចនាសម្ព័ន្ធ​នៅមានកម្រិត​ទាប ហើយ​ស្ថានភាព​ទីផ្សារ​មិនអាច​ទស្សន៍ទាយ​បាន និង​ថ្លៃ​សេវា​ដឹកជញ្ជូន និង​ថ្លៃ​អគ្គិសនី​ខ្ពស់​។​

«​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ដែលជា​ប្រទេស​តូច ហើយ​យើង​ត្រូវការ​ធនធាន ហើយ​យើង​នៅមាន​ជំនាញ​ថ្នាក់ទាប អញ្ចឹង​វា​កាន់តែ​សំខាន់​ចំពោះ​ប្រទេស​ខ្មែរ​យើង​សម្រាប់​បង្កើន​ភាព​ប្រកួតប្រជែង​នេះ​»​។​

​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​បង្កើត​ទីផ្សារ​ដ៏​ប្រកួតប្រជែង​រួមមួយ​រវាង​ប្រទេស​ជា​សមាជិក​នៃ​សមាគម​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន​នេះ​។ ហើយ​ទីផ្សារ​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែមករា ឆ្នាំ​២០១៦​នេះ​តទៅ​។​

​បើទោះបីជា​មានការ​សន្និដ្ឋាន​ថា កម្ពុជា​នឹង​មានឱកាស​ទទួលបាន​ប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​យ៉ាងណាក្តី ក៏​កម្ពុជា​ចាំបាច់​ត្រូវតែ​ពង្រឹង​ជំនាញ​របស់​ពលករ ពង្រឹង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​ពង្រឹង​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​។​

​ក្នុងអំឡុងពេល​ពី​រទ​ស​វត្សរ៍​កន្លងទៅនេះ កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​កម្ពុ​ជាមាន​អត្រា​ជា​មធ្យម​៧​ភាគរយ ដែល​មួយផ្នែកធំ​គឺ​ដោយសារ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍​។ ក៏ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​អាច​កើន​ប្រសើរ​ជាង​នេះ បើសិនជា​កម្ពុជា​អាច​ពង្រឹង​វិស័យ​កសិកម្ម គឺ​ពង្រីក​ផលិតផល​ស្រូវ​របស់ខ្លួន​។​

«​វិស័យ​កសិកម្ម ដែល​យើង​ត្រូវ​ពង្រឹង ពីព្រោះ​វិស័យនេះ​វា​អាចមាន​ផល​វិជ្ជមាន​ច្រើន​ដល់​សង្គម និង​សេដ្ឋកិច្ច​។ ជា​ឧទាហរណ៍ បើសិនជា​យើង​អាច​ពង្រឹង​វិស័យ​កសិកម្ម ពោលគឺ​បើសិនជា​យើង​អាច​ផលិត​ម្ហូបអាហារ បន្លែ សាច់ ម្ហូបអាហារ​ថោក​ជាង​មុន​នោះ វា​អាចជួយ​ដល់​ផលិតភាព​ដែរ ដោយសារតែ​ប្រជាជន​យើង​គាត់​អាច​បរិភោគ​អាហារ​ថោក​ជាង​មុន​។ អញ្ចឹង​ការចាយវាយ វា​អាច​ថោក​ជាង​មុន​»​។​

​យ៉ាងណាមិញ កំណើនសេដ្ឋកិច្ច​អាច​សម្រេច​ទៅបាន លុះត្រាតែ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​អំណោយផល​ដល់​បរិយាកាស​បណ្តាក់ទុន​ពី​ក្រុម​វិនិយោគទុន​បរទេស​។ ហើយ​ព្រឹត្តិការណ៍​នយោបាយ​ថ្មីៗ ដូចជា​ការវាយដំ​លើ​តំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង​ពីររូប​នោះ​គឺ​មិន​ជួយ​ដល់​បរិយាកាស​នយោបាយ​អ្វី​ទេ​។​

«​ជា​មូលដ្ឋាន យើង​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ពីព្រោះ​គ្មាន​ប្រទេស​ណា​អាច​រីកចម្រើន​បានទេ បើសិនជា​គ្មាន​ស្ថិរភាព​ទាំងពីរ​នេះ​ទេ​»​។​

​ក្រៅពី​ការពង្រឹង​ជំនាញ​របស់​ពលករ ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​ផលិតផល​កសិកម្ម​ដើម្បី​ឲ្យ​ភាព​ប្រកួតប្រជែង​កើន​បាន​មួយកម្រិត​ហើយ​នោះ  កម្ពុជា​ក៏​អាចមាន​ភាព​ប្រកួតប្រជែង​ល្អប្រសើរ​មួយកម្រិត​ទៀត តាមរយៈ​ការ​ង្រឹ​ង​គុណភាព និង​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំងឡាយ ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពងាយស្រួល និង​រលូន​សម្រាប់​អ្នកវិនិយោគទុន ហើយ​ធ្វើការ​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិស័យ​ឯកជន ដោយ​សម្រួល​ទៅតាម​នីតិវិធី​នៃ​ការធ្វើ​ពាណិជ្ជកម្ម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com