ជាតិ
កម្ពុជា​ជា​កន្លែង​ដ៏​មាន​គ្រោះថ្នាក់​បំផុត​មួយ​សម្រាប់​អ្នកកាសែត​បរិស្ថាន​
09, Dec 2015 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​២០១២​មក យ៉ាងហោចណាស់​មាន​អ្នកសារព័ត៌មាន​និង​សកម្មជន​បរិស្ថាន​បួនរូប​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ប្រទេស​កម្ពុជា ពេលដែល​ពួកគាត់​កំពុង​បំពេញការងារ​។ អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Sans Frontières - RSF) ដែលជា​អង្គការ​ឯករាជ្យ​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បានដាក់​ប្រទេស​កម្ពុជា ជា​កន្លែង​ដ៏​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកសារព័ត៌មាន​បរិស្ថាន​។



​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងប្រទេស​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកកាសែត​បរិស្ថាន ដែល​ធ្វើការ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​បរិស្ថាន និង​ការកាប់បំផ្លាញ​ព្រៃឈើ​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​។​

​របាយការណ៍​ដែលមាន​កម្រាស់​២៨​ទំព័រ​ក្រោម​ចំណងជើង​ថា «​បរិយាកាស​អមិត្ត​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​បរិស្ថាន​» នេះ ហើយ​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន ក៏បាន​ឱ្យដឹងថា មាន​អ្នកកាសែត​បរិស្ថាន​ចំនួន​១០​ត្រូវបាន​គេ​សម្លាប់​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​៤​នាក់​ជា​អ្នកកាសែត​មកពី​ប្រទេស​កម្ពុជា​។​

​របាយការណ៍​ខាងលើ​បានដាក់​ប្រទេស​កម្ពុជា​នឹង​ប្រទេស​ឥណ្ឌា​ជាទី​ដែល​អ្នកកាសែត​បរិស្ថាន ជួប​បញ្ហា​ប្រឈម​គ្រោះថ្នាក់​បំផុត ដោយ​លើក​អំណះអំណាង​របស់ខ្លួន​ថា​មាន​សញ្ញា​នៃ​ការ​គម្រាមកំហែង​និង​ការបាញ់សម្លាប់​អ្នកព័ត៌មាន​ក្នុងស្រុក​នោះ​។​

​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​បាន​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «RSF សូម​ស្នើឱ្យ​អាជ្ញាធរ​ទាំងពីរ​ប្រទេស​រៀបចំ​ធ្វើការ​ស៊ើបអង្កេត​ប្រកបដោយ​ភាព​ម៉ត់ចត់ និង​តម្លាភាព​ទៅលើ​ករណី​ឃាតកម្ម​ដែលមាន​ច​រឹត​ព្រៃផ្សៃ​ទៅលើ​អ្នកសារព័ត៌មាន​ទាំងនោះ ក្នុង​គោលដៅ​ស្វែងរក​ជនដៃដល់​មក​ទ​ទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។​

​របាយការណ៍​ដដែល​បាន​បន្តថា ចាប់តាំងពី​ឆ្នាំ​២០១២​មក ហេតុការណ៍​បាញ់​បាញ់សម្លាប់ អ្នកសារព័ត៌មាន​និង​សកម្មជន​ព្រៃឈើ​ចំនួន​៤​លើក​។ RSF ក៏បាន​បញ្ជាក់ថា ករណី​ទាំង​បួន​នៅ​កម្ពុជា​រួមមាន ការសម្លាប់​ញាត់​ក្នុង​រថយន្ត​ទៅលើ​លោក ហង្ស សេរី​ឧត្ដម អ្នកកាសែត​«​វីរជន​» នៅ​ខេត្ត​រតនគីរី ក្នុង​ឆ្នាំ​២០១២​។ នៅ​ឆ្នាំ​ដដែល សកម្មជន​បរិស្ថាន​ល្បីល្បាញ លោក ឈុត វុទ្ធី ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​បាញ់​ស្លាប់​ក្នុង​ខេត្តកោះកុង ពេលដែល​លោក នាំ​ផ្លូវ​អតីត អ្នកសារព័ត៌មាន​ពីររូប​របស់​កាសែត​ដឺ​ខេ​ម​បូ​ឌា​ដេលី ចុះ​ពិនិត្យមើល​ករណី​កាប់​ឈើ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​មួយកន្លែង​នៅ​ទីនោះ​។ ហើយ​មូលហេតុ​នៃ​ការបាញ់សម្លាប់​រូបលោក មិនត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​នៅឡើយ​។​

RSF ក៏បាន​រាប់បញ្ចូល​ផងដែរ​ករណី​សម្លាប់​របស់លោក តាំង ទ្រី អ្នកកាសែត «​វាល​ឥន្ទ្រី​យ៍​« នៅ​ខេត្តក្រចេះ និង​ការ​វាយ​សម្លាប់​លោក សួន ចាន់ អ្នកកាសែត «​មាគ៌ា​កម្ពុជា​» ក្នុង​ខេត្តកំពង់ឆ្នាំង​កាលពី​ឆ្នាំ​២០១៤​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គីម​សេង បាន​យល់ស្រប​ថា អ្នកកាសែត​បរិស្ថាន​ដែល​ធ្វើការ​រាយការណ៍​ពី​ការកាប់បំផ្លាញ​ព្រៃឈើ នៅតាម​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា ពិតជា​ជួប​បញ្ហា​ប្រឈម​ទាក់ទិន​នឹង​បញ្ហា​សុខ​សុវត្ថិភាព​ពេល​បំពេញការងារ​ពិតមែន​។​

​លោក គឹម​សេង បាន​លើកឡើងថា អ្នកសារព័ត៌មាន​ខ្លួន​ឯង គួរតែមាន​ស្មារតី ប្រយ័ត្នប្រយែង និង​ត្រូវ​ពិចារណា​ឡើងវិញ បើសិនជា​ត្រូវធ្វើ​ការចុះ​ទៅយក​ព័ត៌មាន​នៅ​តំបន់​ដែល​ខ្លួន​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុវត្ថិ​ភាពខ្លាំង ដែលជា​ចំណុច​ដែល​លោក​ស្នើ​ដល់​ការធ្វើ​របាយការណ៍​ក្រោយៗ​របស់ RSF​។​

«​ក្រុម​អង្គការ​ទាំងនោះ គួរតែ​ពិនិត្យ​មើលថា​តើ​អ្នកសារព័ត៌មាន​ស្រុក​ខ្មែរ នៅ​ខ្វះចន្លោះ​ត្រង់ណា ដោយ​ពួកគាត់​ជា​អង្គការ​អន្តរជាតិ គាត់​មាន​បច្ចេកទេស គាត់​មាន​ថវិកា គាត់​[​គួរតែ​]​ដាក់​ធនធាន​ទាំង​នោះមក បង្ហាត់បង្រៀន​ណែនាំ​អ្នកកាសែត​យើង​ទៅ​។ ហើយ​បើ​គាត់​ចង់ដឹង​[​លម្អិត​] គាត់​ហៅ​អ្នកសារព័ត៌មាន​[​បរិស្ថាន​]​ទាំងនោះ​តាម​តំបន់​ដាច់ស្រយាល​មកជួប​ជុំ ថា​តើ​គាត់​ធ្វើការ​របៀប​ណា គាត់​យក​ព័ត៌មាន​របៀប​ណា យើង​ធ្វើ​ដូច្នេះ​ក៏​ល្អ​ម្យ៉ាងដែរ​»​។​

​ប្រធាន​ក្រុមប្រឹក្សា​ក្រមសីលធម៌​អ្នកសារព័ត៌មាន​កម្ពុជា លោក សេក បរិសុទ្ធ បាន​និយាយថា ថ្វីបើ​កន្លងមក​មាន​ក​រ​ណី​ខ្លះ​ដែល​អ្នកសារព័ត៌មាន​មួយចំនួន ធ្វើ​ខុសពី​គន្លង​សីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ដោយ​ប្រើ​ឈ្មោះ​ស្ថាប័ន​របស់ខ្លួន ទៅ​ជម្រិត​ទារលុយ​ក្រុម​អ្នករកស៊ី​ឈើ​ក៏ពិតមែន តែ​ករណី​ធ្វើឃាត​ប្រឆាំង​ពួកគេ គួរតែ​ត្រូវបាន​ថ្កោលទោស និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​។​

«​វា​មិនមាន​ហេតុផល​អ្វីដែល​អ្នកកាសែត​ត្រូវ​ទទួលផល​លំបាក​មកវិញ​ដោយសារ​ការងារ​របស់​ខ្លួន​រហូតដល់​មាន​គ្រោះថ្នាក់ ត្រូវបាន​សម្លាប់​នោះ វា​មិន​ត្រឹមត្រូវ​ទេ​»​។ លោក​បាន​បន្តថា​៖ «​ខ្ញុំ​យល់ថា​អ្នកកាសែត​ត្រូវតែ​ទទួល​កិច្ចការពារ​»​។​

​លោក សេក បរិសុទ្ធ បាន​បន្ថែមទៀតថា ការប្រើ​អំពើហិង្សា កម្លាំងបាយ និង​ឃាតកម្ម​ប្រឆាំង​អ្នកកាសែត​បរិស្ថាន បានផ្ដល់​ជាការ​គំរាមកំហែង​ដល់​វិស័យ​សារព័ត៌មាន​ជាទូទៅ ហើយ​ប៉ះពាល់​ដល់​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​ទៀតផង​។​

​គ្រាន់តែ​ក្នុង​សប្ដាហ៍​ទីមួយ​នៃ​ខែធ្នូ​នេះ សារព័ត៌មាន​ក្នុងស្រុក​របស់​កម្ពុជា​បាន​រាយការណ៍​រហូតដល់​ទៅ​ពីរ​ករណី ទាក់ទិន​អំពើហិង្សា និង​ការប៉ុនប៉ង​ប្រើ​ហិង្សា​ប្រឆាំងនឹង​អ្នកសារព័ត៌មាន ពី​សំណាក់​ក្រុម​អ្នករកស៊ី​ឈើ​ក្នុង​ខេត្តកំពង់ធំ និង​ខេត្តបន្ទាយមានជ័យ​។​

​យ៉ាងណាក៏ដោយ មកទល់នឹង​ដំណាច់ឆ្នាំ​២០១៥​នេះ ដំណើរ​ស្វែងរក​យុត្តិធម៌ នាំយក​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​ដែលមាន​ច​រឹត​ព្រៃផ្សៃ​ទៅលើ​អ្នកសារព័ត៌មាន និង​សកម្មជន​ព្រៃឈើ​កម្ពុជា​ទាំង​៤​រូបនោះ​នៅ​មិន​មិនទាន់​ប្រព្រឹត្ត​ទៅដោយ​ពេញលេញ​នៅឡើយ​ទេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com