ជាតិ
មន្ត្រី​សង្គម​ស៊ីវិល​ល្បីៗ ចាប់អារម្មណ៍​តួនាទី​អគ្គលេខាធិការ គ​.​ជ​.​ប​
17, Dec 2015 , 8:59 pm        
រូបភាព
​មន្ត្រី​សង្គម​ស៊ីវិល បាន​សម្ដែង​ការចាប់អារម្មណ៍​លើ​តួនាទី​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ។ សង្គម​ស៊ីវិល​ទទួលស្គាល់ថា តួនាទី​អគ្គលេខាធិការ​នេះ គឺជា​តួនាទី​សំខាន់ ដែលជា​បំណងប្រាថ្នា​របស់​ពួកគេ ចង់​ចូលរួម​រៀបចំ​ស្ថាប័ន​ជាតិ​មួយ​នេះ​ឲ្យ​មាន​ភាព​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្តីជូនដំណឹង​ជ្រើសរើស​អគ្គលេខាធិការ ១ រូប និង​អគ្គលេខាធិការរង​ចំនួន ៤ រូប ដោយ​ចាប់​ទទួល​ពាក្យ​ពីថ្ងៃ​ទី ១៧ ខែធ្នូ តទៅ​។



​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​៖«​ខ្ញុំ​ស្រលាញ់​ការងារ​អគ្គលេខាធិការ គ​.​ជ​.​ប នេះ​ណាស់ ព្រោះ​ការងារ​នេះ​អាចជួយ​រៀបចំ​កិច្ចការ គ​.​ជ​.​ប ឲ្យ​មាន​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ​។ តែ​ខ្ញុំ​អត់​បានដាក់​ពាក្យ​ទៅ​ទេ ដោយសារតែ​ខ្ញុំ​នៅជាប់​កិច្ចសន្យា រៀបចំ​ផែនការ​ជាមួយ​ខុមហ្វ្រែល​រហូតដល់​ឆ្នាំ​២០១៦ ដូចនេះ​ខ្ញុំ​មិនអាច​ដាក់ពាក្យ​មុន​ចប់​កុងត្រា​ឡើយ​»​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​៖«​ខ្ញុំ​ស្វាគមន៍​ចំពោះ​ការប្រកាស​ជ្រើសរើស​អគ្គលេខាធិការ គ​.​ជ​.​ប ជា​សាធារណៈ នេះ​។​ខ្ញុំ​ទទួលបាន​ការលើក​ចិត្ត​ពី​ក្រុមការងារ ពី​មិត្តភក្ដិ​ឲ្យ​ខ្ញុំ​ពិចារណា​ដាក់ពាក្យ​ទៅ​តួនាទី អគ្គលេខាធិការ គ​.​ជ​.​ប នេះដែរ​។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏មាន​ចំណាប់អារម្មណ៍​លើ​តួនាទី​នេះដែរ តែដោយសារ​ខ្ញុំ​នៅមាន​កាតព្វកិច្ច​បំពេញ​តួនាទី​ប្រឆាំង​អំពើពុករលួយ​បន្ត​៤​ទៅមុខទៀត ដូចនេះ​ខ្ញុំ​មិនអាច​ដាក់ពាក្យ​ទៅ​តួនាទី​នេះ​ទេ ទុក​ឱកាស​ឲ្យ​ទៅ​អ្នកផ្សេង​វិញ​»​។​

​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក​៖«​ខ្ញុំ​មិនទាន់​អាច​បញ្ជាក់ថា នឹងដាក់​ពាក្យ​ទៅ​តួនាទី​អគ្គលេខាធិការ គ​.​ជ​.​ប នេះ ឬក៏​អត់​នោះទេ​។ ហើយ​ខ្ញុំ​ក៏​មិនទាន់​អាច​បញ្ជាក់​ពី​ការចាប់អារម្មណ៍​នៅឡើយ​ដែរ ព្រោះ​ខ្ញុំ​មិនទាន់​បានឃើញ​ពី​លក្ខខណ្ឌ​លម្អិត​នៃ​ការជ្រើសរើស​អ្នក​កាន់​តួនាទី​នេះ​»​។​

​ខុសពី​មន្ត្រី​សង្គម​ស៊ីវិល​ទាំង ៣ ខាងលើ លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​អង្គការ​លីកាដូ មិន​ចាប់អារម្មណ៍​នឹង​តំណែង​នេះឡើយ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖«​ខ្ញុំ​នៅតែ​មិន​ចាប់​អារ​ម្ម​ណ៏​លើ​តួនាទី​នេះ​ដដែល ព្រោះ​ដោយសារ​ខ្ញុំ​គិតថា គ​.​ជ​.​ប ថ្មី​នេះ ក៏​នៅតែ​មិនមាន​ឯករាជ្យ ដូច្នេះ​ខ្ញុំ​គិតថា តួនាទី​អគ្គលេខាធិការ គ​.​ជ​.​ប ថ្មី​នេះ​ក៏​ប្រហែលជា​មិន​ឯករាជ្យ​ដែរ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចាប់ផ្តើម​ទទួល​ពាក្យ​បេក្ខជន​ចាប់ពី​ថ្ងៃទី ១៧ ខែធ្នូ​ដល់​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៥ ។​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លក្ខខណ្ឌ​ដែល​បេក្ខជន​អាចដាក់​ពាក្យ​ក្នុង​តំណែង​ទាំងពីរ​នេះ​បាន ត្រូវមាន​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​តែមួយគត់ ក្នុង​រយៈពេល​បំពេញការងារ ។ បេក្ខជន​ត្រូវមាន​អាយុ​យ៉ាងតិច ៣០ ឆ្នាំ គិតដល់​ថ្ងៃ​តែងតាំង មាន​សិទ្ធិ​បោះឆ្នោត មាន​សញ្ញាបត្រ​ចាប់ពី​ឧ​ត្ត​ម​សិក្សា​ឡើងទៅ មានបទពិសោធន៍​ការងារ​យ៉ាងតិច ៥ ឆ្នាំ​។ ជាង​នេះ​បេក្ខជន មិន​ត្រូវជា​សហព័ទ្ធ ឬ​ញាតិ​លោហិត ឬ​ញាតិពន្ធ​រហូតដល់​ថ្នាក់​ទី ១ របស់​ប្រធាន អនុប្រធាន​គណបក្សនយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឡើយ​៕
 


Tag:
 ​មន្ត្រី​សង្គម​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com