ជាតិ
គ​.​ជ​.​ប រើស​អគ្គលេខាធិការ​ថ្មី ដែលមាន​សញ្ជាតិ​តែមួយ និង​មិន​ជាប់​សែ​មេដឹកនាំ​បក្ស​
16, Dec 2015 , 4:53 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅថ្ងៃនេះ បានចេញ​សេចក្តីជូនដំណឹង​ជ្រើសរើស​អគ្គលេខាធិការ ១ រូប និង​អគ្គលេខាធិការរង​ចំនួន ៤ រូប​។



​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចាប់ផ្តើម​ទទួល​ពាក្យ​បេក្ខជន​ចាប់ពី​ថ្ងៃទី ១៧ ខែធ្នូ​ដល់​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៥ ។ បើតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី ១៦ ធ្នូ​នេះ លក្ខខណ្ឌ​ដែល​បេក្ខជន​អាចដាក់​ពាក្យ​ក្នុង​តំណែង​ទាំងពីរ​នេះ​បាន ត្រូវមាន​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​តែមួយគត់ ក្នុង​រយៈពេល​បំពេញការងារ ។ បេក្ខជន​ត្រូវមាន​អាយុ​យ៉ាងតិច ៣០ ឆ្នាំ គិតដល់​ថ្ងៃ​តែងតាំង មាន​សិទ្ធិ​បោះឆ្នោត មាន​សញ្ញាបត្រ​ចាប់ពី​ឧ​ត្ត​ម​សិក្សា​ឡើងទៅ មានបទពិសោធន៍​ការងារ​យ៉ាងតិច ៥ ឆ្នាំ​។ ជាង​នេះ​បេក្ខជន មិន​ត្រូវជា​សហព័ទ្ធ ឬ​ញាតិ​លោហិត ឬ​ញាតិពន្ធ​រហូតដល់​ថ្នាក់​ទី ១ របស់​ប្រធាន អនុប្រធាន​គណបក្សនយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឡើយ​។​

​បច្ចុប្បន្ននេះ លោក ទេព នីថា នៅតែ​កាន់តំណែង​ជា​អគ្គលេខាធិការ​គ​.​ជ​.​ប ដដែល​។  ទាក់ទង​នឹង​លោក ទេព នីថា នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការជ្រើសរើស​អគ្គលេខា​ធិ​ការ និង​អគ្គលេខាធិការរង​ថ្មី​នេះ ក៏​នៅតែ​បើកផ្លូវ​ឲ្យ​លោក ទេព នីថា អគ្គលេខាធិការ​បច្ចុប្បន្ន ដាក់ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​ទទួល​តំណែង​នេះ​ដដែល​។ លោក ហង្ស ពុទ្ធា លើកឡើងថា ការជ្រើសរើស​តំណែង​ទាំងពីរ​នេះ តាមរយៈ​ការបោះឆ្នោត​សម្រេច​ពី​សមាជិក​គ​.​ជ​.​ប​ដោយ​សំឡេង ៥០ ភាគរយ​បូក ១ ។ « តំណែង​នេះ យើង​មិន​បិទ​សិទ្ធិ​ពលរដ្ឋ​ណាមួយ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ដាក់ពាក្យ​កាន់តំណែង​នេះ​ទេ​។ លោក ទេព នីថា បើ​គាត់​ដាក់ពាក្យ​ឈរ​ជា​បេក្ខជន​អគ្គលេខាធិការ​ទៀត គឺជា​សិទ្ធិ​របស់គាត់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា​៕


Tag:
 គ​.​ជ​.​ប​
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com