កីឡាជាតិ
ជាតិ
ចិន៖ ជម្រើសជាតិកម្ពុជាឈ្នះ ក្រុម Lao Champa ២១-០ ខណៈឧត្តមរកបាន៨គ្រាប់
×
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលជ័យជម្នះដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការប្រកួតដណ្តើមពានរង្វាន់មិត្តភាពអន្តរជាតិ 2015 Yunnan, Asean International Football Open Tournament នៅកីឡដ្ឋាន MANGSHI STADIUM ក្នុងយូណាន ប្រទេសចិន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ។ ពួកគេបានយកឈ្នះក្រុម Lao Champa របស់ឡាវក្នុងលទ្ធផល ២១-០ ។
ប្រាក់ មុន្នីឧត្តម ដែលបានទម្លាយសំណាញ់៣គ្រាប់ក្នុងជ័យជម្នះ ៣-១ លើក្លិបចិន Baotau Nanjiao បានក្លាយជាតារាឆ្នើមម្តងទៀតក្នុងជំនួបថ្ងៃនេះជាមួយក្រុមឡាវ Lao Champa។ ក្នុងជ័យជម្នះសរុប ២១-០ របស់ក្រុមជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម រកបានតែម្នាក់ឯងចំនួន៨គ្រាប់ ទូច រ៉ូម៉ា រកបាន៤គ្រាប់ កែ វណ្ណៈ រកបាន៣គ្រាប់ ខណៈ ផាន់នី អ៊ីរដ្ឋា, ខែក ខេមរិន្ទ, ស៊ុន វ៉ាន់ដេត, ច្រឹង ពលរដ្ឋ, ឈិន ឈឿន និងទិត្យ ឌីណា បន្ថែមបានម្នាក់១គ្រាប់។
ក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងចំណោមក្រុមជម្រើស និងក្លិបចំនួន៩ ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រកួតដណ្តើមពានរង្វាន់ មិត្តភាព 2015 Yunnan, Asean International Football Open Tournament នៅក្នុងយូណាន ប្រទេសចិន។ កម្ពុជា បង់ក្លាដែស និងមីយ៉ាន់ម៉ា តំណាងដោយក្រុមជម្រើសជាតិ ខណៈឡាវ វៀតណាម និងម្ចាស់ផ្ទះ តំណាងដោយក្លិប។
យោងតាមកម្មវិធីប្រកួតរបស់កម្ពុជា ដែលស្ថិតនៅក្រុមពូល A ក្រោយជួបជាមួយក្លិប Lao Champa របស់ឡាវ ពួកគេនឹងបន្តតទល់បន្ថែមទៀតជាមួយក្លិប Hanoi T&T របស់វៀតណាម និងក្លិប Yuannan របស់ម្ចាស់ផ្ទះចិន៕
Tag:
បាល់ទាត់
ជម្រើសជាតិកម្ពុជា
015 Yunnan
Asean International Football Open Tournament
© រក្សាសិទ្ធិដោយ thmeythmey.com