ជាតិ
ខួប​មួយឆ្នាំ​៖ លោក ចាន់ សុ​វ៉េ​ត នៅតែ​ស្ថិតក្នុង​ចិត្ត​អ្នក​ស្រឡាញ់​សិទ្ធិមនុស្ស​
10, Dec 2015 , 12:17 pm        
រូបភាព
រូបថតសពលោក ចាន់ សុវ៉េត និងភរិយា ព្រមទាំងកូនទាំង ៣ របស់លោកក្នុងពិធីបុណ្យ​សពលោក ចាន់ សុវ៉េត កាលពីឆ្នាំទៅ
រូបថតសពលោក ចាន់ សុវ៉េត និងភរិយា ព្រមទាំងកូនទាំង ៣ របស់លោកក្នុងពិធីបុណ្យ​សពលោក ចាន់ សុវ៉េត កាលពីឆ្នាំទៅ
ដោយ:
 
​ថ្ងៃនេះ​ជា​ខួប​មួយឆ្នាំ​នៃ​មរណភាព​លោក ចាន់ សុ​វ៉េ​ត សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​។ លោក ចាន់ សុ​វ៉េ​ត បានទទួល​មរណភាពដោយសារ​ជំងឺ​គាំង​បេះ​ដូង​​កាលពី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៤ ដែលជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។​



​មរណភាព​របស់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រូបនេះ មិនមែន​តែម​ន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​ស្រឡាញ់​សិទ្ធិមនុស្ស គណបក្សប្រឆាំង សោកស្តាយ​នោះទេ តែ​មន្ត្រី​រដ្ឋាភិបាល​ក៏​ស្តាយស្រណោះ​លោក ចាន់ សុ​វ៉េ​ត ផងដែរ​។ នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅថ្ងៃនេះ សកម្មជន​សិទ្ធិមនុស្ស ប្រជាពលរដ្ឋ​រាប់ពាន់នាក់ បាន​គោរព​វិញ្ញាណក្ខន្ធ​លោក ចាន់ សុ​វ៉េ​ត មុននឹង​ផ្តើម​កម្មវិធី​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៥​។ 
 
​លោក នី ចរិយា សកម្មជន​ការពារ​សិទ្ធិមនុស្ស​មួយរូប​នៅ​កម្ពុជា​ដែរនោះ បាន​ថ្លែងថា បើទោះបីជា​លោក ចាន់ សុ​វ៉េ​ត បាន​ស្លាប់ទៅ​អស់​រយៈពេល​១ ឆ្នាំ​ក៏ពិតមែន ​តែ​លោក​នៅតែ​នឹកឃើញ​ស្នាដៃ និង​ការលះបង់​របស់លោក ចាន់ សុ​វ៉េ​ត ក្នុង​បុព្វហេតុ​ការពារ​សិទ្ធិមនុស្ស​។ លោក បញ្ជាក់​យ៉ាងនេះ​ថា​៖«​យើង​នៅតែ​ចងចាំ​ជានិច្ច​នូវ​គុណសម្បត្តិ​របស់លោក​ចាន់ សុ​វ៉េ​ត​។ ខ្ញុំ​ចង់​ឲ្យ​អ្នកជំនាន់ក្រោយ​ខិតខំ​សាង​អំពើ​ល្អ ព្រោះ​ជីវិត​មនុស្ស​គ្មាន​នរណា​អមតៈ​នោះទេ តែ​មានតែ​កិត្តិយស​ទេ​នៅ​បានយូរ ដូចជា​លោក ចាន់ សុ​វ៉េ​ត ជាដើម​»​។​
 
​បើតាម​លោក នី ចរិយា ខួប ១ ឆ្នាំ នៃ​សព​លោក ចាន់ សុ​វ៉េ​ត ក្រុមគ្រួសារ​សព មិនបាន​រៀបចំ​ពិធី​ធំដុំ​នោះទេ ដោយ​គ្រាន់តែ​រូបលោក និង​គ្រួសារ​លោក ចាន់ សុ​វ៉េ​ត យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​ស​ង្ឈ​តែប៉ុណ្ណោះ​។​
 
​កន្ល​មក​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្លាប់បាន​ថ្លែង​ក្នុង​ពិធី​បុណ្យសព​លោក ចាន់ សុ​វ៉េ​ត កាលពី​ឆ្នាំមុន​ថា មរណភាព​របស់លោក ចាន់ សុ​វ៉េ​ត គឺជា​ការបាត់បង់​សកម្មជន​សិទ្ធិមនុស្ស​ដ៏​សំខាន់​របស់​កម្ពុជា​។ លោក​ថា លោក ចាន់ សុ​វ៉េ​ត បាន​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​មិនអាច​កាត់ថ្លៃ​បាន ក្នុង​បុព្វហេតុ​ការគោរព និង​ការការពារ​សិទ្ធ មនុស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អស់​រយៈពេល​ជិត ២០​ឆ្នាំ ក្នុង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ដែល​ទើបតែ​រួច​ផុតពី​ការឈឺចាប់ ទុក្ខវេទនា ដោយសារ​សង្គ្រាមផ្ទៃក្នុង និង​ការឈ្លានពាន​របស់​បរ​ទេស​។ លោក​សង្កត់ធ្ងន់​បែបនេះ​ថា​៖«​លោក ចាន់ សុ​វ៉េ​ត បាន​លះបង់​ពេលវេលា​ច្រើន​បំផុត​នៅ​ជាមួយ​ក្រុមគ្រួសារ ដោយបាន​យក​ពេលវេលា​នោះមក​បំរើ​ដល់​បុព្វហេតុ​ការពារ​សិទ្ធិមនុស្ស និង​ជួយ​ជន រងគ្រោះ​ដោយ​អំពើ​រំលោភ​សិទ្ធិមនុស្ស​ក្នុងការ​ស្វែងរក​យុត្តិធម៌​»​។​
 
​លោក ផៃ ស៊ី​ផាន មន្ត្រី​រដ្ឋាភិបាល ក៏​ធ្លាប់​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​លោក ចាន់ សុ​វ៉េ​ត ដែរ​។ លើសពីនេះ មន្ត្រី​រដ្ឋាភិបាល​រូបនេះ ថែមទាំង​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោក ចាន់ សុ​វ៉េ​ត ទៀតផង​។ 
 
​លោក ចាន់ សុ​វ៉េ​ត បាន​បម្រើ​ការងារ​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ជាមួយ​អង្គការ​អាដហុក ជិត  ២០ ឆ្នាំ ពោលគឺ​ចាប់តាំងពី​ឆ្នាំ ១៩៩៦ ដល់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៤ ។ លោក ទទួលមរណភាព​ក្នុង​អាយុ ៥១ ឆ្នាំ​។ សម្តី​លោក ចាន់ សុ​វ៉េ​ត កាល​នៅមាន​ជីវិត ដែល​គេ​ចងចាំ​ជាងគេ​នោះ គឺលោក​បាន​និយាយថា​ ​«​មាន​បាយ​អត់​សិទ្ធិ ថ្ងៃ​ណាមួយ​យើង​ហូបបាយ​នោះ​លែងកើត​ហើយ​»៕
 

Tag:
 ចាន់ សុ​វ៉េ​ត
© រក្សាសិទ្ធិដោយ thmeythmey.com