ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី និង​ពាណិជ្ជករ​មាន​កង្វល់​អំពី​របាំង​មិនមែន​ពន្ធគយ​ក្នុង​សហគមន៍​អាស៊ាន​
19, Dec 2015 , 2:31 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាំង​មិនមែន​ពន្ធគយ​នៅតែ​ជា​ឧបសគ្គ​សម្រាប់​សហគ្រិន​កម្ពុជា ពេល​នាំ​ផលិតផល​ទៅ​លក់​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន បើទោះជា​ពន្ធគយ​ត្រូវ​លុបចោល​ក៏ដោយ​។​នេះ​បើតាម​ការធ្វើ​បទ​បង្ហាញ​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ក្នុង​សិក្ខាសាលា​ស្តីពី ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា និង​ទីផ្សារ​អាស៊ាន នៅ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៥ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC)​។


​លោក ស៊ុន ចាន់ថុល បង្ហាញ​ការ​ព្រួយ​បារ​ម្មណ៍ ខណៈពេល​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​នៅតែ​ប្រើប្រាស់​របាំង​មិនមែន​ពន្ធគយ ដើម្បី​រក​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជំនួស​ឲ្យ​ប្រាក់ចំណូល​ពន្ធគយ​។ លោក​លើកឡើង​យ៉ាងនេះ​ថា​៖« អត្រាពន្ធគយ​សូន្យ​មែន តែ​របាំង​មិនមែន​ពន្ធគយ​ទើប​ជា​បញ្ហា​។ ដូច្នេះ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​កំពុង​ពិភាក្សាគ្នា​រក​នីតិវិធី​បំបាត់​របាំង​មិនមែន​ពន្ធគយ​ឲ្យ​បាន​ច្រើន​បំផុត​»​។ លោក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​ថា អាស៊ាន​ទទួលបាន​ជោគជ័យ​លុះត្រា​ប្រទេស​ទាំងអស់​ដក​របាំង​មិនមែន​ពន្ធគយ​ចេញ​ឲ្យ​បាន​ច្រើន​។ 
 
​នៅក្នុង​ឱកាស​ចូលរួម​ក្នុង​សិក្ខាសាលា​នេះដែរ អ្នកស្រី កែវ មុំ ម្ចាស់​ក្រុមហ៊ុន​នំ​ស្រួយ​លី​លី ក៏មាន​កង្វល់​អំពី​របាំង​មិនមែន​ពន្ធគយ ដែល​សហគ្រាស​របស់​អ្នកស្រី​ផ្ទាល់​បាន​ជួបប្រទះ ពេល​នាំ​ផលិតផល​ចេញទៅ​ទីផ្សារ​ប្រទេសជិតខាង មានដូចជា​ប្រទេស​វៀតណាម ថៃ ជាដើម​។ អ្នកស្រី​និយាយ​បែបនេះ​ថា​៖« សមា​ហ​រ័​ណ​កម្ម​អាស៊ាន​បើកចំហរ​មែន​តែ​ទៅលើ​អត្រាពន្ធគយ​តែប៉ុណ្ណោះ តែ​ចំពោះ​របាំង​ផ្សេងៗ ដូចជា​របាំង​គុណភាព​គឺជា​របាំង​ដែល​ពិបាក​ឆ្លងកាត់​មែនទែន​។ បើទោះបីជា​ផលិតផល​ក្រុមហ៊ុន​លី​លី​មាន​គុណភាព​ស្តង់ដារ ISO និង​ស្តង់ដារ​ជាច្រើន​ផ្សេងទៀត​ក៏ដោយ ប៉ុន្តែ​ប្រទេស​គេ​នៅតែ​ទាមទារ​ត្រួតពិនិត្យ​បែបបទ​ជាច្រើន​ទៀត​»​។ 
 
​សូមបញ្ជាក់ថា របាំង​មិនមែន​ពន្ធគយ គឺជា​ការ​រឹតត្បិត​ការនាំ​ទំនិញ​ចូល​ក្រោមរូបភាព​ផ្សេង​ដូចជា ការ​រឹតត្បិត​លើ​គុណភាព បរិមាណ ពេលវេលា​នាំ​ផលិតផល​ចូល និង ការត្រួតពិនិត្យ​បែបបទ​ផ្សេងៗ​ទៀត​។ វិធានការ​រឹតបន្តឹង​បែបនេះ បង្ករ​ជា​ឧបសគ្គ​ដល់​ពាណិជ្ជករ​ដែលមាន​បំណង​ពង្រីក​ទីផ្សារ​ទៅ​ក្រៅប្រទេស​។​
 
 
 
 
 

Tag:
 អាស៊ាន​
 ​សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com