ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន នៅតែ​យល់ថា អាមេរិក​គួរ​ឈប់​ប៉ង​ទម្លាក់​អាសាដ​
10, Dec 2015 , 10:42 am        
រូបភាព
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន នៅ​ថ្ងៃ​ម្សិលមិញ​បាន​រិះគន់​សារជាថ្មី​ពី​វិធានការ​កម្ចាត់​ក្រុមភេរវជនរដ្ឋឥស្លាមឬ ​​ដែ​ស្ហ (Daesh) ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដែលមិនឯកភាព​និង​ចុះសម្រុង​គ្នា​សោះ​។ លោក​នៅ​បញ្ជាក់​ផងដែរពីការពិចារណា​ឡើងវិញ​នូវ​នយោបាយ​វាយ​របប​លោក បា​សា អាល់​អាសាដ​ផង វាយ​ក្រុម​ភេរវជន​ផង ព្រោះ​ពេលណា​រដ្ឋាភិបាល​លោក អាសាដ​ចុះខ្សោយ វា​មិន​ខុសពី​ជួយ​ឲ្យ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ​កាន់តែខ្លាំង​ឡើយ​។


 
​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​លើក​ទី​៨ របស់​សភា​តំបន់​អាស៊ី​ស្តីពី​«​ការជំរុញ​សន្តិភាព​, ការផ្សះផ្សា​និង​សន្ទនា​នៅ​តំបន់​អាស៊ី​» ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ឆ្លៀត​លើកឡើង​ពី​កិច្ចសន្ទនា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កន្លងមក​ក្នុង​វេទិកា​អាស៊ាន​-​អាមេរិក​ពី​រដង​រួចមកហើយ​នោះ​ជុំវិញ​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ភេរវជន​កន្លងមក​។ 
 
​ទោះបី​មិននិយាយ​ចំៗ​ក៏ដោយ​ការលើក​រឿងនេះ​ជា​ឧទាហរណ៍ គឺជា​ការរិះគន់​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ចំពោះ​ការប្រើប្រាស់​ស្តង់ដា​ច្រើន​ជាន់​របស់​មហាអំណាច​អាមេរិក​ក្នុង​អន្តរាគមន៍​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ ក្នុងប្រទេស​ស៊ី​រី និង​ការមិនចុះសម្រុង​គ្នា​រវាង​ប្រទេស​ពាក់ព័ន្ធ​។  តែ​លោក ហ៊ុន សែន ក៏​បន្ត​ការអំពាវនាវ​របស់លោក ឲ្យ​មានការ​ទុក​ជម្លោះ​ដោយឡែក ហើយ​ងាក​មក​ចាប់ដៃគ្នា​ប្រឆាំង​ភេរវកម្ម រួមទាំង​ពិចារណា​ពី​គោលនយោបាយ​ប្រឆាំង​ភេរវកម្ម​តែ​ឆ្លៀត​វាយ​សំពង​របប​ដឹកនាំ​លោក អាសាដ ថែមទៀត​។ 
​យោងតាម​សម្តី​លោក ហ៊ុន សែន ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ឆ្នាំមុន​នៅ​ទីក្រុង​ណៃ​ពី​ដ៍​មី​យ៉ាន់​ម៉ា លោក​បាន​ចោទសួរ​ចំៗ​ទៅ​លោក អូ​បា​ម៉ា ពី​អន្តរាគមន៍​របស់​អាមេរិក​នៅ​ស៊ី​រី​ក្រោមលេស​កម្ចាត់​ក្រុម​ភេរវជន​ផង តែ​ឆ្លៀត​វាយប្រហារ​រដ្ឋាភិបាល​លោក​អាសាដ​ផង​នោះ​។ 
 
​លោក​លើកឡើងថា​៖« ដៃ​ម្ខាង​វាយ​អាសាដ ដៃ​ម្ខាង​វាយ​ក្រុម​ អាយ​ស៊ី​ស (ISIS) វា​គ្រាន់តែ​ជា​គណិតវិទ្យា មួយ​ដក​មួយ​ស្មើ​សូន្យ​ប៉ុណ្ណោះ​»​។ លោក​សង្កត់​ធ្ងន់​ថា  កាលណា​ធ្វើ​ឲ្យ​របប​អាសាដ​ទន់ខ្សោយ ដូចដែល​អនុវត្ត​កន្លងមក​វា​ត្រឹមតែ​ជួយ​ឲ្យ​ក្រុម​ភេរវជន​រដ្ឋឥស្លាមឬក្រុមដែ​ស្ហ បង្កើន​កម្លាំង​របស់ខ្លួន​ប៉ុណ្ណោះ​។​
 
​លោក​បាន​អំពាវនាវ​ម្តងទៀត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យឡើងវិញ​នូវ​នយោបាយ​ប្រឆាំង​ភេរវកម្ម  ទុក​ជម្លោះ​មួយ​ឡែក ត្រលប់មក​រួម​កម្លាំង​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវជន ហើយ​ពិចារណា​ផ្លាស់ប្តូរ​គោលនយោបាយ​ចំពោះ​របប​ដឹកនាំ​ស៊ី​រី​របស់ លោក បា​សា អាល់​អាសាដ ផងដែរ​។

ទាក់ទិន​នឹង​ការពិចារណា​ពី​នយោបាយ​ចំពោះ​របប​អាសាដ​នេះ លោក ហ៊ុន សែន ប្រហែល​សំដៅលើ​ការ​ត្រលប់មក​ចាប់ដៃគ្នា​និង​ឈប់​វាយ​របប​អាសាដ ព្រោះ​របប​អាសាដ​ក៏​ចាត់ទុក​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហជា​សត្រូវ​ដែរនោះ​។

លោក ហ៊ុនសែន​ ក៏ឆ្លៀត​ប្រៀបធៀប​ដែរ​រវាង​កម្លាំង​រដ្ឋ​ប្រឆាំង​ភេរវជន​និង​ក្រុម​ភេរវជន​ផ្ទាល់​ថា ព្រោះ​ក្រុម​ភេរវជន​មាន​ឯកភាពគ្នា ដែល​មានន័យថា​ទោះ​ក្រុម​ណា​ក្តី តែ​ពួកគេ​ឯកភាពគ្នា​ដើម្បី​បំផ្លាញ​អាយុជីវិត​ប្រជាជន​ស្លូតត្រង់​តែប៉ុណ្ណោះ​។​
 
​ការលើកឡើង​របស់លោក ហ៊ុន សែន បែបនេះ ក៏​ដោយសារ​យុទ្ធនា​ការប្រឆាំង​ក្រុម​ភេរវជន​មិនមាន​ប្រសិទ្ធភាព ហើយ​បញ្ហា​វា​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ព្រោះ​ក្រុម​ភេរវជន​បន្ត​អុកឡុក​គ្រប់​ទីកន្លែង រហូតដល់​អឺរ៉ុប និង​អាមេរិក​ថែមទៀត​។  

 យ៉ាងណាមិញ មិនមែន​មានតែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ទេ​ដែល​ចង់​ឲ្យ​មានការ​បញ្ឈប់ការប៉ង​ទម្លាក់​លោក អាសាដ ពី​តំណែង​ ហើយ​ត្រលប់មក ពង្រឹង​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ សូម្បី​អ្នកនយោបាយ​អាមេរិក​ និង​បារាំង ​ក៏​ផ្លាស់ប្តូរ​ជំហរ​ប្រឆាំង​រដ្ឋាភិបាល​នេះដែរ​។ 
 
​តាំងពី​មានការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​បាន​ចេញមុខ​ស្នើសុំ​ឲ្យ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ឈប់​បំណង​ទម្លាក់​លោក បា​សា អាល់ អាសាដ ពី​តំណែង ដោយ​ត្រលប់មក​ពង្រឹង​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ដែ​ស្ហ​វិញ​ទើប​ប្រសើរ​ជាង​។ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជឿជាក់ថា ការទម្លាក់​លោក អាសាដ លែង​ជា​ចំណុច​ស្នូល​នៃ​ការដោះស្រាយ​បញ្ហា​ភេរវកម្ម ដូចដែល​លោក អូ​បា​ម៉ា អះអាង​ទៀតហើយ​។  
 
​ចំណែក​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ឯណោះ​វិញ​ក៏បាន​ផ្លាស់ប្តូរ​ជំហរ​បន្តិច​ដែរ ដោយ​លោក​លែង​មើលឃើញ​លោក អាសាដ ជា​គ្រោះថ្នាក់​ខ្លាំង​ទៀត​។ លោក​ធ្លាប់​អះអាងថា សត្រូវ​បារាំង​មិនមែន​លោក អាសាដ ទេ តែ​ជា​ក្រុម​រដ្ឋ​ដែ​ស្ហ​ឯណោះ​វិញ​ទេ​។ កន្លងមក លោក អាសាដ ជា​បន្លា​ក្នុង​ក្រសែរ​ភ្នែក​រដ្ឋាភិបាល​បារាំង ហើយ​បារាំង​តែង​អះអាងថា ដំណោះស្រាយ​នៅ​ស៊ី​រី​អាច​កើតឡើង​បាន​ដរាបណា​អាសាដ ចុះ​ចែង​ពី​តំណែង​។​
 
​ចំណែក​មេដឹកនាំ​បក្សប្រឆាំង​មាន​និន្នាការ​ស្តាំ គឺ​បក្ស​រណសិរ្ស​ជាតិ លោកស្រី Marine  Le Pen ដែល​បក្ស​លោកស្រី​ទើប​ឈ្នះ​ការបោះឆ្នោត​ថ្នាក់​តំបន់​កាលពី​សប្តាហ៍​មុន​ផង​នោះ បានបង្ហាញ​ជំហរ​កណ្តាល​មួយ​ដោយ​លោកស្រី​អះអាងថា របប​ដឹកនាំ​ដែលមាន​ស្រាប់​នៅ​ស៊ី​រី វា​ប្រាកដជាប្រសើរ​ជាង​រដ្ឋ​ដែល​បង្កើត​ដោយ​ក្រុម​ភេរវជន​ដែ​ស្ហ​។ ទោះ​មិន​និយាយ​ចំ​ក៏ដោយ លោកស្រី​ចង់​បញ្ជាក់ថា ទោះបីជា​បារាំង​មិន​ពេញចិត្ត​លោក អាសាដ ក៏ដោយ ការទប់ស្កាត់​ក្រុម​ភេរវជន​វា​សំខាន់​ជា​អ្វី​ទាំងអស់​៕  

Tag:
 ហ៊ុន សែន
  ISIS
© រក្សាសិទ្ធិដោយ thmeythmey.com