ពីនេះ ពីនោះ
ចង់​ឲ្យ​ទីក្រុង​មាន​ភាពស្រស់ស្អាត តែ​ពលរដ្ឋ​នៅ​ខ្វះ​ស្មារតី​ចូលរួម​ដោះស្រាយ​!
24, Nov 2015 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅតាម​ដង​វិថី​មួយចំនួន ទីសាធារណៈ​មួយចំនួន ផ្សារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​គឺជា​កន្លែង​ដែលមាន​ការប្រកួតប្រជែង​ពិ​ព័ណ៌​សំរាម ដែល​កើតចេញពី​ការ​ទុកដាក់​របស់​ប្រជាពលរដ្ឋ អាជីវករ​ដែល​រស់នៅ លក់ដូរ​នៅតាម​តំបន់​ទាំងនោះ​។ នៅពេល​មាន​រូបភាព​បែប​នោះ មាន​សាធារណជន​មួយចំនួនធំ​ហាក់​មានការ​បន្ទោស​ទៅ​អាជ្ញាធរ និង​រដ្ឋ​ថា​មិន​ព្រម​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ និយាយ​ចុះ​និយាយ​ឡើង​ក្នុង​ចេតនា​មួយ​គឺ​ដាក់បន្ទុក​ទៅលើ​រដ្ឋ​ដែលជា​អ្នកទទួលបន្ទុក​ដោះស្រាយ  ដោយ​មិន​រាប់បញ្ចូល​ខ្លួនឯង​ផ្ទាល់​។​


 
​នៅក្នុង​ច្បាប់​ច្បាស់​ណាស់​មន្ត្រី​រដ្ឋ​គឺ​ត្រូវមាន​ភារកិច្ច និង​កាតព្វកិច្ច​ដើម្បី​បម្រើ​សេវាកម្ម​និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពល​រដ្ន​នៅក្នុង​សង្គម​។ ក៏ប៉ុន្តែ​ពេលខ្លះ​ពឹង​តែ​រដ្ឋ ដែលជា​អ្នកដើរ​តួនាទី​ដោះស្រាយ តែ​ខ្វះ​ការចូលរួម​ពី​ប្រជាពលរដ្ឋ គឺ​ពិតជា​ពិបាក​ក្នុង​ការធ្វើ​កិច្ចការ​ទាំងនោះ​ណាស់​។ 
 
​តាមពិតទៅ​ប្រជាពលរដ្ឋ​បច្ចុប្បន្ននេះ​គឺ​នៅមានកម្រិត​ភាព​ស្អាត និង​ការយល់ដឹង​ពី​អនាម័យ និង​ការថែរក្សា​បរិស្ថាន​ដែល​ខ្លួន​រស់នៅ កន្លែង​ខ្លួន​ធ្វើការ និង​ទីកន្លែង​កំសាន្ត​ដែល​ខ្លួន​ទៅ​កំសាន្ត​នៅមានកម្រិត​នៅឡើយ​។ ហើយ​នៅតាម​ទីកន្លែង​ទាំងនោះ​ប្រជាពលរដ្ឋ​ខ្លួនឯង​ជា​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ រស់នៅ​ជាមួយ​ប្រចាំថ្ងៃ មើលឃើញ​ប្រចាំថ្ងៃ ជួបប្រទះ​ប្រចាំថ្ងៃ ហើយ​ប្រជាពលរដ្ឋ​ផ្ទាល់​ក៏​ជា​អ្នកធ្វើ​ឲ្យ​ទីកន្លែង​ទាំងនោះ ស្អាត ឬ​កង្វក់​ប្រចាំថ្ងៃ​ដូចគ្នា​។ ជាពិសេស​ដូចជា​នៅតាម​ដង​វិថី ទីធ្លា​សាធារណៈ ទីផ្សារ​មួយចំនួន​ជាដើម​នោះ​។ 
 
​នៅពេល​ឃើញ​ស្ថានភាព​ទីក្រុង​កាន់តែ​សម្បូរ​សំរាម កាន់តែ​សម្បូរ​ក្លិនស្អុយ មិនមាន​សណ្ដាប់ធ្នាប់ ខ្វះ​សោ​ភ័​ណ្ឌ​ភាព​លើ​តំបន់​មួយចំនួន​នោះ សាធារណជន​ទាំងនោះ​បានដាក់​សម្ពាធ​ស្ទើរ​ទាំងស្រុង​ទៅលើ​ចំណាត់ការ​របស់​រដ្ឋ​ថា​មិន​ព្រម​ចាត់វិធានការ​ក្នុងនាម​ជា​អាជ្ញាធរ​។ ហើយ​ពលរដ្ឋ​មួយចំនួន​ហាក់​មានការ​បោះបង់ចោល​អ្វី​ដែលជា​កាតព្វកិច្ច របស់ខ្លួន​ក្នុងនាម​ពលរដ្ឋ ដែល​ត្រូវ​ចូលរួម​បង្កើន​ភាពស្រស់ស្អាត​នៃ​ទីក្រុង​។ 
 
​និយាយ​បែបនេះ​មិនមែនជា​ការដាក់បន្ទុក​ឬ ដាក់​កំហុស​ទៅលើ​សាធារណជន​នោះទេ​។ ប៉ុន្តែ​ដើម្បី​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​គឺ​ទាមទារ​ឲ្យ​មាន​ចូលរួម និង​សហការគ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​។ ហើយ​អាជ្ញាធរ​ត្រូវតែមាន​វិធានការ​ច្បាស់លាស់​ក្នុងការ​អប់រំ និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ទុកដាក់​សំរាម ចំណែក​ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណជន ក៏​ត្រូវតែ​ប្រកាន់​ភ្ជាប់​ភាព​ស្អាត សណ្ដាប់ធ្នាប់ និង​អនាម័យ​ផ្ទាល់ខ្លួន​ផងដែរ​។ ហើយ​ពេលខ្លះ​សាធារណជន​ក៏ត្រូវ​ទទួលស្គាល់​ខ្លួនឯង​ផងដែរ ថា​មិនបាន​ចូលរួម​សម្អាត​ក្រុង​នោះទេ​។ ប្រសិនបើ​បែបនេះ​គឺ​ចាំបាច់​ត្រូវតែ​ពិចារណ​ឡើងវិញ​ពី​ឥរិយាបថ​ប្រចាំថ្ងៃ​របស់ខ្លួន​ឡើងវិញ ទាំង​ពាក្យរិះគន់​ខ្វះ​មូលដ្ឋាន​ស្ថាបនា និង​សកម្មភាព​ធ្វើ​ឲ្យ​ទីក្រុង​ខ្វះ​នូវ​សោ​ភ័​ណ្ឌ​ភាព​៕

Tag:
 ពីនេះពីនោះ
© រក្សាសិទ្ធិដោយ thmeythmey.com