បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ហាង​បោក​អ៊ុត​ទំនើប​គ្រោង​ពង្រីក​សាខា​ទៅកាន់​ពិភពលោក​
10, Dec 2015 , 1:56 pm        
រូបភាព
លោក ហែម ហេម៉ា អ្នកបង្កើតហាងបោកអ៊ុតទំនើប​
លោក ហែម ហេម៉ា អ្នកបង្កើតហាងបោកអ៊ុតទំនើប​
ដោយ:
​ភ្នំពេញ​៖ ហាង​បោក​អ៊ុត​ទំនើប​ដែល​កំពុង​ពេញនិយម​នៅ​កម្ពុជា គ្រោង​បោះជំហាន​ទៅកាន់​ទីផ្សារ​ពិភពលោក​នាពេលខាងមុខ​នេះ​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ លោក ហែម ហេ​ម៉ា និយាយថា អ្នកណា​ក៏ត្រូវ​ការ​សេវាកម្ម​បោក​អ៊ុត​ដែរ​។ លោក​ចង់​នាំ​អាជីវកម្ម​ដែល​ល្អ​ជាងគេ និង​ជា​ស្នាដៃ​របស់​ខ្មែរ​ឲ្យ​អន្តរជាតិ​ស្គាល់​។



​ជា​បន្ត​ទៅនេះ សូម​អញ្ជើញ​អាន​បទសម្ភាសន៍​រវាង​លោក ញ៉ុ​ង ហេង អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​អេ​ឡិ​ច​ត្រូ​និ​ច​ថ្មីៗ ជា​មួ​យលោក ហែម ហេ​ម៉ា ម្ចាស់​ហាង​យីហោ​បោក​អ៊ុត​ទំនើប​ខាងក្រោម​នេះ​ដូចតទៅ​៖

​លោក ញ៉ុ​ង ហេង​៖ លោក ហែម ហេ​ម៉ា ជា​សំណួរ​ដំបូង​របស់ខ្ញុំ តើ​លោក​បើក​អាជីវកម្ម​បោក​អ៊ុត​ទំនើប​ចាប់ពី​ពេលណា​មក​? ហើយ​មកដល់ពេលនេះ បោក​អ៊ុត​ទំនើប​មាន​ប៉ុន្មាន​សាខា​ដែរ​?

​លោក ហែម ហេ​ម៉ា​៖ ខ្ញុំ​បើក​វា​តាំងពី​ឆ្នាំ​២០០៦ តែ​មិនដំណើរការ ហើយ​បើក​អាជីវកម្ម​ផ្សេងៗ តែ​ត្រូវ​ខាតបង់​អស់​។ ខ្ញុំ​ក៏​ងាក​មក​បើក​បោក​អ៊ុត​ទំនើប​ឡើងវិញ​នៅ​ឆ្នាំ​២០១០​។ នៅពេលដែល​ខ្ញុំ​ធ្វើ​ផ្ទាល់​ឃើញថា​អាជីវកម្ម​មួយ​នេះ​ល្អ​ដូច​ពេលដែល​ខ្ញុំ​គិត​ពីមុនមក​អ៊ីចឹង​។ នៅ​ឆ្នាំ​២០១២ ខ្ញុំ​ក៏​ចាប់ផ្តើម​ពង្រីក​សាខា​បោក​អ៊ុត​ទំនើប​ថែមទៀត ហើយ​ហ្វ្រេ​ន​ឆាយ  (Franchise) បោក​អ៊ុត​ទំនើប​ចាប់ដំណើរការ​ពី​ពេល​នោះមក​។​រហូតមកដល់​ថ្ងៃនេះ​បោក​អ៊ុត​ទំនើប​មាន​ប្រមាណ​១៨០​សាខា​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា និង នៅ​ប្រទេស​វៀតណាម​១​សាខា​ផងដែរ​។​គ្រាន់តែ​នៅ​ភ្នំពេញ​មាន​ជាង​១០០​សាខា​ហើយ​។​

​លោក ញ៉ុ​ង ហេង​៖ ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត​បើក​អាជីវកម្ម​មួយ​នេះ​? ហើយ​នៅពេល​បើក​វា​ឡើង តើ​មាន​ឧបសគ្គ​ដែរ​ឬទេ​?

​លោក ហែម ហេ​ម៉ា​៖ ខ្ញុំ​មើលឃើញថា មាន​ឱកាស​អាចធ្វើ​ទៅបាន ហើយ​អាជីវកម្ម​មួយ​នេះ​ល្អ​។ អ្នកណា​ក៏​គេ​ប្រើប្រាស់​សេវា​មួយ​នេះដែរ​។​រឿង​ឧបសគ្គ ពេល​បើក​លើកដំបូង​នៅ​ឆ្នាំ​២០០៦ ខ្ញុំ​យល់ឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​មើលងាយ​មុខរបរ​នេះ ខ្ញុំ​ក៏​បែរមក​បើក​អាជីវកម្ម​ផ្សេង​វិញ​។ លុះ​ឆ្នាំ​២០១០ ខ្ញុំ​បើក​វា​ម្តងទៀត ពេលនោះ​យើង​ថ្មី មិនទាន់​ចេះ​អ្វីក្រៅ​​ពី​បោក​អ៊ុត ចេះ​ពី​ការបង្ហាត់បង្ហាញ​របស់​ចាស់​បាន​ខ្លះៗ​។ យើង​មិនទាន់មាន​រូបមន្ត​ច្បាស់លាស់​។​យើង​ធ្វើ​ដោយ​កម្លាំង​ខ្លួនឯង​សុទ្ធសាធ​គឺ​ធ្វើ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ ហើយ​ណាមួយ​គេ​មក​ទា​លុយ​។ យើង​មិនទាន់មាន​អ្វី​ទាំងអស់ គឺ​មានតែ​ម៉ាស៊ីន​ជជុះ​មួយ​យកមក​កែរ​កុន​ប្រើ​ប៉ុណ្ណោះ​។​

​លោក ញ៉ុ​ង ហេង​៖ តើ​បោក​អ៊ុត​ទំនើប​មាន​លក្ខណៈពិសេស​ខុសពី​បោក​អ៊ុត​ផ្សេងទៀត​យ៉ាងដូចម្តេច​ដែរ ទើប​ធ្វើ​ឲ្យ​វា​ដំណើរការ​មកដល់ពេលនេះ​?

​លោក ហែម ហេ​ម៉ា​៖ គឺ​យើង​ធ្វើ​បច្ចុប្បន្នភាព​វារ​ហូត​។ យើង​មាន​រោងចក្រ​ផលិត​សាប៊ូ ដែលមាន​ឈ្មោះថា​សាប៊ូ​បោក​អ៊ុត​ទំនើប ផ្ទាល់ខ្លួន និង​ផលិតផល​សម្រាប់​ការបោក​អ៊ុត​ផ្សេងទៀត​ដែលជា​រូបមន្ត​សម្ងាត់​របស់​យើង​ដែល​អ្នក​ដ៏​ទៃ​អត់​មាន​។ សេវា​របស់​យើង​គឺ​លឿន តែ​៣០​នាទី​អាច​យក​ត្រឡប់​ទៅវិញ​បាន តែ​តម្លៃ​រាង​ថ្លៃ​ជាងគេ​បន្តិច​ព្រោះ​យើង​ប្រើ​ផលិតផល​ល្អៗ​ដែល​ធ្វើការ​ពិសោធន៍​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​។​
លោក ញ៉ុ​ង ហេង​៖ បើ​មាន​អ្នកណាម្នាក់​ចង់​ទិញ​សិទ្ធិ​បើក​អាជីវកម្ម​មួយ​ពី​លោក តើ​គេ​ត្រូវធ្វើ​អ្វីខ្លះ​? គេ​ត្រូវ​ចំនាយ​ប៉ុន្មាន​? ហើយ​អ្នកបើក​កន្លងមក​អាច​រកប្រាក់​ចំណេញ​បាន​ចំនួន​ប៉ុន្មាន​?

​លោក ហែម ហេ​ម៉ា​៖ បើ​ចង់​ទិញ​សិទ្ធិ​បើក​អាជីវកម្ម ត្រូវមាន​ដើមទុន​យ៉ាងហោចណាស់​ចំនួន​៥៣០០​ដុល្លារ មាន​ទីតាំង​ច្បាស់លាស់ និង​ត្រូវ​ទទួល​ការបណ្តុះបណ្តាល​បី​ថ្ងៃ​។ អ្នកទទួលបាន​សិទ្ធិ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់ប្រាក់​ចំនួន​១​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ហើយ​ចាប់ពី​ឆ្នាំ​២០១៦ ប្រាក់​៥០​ភាគរយ​នៃ​ប្រាក់​១​ពាន់​ដុល្លារ​នេះ ត្រូវ​បរិចាគ​ទៅ​មន្ទី​ពេទ្យ​គ​ន្ថ​បុប្ផា​។​ចំពោះ​ការបើក​ដំបូង ត្រូវការ​មនុស្ស​តែ​បីនាក់ តែ​ពេល​វា​កាន់តែ​រីក​ធំ​ចំនួន​នេះ​ត្រូវ​បន្ថែម កន្លែង​ខ្លះ​មាន​មនុស្ស​ដល់​១៥​នាក់​។ រឿង​ប្រាក់ចំណេញ​គឺ​វា​ទៅតាម​សាខា​នីមួយៗ ខ្លះ​ចំណេញ​ប្រាក់​បាន​ចំនួន​៥​ឫ​៦​ពាន់​ដុល្លារ​ក្នុង​មួយខែ សាខា​ខ្លះ​យ៉ាងហោច​ក៏បាន​១​ពាន់​ដុល្លា​ដែរ​។ ជារួម​សាខា​អាច​រកប្រាក់​ចំណេញ​ពី​១​ពាន់​ទៅ​១​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​។​
 លោក ញ៉ុ​ង ហេង​៖ នៅពេល​ខាងមុខ​លោក​នឹងធ្វើ​អ្វី​ទៀត​ជាមួយនឹង​អាជីវ​កម្មនេះ​?

​លោក ហែម ហេ​ម៉ា​៖ ខ្ញុំ​នឹង​ពង្រីក​បោក​អ៊ុត​ទំនើប​ទៅកាន់​ពិភពលោក​។ បន្ទាប់ពី​ប្រទេស​វៀតណាម ជំ​ហ៊ាន​ទី​២​យើង​នឹង​ពង្រីក​ទៅ​ប្រទេស​ថៃ​និង​សិង្ហ​បុរី​ជា​បន្តបន្ទាប់ ដែលជា​តំបន់​អាស៊ាន​ជាមុនសិន​។ យើង​ចង់​លក់​ហ្វ្រេ​ន​ឆាយ​(​សិទ្ធិ​លក់ដូរ​) ដែលមាន​ឈ្មោះ​បោក​អ៊ុត​ទំនើប​របស់​ខ្មែរ​ចេញទៅ​ក្រៅប្រទេស តាមរយៈ​ការផ្តល់​សិទ្ធិផ្តាច់មុខ​ដល់​ប្រទេស​នីមួយៗ​រៀងៗ​ខ្លួន​តែម្តង​។​

 លោក ញ៉ុ​ង ហេង​៖ តើ​លោក​មើលឃើញ​យ៉ាងដូចម្តេច​បានជា​ចង់​ពង្រីក​ទៅដល់​ទីផ្សារ​ពិភពលោក​?

​លោក ហែម ហេ​ម៉ា​៖ វិស័យ​បោក​អ៊ុត​មនុស្ស​ប្រើ​គ្រប់គ្នា​។ ហើយ​ខ្ញុំ​មើលឃើញថា​នៅ​លើ​ពិភពលោក អត់​ទាន់​មាន​កន្លែង​បោក​អ៊ុត​ណា​ដែល​ស្អាត​ដូច​បោក​អ៊ុត​ទំនើប​ដែល​ខ្មែរ​យើង​ជា​អ្នកបង្កើត​នៅឡើយ​។​ដូច្នេះ​យើង​នាំ​អ្វីដែល​យើង​អាច​ធ្វើបាន អ្វីដែល​ស្អាត​ជាងគេ ដើម្បី​បង្ហាញ​ទៅ​ពិភពលោក​ថា ខ្មែរ​យើង​អាចធ្វើ​បាន​។ ខ្ញុំ​ចង់​ឲ្យ​គេ​ស្គាល់​របស់​ខ្មែរ​។ ខ្មែរ​យើង​អាច​ធ្វើបាន​មិនចាំបាច់​ទិញ​Brand​ពី​គេ​មក​នោះទេ​៕





Tag:
 បោក​អ៊ុត​ទំនើប​
  ​ហែម ហេ​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com