អន្តរជាតិ
អង្គការ​សង្គម​ស៊ីវិល​មាន​អារម្មណ៍​ថា អាស៊ាន​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ខ្លួន
22, Nov 2015 , 10:37 am        
រូបភាព
ដោយ: VOA
ដោយ Steve Herman
កូ​ឡា​ឡាំ​ពួរ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើងថា មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ធ្វើ​ព្រងើយកន្តើយ មិន​ខ្វល់ខ្វាយ​នឹង​សំឡេង​របស់​ពួកគេ​ឡើយ។ សហប្រធាន​នៃ​វេទិកា​សង្គម​ស៊ីវិល​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន​កំពុង​អង្វរករត្រង់ៗ ដល់​មេដឹកនាំ​នៃ​អង្គការ​តំបន់​អាស៊ាន ដោយ​និយាយថា៖ «ចូរ យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​សំឡេង​របស់​អង្គការ​សង្គម​ស៊ីវិល​ផង ពីព្រោះ​ពួកយើង មធ្យ័ត​អំពី​ការគាំទ្រ និង​ការការពារ​ពលរដ្ឋ​អាស៊ាន»។



លោក Jerald Joseph ហើយ​និង​តំណាងកំពូលៗនៃ​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន និង​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​បាន​សម្តែង​ការស្រងាកចិត្ត​របស់​ពួកគេ នៅឯ​សន្និសីទកាសែត​មួយ​ដែលមាន​អ្នកយកព័ត៌មាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ចូលរួម ទោះបី​ជាមាន​អ្នកយកព័ត៌មាន​រាប់រយ​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ក៏ដោយ។

លោក Joseph បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន ដោយ​លោក​សង្ឃឹមថា ពួកគេ​នឹង​ពាំនាំ​សារ​នេះ​ទៅកាន់​មេដឹកនាំ​អាស៊ាន ដែល​បាន​ច្រានចោល​សំណើ​របស់​ពួកគេ ក្នុងការ​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​ទាំងនោះ។

«ពួកយើង​ក៏​ជា​ប្រជាពលរដ្ឋ​របស់​អ្នក​ដែរ។ ពួកយើង​មិនមែន​ត្រូវបាន​គេ​នាំខ្លួន​ចូលមក​ទីនេះ​ទេ គឺ​ពួកយើង​រស់នៅ​ទីនេះ​តែ​ម្ត​ង‍។ ពួកយើង​ដកដង្ហើម​ចេញចូល​រៀងរាល់ថ្ងៃ និង​ដឹង​រឿងរ៉ាវ​ដែល​កើតឡើង​ប្រចាំថ្ងៃ​នៅទីនេះ។ ពួកយើង​តស៊ូ ព្យាយាម​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​របស់​ពួកយើង»។

លោក Joseph ដែលជា​សកម្មជន​សិទ្ធិមនុស្ស​ម៉ាឡេស៊ី និយាយ​បន្ថែមថា វា​ហាក់ដូចជា​គួរ​ឲ្យ​សោកសៅ​បន្តិច​ដែរ ដែល​គ្មាន​មេដឹកនាំ​អាស៊ាន​ណា​ម្នាក់​យល់ព្រម​រំលែក​ពេលវេលា​សូម្បីតែ១៥នាទី ដើម្បី​ស្តាប់​ការព្រួយបារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

ប៉ុន្តែ ប្រទេស​ហ្វីលីពីន​បាន​យល់ព្រម​ឲ្យ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ម្នាក់​ជួប​ជាមួយនឹង​តំណាង​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​មួយចំនួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប្រទេស​ចំនួន៣នៅ​សហភាព​អឺរ៉ុប​ក៏បាន​បញ្ចូល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទៅក្នុង​ការសន្ទនា​រយៈពេល៩០នាទី​របស់​ពួកគេ​ដែរ​កាលពី​ថ្ងៃ​ពុធ។ លោក Joseph ពន្យល់ថា៖ «នៅ​អឺរ៉ុប​មាន​លំហរ និង​ការគោរព​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ច្រើនជាង​ឆ្ងាយ​ណាស់»។

ថ្វីបើ​តំណាង​អង្គការ​សង្គម​ស៊ីវិល​មិនបាន​ណាយចិត្ត​ទាំងស្រុង​ក៏ដោយ ក៏​ពួកគេ​ក៏​ហាក់ដូចជា​ឃ្លាត​កាយ​បន្តិច​ដែរ ពីព្រោះ​ព្រឹត្តិការណ៍​របស់​ពួកគេ​ត្រូវបាន​រៀបចំឡើង​ចម្ងាយ​តែ​បី​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​មជ្ឈមណ្ឌល​សន្និបាត​កូ​ឡា​ឡាំ​ពួរ ដែលជា​កន្លែង​នៃ​កិច្ចប្រជុំ​កំពូល​នេះ។ សេចក្តីថ្លែងការណ៍​ស្តីពី​លទ្ធផល​ចុងក្រោយ ដែលមាន៩ចំណុច​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​ដូចជា​ខុសពី​ធម្មតា នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ ដែល​មើលទៅ​ហាក់ដូច​ជាមាន​ចេតនា​បញ្ជៀ​ស​ការប្រើ​ពាក្យសម្តី​ដែលមាន​លក្ខណៈ​បង្កហេតុ។

សេចក្តីថ្លែងការណ៍​បានសរសេរថា៖ «ដោយមាន​ការឆ្លើយតប​ដ៏​គួរ​ឲ្យ​សង្វេគ និង​មាន​លក្ខណៈ​ព្រងើយកន្តើយ​ពី​អាស៊ាន​ចំពោះ​បទ​អន្តរាគមន៍ និង​អនុសាសន៍​នានា​របស់​អង្គការ​សង្គម​ស៊ីវិល នៅក្នុង​រយៈពេល១០ឆ្នាំ​ចុងក្រោយ ដែល​ពួកគេ​បាន​ចូលរួម​កន្លងមកនេះ ពួកយើង​បាន​បង្ខំចិត្ត​សួរនាំ​អំពី​អត្ថន័យ​នៃ​វោហា​សាស្ត្រ​អំពី​អាស៊ាន​ដែល​ផ្តោតទៅលើ​ប្រជាពលរដ្ឋ និង​អាស៊ាន​ដែល​យក​ប្រជាពលរដ្ឋ​ជាធំ​នោះ»។

លោក Joseph បាន​និយាយថា៖«យើង​បាន​និយាយ​បែបនេះដដែលៗ អស់​រយៈពេល១០ឆ្នាំ​មកហើយ ហើយ​វា​ហាក់ដូចជា ម៉ាស៊ីន​ចាក់​ថាស​ចម្រៀស​មួយ​ដែល​ខូច​អញ្ចឹង។ យើង​ចង់បាន​អ្វីមួយ​សម្រាប់ធ្វើ​ឲ្យ​ម៉ាស៊ីន​ចាក់​ថាស​ចម្រៀង​នោះ​ចាប់ផ្តើម​ដើរ​ឡើងវិញ»។

លោក Phil Robertson នាយករង​ទទួលបន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ពុធ នៅឯ​សន្និសីទ​អង្គការ​សង្គម​ស៊ីវិល​ថា៖ «វា​ហាក់ដូច​ជាការ​ខំប្រឹង​បិទ​ចាហួយ​នៅលើ​ជញ្ជាំង​អញ្ចឹង ឬក៏​វា​ប្រៀបដូចជា​ការបោក​ក្បាល​របស់​ពួកយើង​ផ្ទប់​ជញ្ជាំង​ដូច្នោះ​ដែរ។ វា​ដូចជា​កិច្ចសន្ទនា​ដែលមាន​អ្នក​និយាយ​តែ​ម្ខាង រីឯ​ភាគី​ម្ខាង​ទៀត​ធ្វើ​ពត់​ជា​អ្នក​ស្តាប់»។

ជាគោលការណ៍ អាស៊ាន ដែលជា​អង្គការ​សេដ្ឋកិច្ច និង​នយោបាយ​ដ៏​សំខាន់​ក្នុង​តំបន់ មិន​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​របស់ខ្លួន​ឡើយ។ ការណ៍​នេះ​បានធ្វើ​ឲ្យ​សមាគម​នេះ​ទទួលរង​ការ​រិះគន់ថា ជា​ស្ថាប័ន​បានតែ​និយាយ​ឥត​បានការ ដោយ​គេច​ចេញពី​ការដោះស្រាយ​ជម្លោះ និង​បញ្ហា​ការទូត​ធ្ងន់ធ្ងរ​ក្នុង​តំបន់។

ឯកសារ​ចំនួន១៨ រាប់​ចាប់ពី​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​រហូតដល់​ស​ហ​ប្រតិបត្តិការ​ដែនសមុទ្រ​ក្នុង​តំបន់ គ្រោង​នឹងត្រូវ​បានអនុម័ត​ដោយ​មេដឹកនាំ​អាស៊ាន។ នេះ​បើ​យោងតាម​លោក Anifah Aman រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ដែល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំនេះ។ បន្ថែម​ពីនេះ​ទៀត ក្រុម​មេដឹកនាំ​អាស៊ាន​គ្រោង​នឹង​ចុះហត្ថលេខា​លើ​អនុសញ្ញា​មួយ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស នៅ​ថ្ងៃ​សៅរ៍។

កិច្ចប្រជុំ​កំពូល​នេះ​ក៏​នឹង​បើក​សម្ពោធន៍​ការចាប់ផ្តើម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ។ សហគមន៍​នេះ​មាន​ទំហំ​សេដ្ឋកិច្ច​រួម​ប្រហាក់ប្រហែល​នឹង​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទី៧ក្នុង​ពិភពលោក។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​មាន​គោលបំណង​បង្កើត​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​រួមមួយ ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង ដោយមាន​ចំនួន​ប្រជាជន​សរុប​ច្រើនជាង៦រយ​លាន​នាក់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​មន្ទិល​ចំពោះ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ ដោយ​ពោលថា គម្រោង​សមាហរណកម្ម​សេដ្ច​កិច្ច​ក្នុង​តំបន់​នេះ «មិនបាន​តម្រូវ​ឲ្យ​បណ្តា​ក្រុមហ៊ុន​នានា ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ហើយ​នឹង​បទដ្ឋាន​បរិស្ថាន និង​សង្គម​នោះទេ»។

ក្រុម​សកម្មជន និង​អ្នក​ដទៃទៀត​រំពឹង​តិចតួច​ណាស់​ថា ការព្រួយបារម្ភ​ទាំងនេះ​នឹងត្រូវ​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ​របស់​អាស៊ាន​នោះ។
លោក Grover Joseph Rees អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ទី​ម័​រ​ខាងកើត និយាយថា៖ «រដ្ឋាភិបាល​ភាគច្រើន​នៅលើ​លោក​នេះ​មិន​ចង់​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​ប្រាប់​ពួកគេ​នូវ​អ្វីដែល​ត្រូវធ្វើ​នោះទេ។ រដ្ឋាភិបាល​ជាច្រើន​នៅក្នុង​តំបន់​នេះ​មាន​ទ្រឹស្តី​មួយ​ដែល​និយាយថា ប្រសិនបើ​អ្នក​មិន​ជាប់ទាក់ទង​នឹង​រដ្ឋាភិបាល​ទេនោះ នោះ​អ្នក​ប្រហែលជា​មិនមាន​លក្ខណៈ​ស្របច្បាប់​ទេ»។

លោក Rees ដែល​បាន​ចូលរួម​នៅក្នុង​សន្និសីទ​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​ជាច្រើនលើក បានកត់សម្គាល់​ឃើញថា នៅមាន​រដ្ឋាភិបាល​ដឹកនាំ​តាមបែប​កាល់​ម៉ាក្ស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដូចជា វៀតណាម និង​ឡាវ​ជាដើម ដែលមាន​អង្គការក្រៅរដ្ឋាភិបាល​ក្លែងក្លាយ​របស់ខ្លួន ដែលមាន​វត្តមាន​នៅក្នុង​បន្ទប់​ប្រជុំ​នេះ ហើយ​ពួកគេ​ធ្វើ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​ឯករាជ្យ​ទៅជា​ខុសច្បាប់​ទៅវិញ។ ស្ថានភាព​នេះ​ក៏មាន​លក្ខណៈ​ដូចគ្នា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា (ភូមា) និងថ្មីៗនេះ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដែលមាន​អង្គការក្រៅរដ្ឋាភិបាល​ក្លែងក្លាយ​ជាច្រើន បានបង្ហាញ​មុខ នៅក្នុង​កិច្ចប្រជុំ​ទាំងនេះ។

ប៉ុន្តែ អ្នកសង្កេតការណ៍​មួយចំនួន​ក៏​មើលឃើញ​ដែរ​ថា អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​ក៏​គួរតែ​ទទួលខុសត្រូវ​មួយផ្នែក​ចំពោះ​អ​ប្រសិទ្ធភាព​របស់ខ្លួន​ក្នុងអំឡុងពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ នៅពេលដែល​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​ផ្តោត​ខ្លាំង​លើ​ការវាយប្រហារ​ទៅលើ​ក្រុមហ៊ុន​សាជីវកម្ម​ពហុ​ជាតិ ជាជាង​រិះគន់​រដ្ឋាភិបាល។

លោក Rees និយាយថា៖ «អង្គការក្រៅរដ្ឋាភិបាល ដែលមាន​និន្នាការ​ឆ្វេងនិយម មិន​ចាប់អារម្មណ៍​ទៅលើ​ការការពារ​ជនរងគ្រោះ​នៃ​រដ្ឋាភិបាល​ឆ្វេងនិយម​ទេ»។ វេទិកា​សង្គម​ស៊ីវិល​ក៏បាន​ចែកចាយ​ឯកសារ​របស់ខ្លួន ដោយមាន​តម្រូវការ​ជាច្រើន​ដែល​អ្នកការទូត និង​អ្នក​ការិយាធិបតេយ្យ​អាស៊ាន​ចាត់ទុកថា គួរ​ឲ្យ​ជិនឆ្អន់​ដែរនោះ។ ថ្មីៗនេះ ក្រុម​អ្នកសង្កេតការណ៍​បានកត់សម្គាល់​ឃើញថា ឯកសារ​ស្តីពី​លទ្ធផល​ចុងក្រោយ​របស់​អង្គការ​សង្គម​ស៊ីវិល​មាន​ខ្លឹមសារ​បែប​បន្ទន់ឥរិយាបទ​បន្តិច។

លោក Rees បាន​និយាយថា៖ «ពួកគេ​បាន​ផ្ចង់អារម្មណ៍​កាន់តែច្រើន​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស ហើយ​មិនសូវ​ផ្តោតទៅលើ​បញ្ហា​កំ​ប៉ិច​កំប៉ុក​ច្រើន​ទេ ប៉ុន្តែ​ការណ៍​នេះ​នៅតែ​មិនបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាស៊ាន មាន​ឆន្ទៈ ស្តាប់​ពួកគេ​ដដែល»។

សន្និសីទ​សង្គម​ស៊ីវិល និង​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នឹងមិន​ព្យាយាម​សម្តែង​ការព្រួយបារម្ភ​របស់​ពួកគេ​ទេ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំក្រោយ នៅ​ប្រទេស​ឡាវ។ ក្រោយពី​រដ្ឋាភិបាល​ឡាវ​បាន​ហាមប្រាម​មិន​ឲ្យ​មានការ​លើកឡើង​អំពី​ប្រធានបទ​ទាក់ទង​នឹង​សិទ្ធិមនុស្ស​នោះ អង្គការក្រៅរដ្ឋាភិបាល​បានសម្រេច​ចិត្ត​លើក​ព្រឹត្តិការណ៍​របស់​ពួកគេ​ទៅធ្វើ​នៅឯ​ប្រទេស​ទី​ម័​រ​ខាងកើត​វិញ នៅ​ឆ្នាំ២០១។

សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​សង្គម​ស៊ីវិល​លើកឡើងថា នៅក្នុង​ប្រទេស​ឡាវ​មិនមាន​ការធានា​អំពី​លំហរ​សុវត្ថិភាព​សម្រាប់​ការពិភាក្សាគ្នា​ដោយ​បើកចំហ និង​មាន​លក្ខណៈ​ស្ថាបនា​នោះទេ៕

ប្រែ​សម្រួល​ដោយ សាយ មុន្នី
សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ




© រក្សាសិទ្ធិដោយ thmeythmey.com