ជាតិ
បទវិភាគ
ដោះស្រាយ​វិបត្តិ​សង្គម ប្រសើ​ជាង​ឈ្លោះ​គ្នា​ដណ្ដើម​អំណាច​!
03, Jan 2016 , 1:51 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បញ្ហា​អំណាច បញ្ហានយោបាយ បញ្ហា​ពូជសាសន៍ បញ្ហា​ទឹកដី បញ្ហា​ជំនឿ​សាសនា បញ្ហា​មនោគមវិជ្ជា​នយោបាយ អំពើពុករលួយ ហើយ​ធំជាងគេ​បំផុត​នោះ​គឺ​ជម្លោះ​បណ្ដាល់មកពី​ភាពអវិជ្ជា​របស់​ប្រជាពលរដ្ឋ សុទ្ធតែជា​មូលហេតុ​សំខាន់ៗ​ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ជាតិ​។ សេដ្ឋកិច្ចជាតិ​ដើរទៅ​មុខ​មិនបាន​លឿន ក៏​ព្រោះតែ​ការរៀបចំ​សង្គម នៅមាន​ភាពខ្វះ​ចន្លោះ​ច្រើន ដែល​មិនទាន់បាន​កែប្រែ និង​ការជាប់​នូវ​កំអែល​ជ្រុលនិយម​មួយចំនួន​។



​រឿងរ៉ាវ​នានា​នៅក្នុង​សង្គម​ជាច្រើន​ដែល​កន្លងទៅ កម្ពុជា​មិនទាន់បាន​ដោះស្រាយ​ឲ្យ​បាន​មុន​សមាហរណកម្ម​សេដ្ឋកិច្ច​សេដ្ឋកិច្ច​អាស៊ាន​។ បញ្ហា​មួយចំនួន​ត្រូវបាន​ដោះស្រាយ ប៉ុន្តែ​បញ្ហា​មួយចំនួនធំ​បាន​កំពុងតែ​រីក​រាលដាល់ ដែល​ត្រូវ​ដោះស្រាយ​ជា​ចាំបាច់​។

​បញ្ហា​ឧត្ដមគតិ​នយោបាយ បាន​បន្ថែម​ទៅលើ​ប្រភព​ទំនាស់​ដែល​កំពុង​កើតមាន​។ ចំណែក​ការទាមទារ​ឲ្យ​មានការ​ឲ្យ​តម្លៃ​បុគ្គល កម្រិត​ជីវិត​រស់នៅ​សមរម្យ សន្តិសុខ សីលធម៌​សង្គម ដែល​គេ​មើលឃើញ សុទ្ធតែជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​។ ចំណែក​ការអប់រំ​សីលធម៌​ក្នុង​ស្ថាប័ន​អប់រំ​មិនសូវ​យកចិត្តទុកដាក់ ស្ថាប័ន​សង្ឃ​ត្រូវបាន​ជាន់ឈ្លី​ដោយ​បុគ្គល​អាក្រក់ ធ្វើ​ឲ្យ​តម្លៃ​សាសនា​ធ្លាក់ចុះ ដែល​នាំ​ឲ្យ​មនុស្ស​រស់នៅ​មិន​ស្គា​ល់ពី​តម្លៃ​មនុស្ស នោះ​ក៏​ជា​បញ្ហា​ដ៏​ធំ​សម្រាប់​ជាតិ​។​

​ទាក់ទង​ភាពមិន​ស៊ីសង្វាក់​គ្នា​រវាង​អ្នកដឹកនាំ និង​អ្នកទទួល​ដឹកនាំ អ្នកកាន់ការ​ងារ​គ្រប់​ជាន់ថ្នាក់​នៅក្នុង​រដ្ឋ​ដែល​បាន​ផលប្រយោជន៍​ខុសៗ​គ្នា តែង​តស៊ូ​ដណ្ដើម​កាន់កាប់​ផ្នែក​ណាមួយ​នៃ​ស្ថាប័នរដ្ឋ ថវិការ​របស់​រដ្ឋ ព្រោះ​ម្នាក់ៗ​ចង់​មានបាន​តាមរយៈ​មុខដំណែង​តួនាទី​ខ្លួន​។ នោះ​គឺ​មិនមែនជា​ទង្វើរ​របស់​ម​ន្ត្រី​រាជកា​ល្អ​។​

​នៅក្នុង​នយោបាយ អ្នកធ្វើនយោបាយ​ប្រឹង​ធ្វើ ប្រឹង​បង្កើត​ព្រឹត្តិការណ៍​គ្រប់បែបយ៉ាង ដើម្បី​ទៅយក​អំណាច​ទាំង​មិន​ខ្វល់​ថា រាល់​ព្រឹត្តិការណ៍ រាល់​សកម្មភាព រាល់​សារ​នយោបាយ​របស់ខ្លួន​បាន​កំពុង​ជះឥទ្ធិពល​ដល់​ស្មារតី​ប្រជាពលរដ្ឋ និង​អនាគតជាតិ​កម្រិតណា​? សំខាន់​គឺ​ដើម្បី​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន និង​អំណាច​របស់ខ្លួន ទៅលើ​ភាគី​ប្រកួត​របស់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​តែ​អាចធ្វើ​ឲ្យ​ខ្លួន​ឈ្នះ បង្ករ​ជា​ទំនាស់​នយោបាយ​។ ប្រភព​ទំនាស់​នយោបាយ​នេះ​គឺ បណ្ដាលមកពី ឧត្ដមគតិ​នយោបាយ និន្នាការ​នយោបាយ​ជ្រុលនិយម មិន​គិត​ជាតិ​ឲ្យ​ពិតប្រាកដ​។ ដែល​ទាំងនេះ​មិនមែនជា​របៀប​នៃ​ការធ្វើ​នយោបាយ​បែប​សុចរិត​នោះទេ​។​

​តាម​ធម្មតា​លក្ខណៈ​ធម្មជាតិ​របស់​ម​នុស្ស មាន​ជម្លោះ​នឹង​គ្នា​គឺ​បណ្ដាលមកពី​ការប្រកួតប្រជែង​គ្នា ចង់​ចំណេញ​តែម្នាក់ឯង​។ ការមិនទុកចិត្ត​គ្នា ការ​មាន​មហិច្ឆតា​ចង់​សុខ​សប្បាយ​តែម្នាក់ឯង ឬ​ចង់​ខ្ពស់​តែម្នាក់ឯង​វា​ពិតជា​មិន​ចម្លែក​នោះទេ​នៅក្នុង​សារជាតិ​មនុស្ស​។

​រឿងរ៉ាវ បញ្ហា​នានា​នៅ​ចំពោះមុខ ទោះ​មិន​និយាយ​ក៏​ដឹងថា​បច្ចុប្បន្នភាព​សង្គម​កំពុងមាន​បញ្ហា​អ្វី ត្រូវ​ដោះស្រាយ​អ្វី​ដែរ​។ ដំណោះស្រាយ​ជា​ចាំបាច់​ត្រូវ​បែងចែក​ឲ្យ​ច្បាស់លាស់​រវាង​ឥរិយាបថ ឬ​តម្រូវការ​របស់​ម​នុស្ស ទាក់ទង​បញ្ហា​សេដ្ឋកិច្ច បញ្ហានយោបាយ បញ្ហា​សង្គម ត្រូវធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង អ្នកកាន់អំណាច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ឈានទៅ​សម្របសម្រួល​ជម្លោះ ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ចំណែក​ការវិភាគ​ឲ្យ​បាន​ស៊ីជម្រៅ រក​ឲ្យ​ឃើញ​ពី​ប្រភព​បញ្ហា​នៅក្នុង​សង្គម តម្រូវការ​របស់​ប្រជារាស្ត្រ តម្រូវការ​របស់​រដ្ឋ តួនាទី​របស់​ប្រជារាស្ត្រ តួនាទី​របស់​រដ្ឋ និង​ដំណោះស្រាយ​គឺ​តួនាទី​ដ៏​សំខាន់​របស់​មន្ត្រី​គ្រប់ៗ​រូប​។​

​មិនតែប៉ុណ្ណោះ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​សង្គម​ត្រូវ​ចេះ​លើកយក​គំនិត ទស្សនៈ វិធីសាស្ត្រ មធ្យោបាយ កង្វល់ សេចក្ដីត្រូវការ របស់​ប្រជារាស្ត្រ ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល មក​ពិចារណា ដើម្បី​រក​ដំណោះស្រាយ និង​គ្រប់គ្រង​ទៅ​អ្នក​ទាំងនោះ​វិញ​ប្រកបដោយ​ទង្វើ​ភក្ដីភាព​ក្នុងនាម​ជា​អ្នក​កាន់ចង្កូត​សង្គម​។ ជាជាង​ឆ្លើយតប​ទៅ​ប្រជារាស្ត្រ​ខ្លួនឯង អ្នកប្រឆាំង សង្គម​ស៊ីវិល តាមរយៈ​ប្រតិកម្ម​បែប​អវិជ្ជមាន​នានា និង​ខ្វះ​ការពិចារណា​ក្រោម​ឥទ្ធិពល​ប្រយោជន៍​បុគ្គល​ណាមួយ​។​

​ចំពោះ​ការធ្វើសកម្មភាព តវា​របស់​រាស្ត្រ គឺ​ដើម្បី​តែ​ម្យ៉ាង​គត់ នោះ​គឺ​ចង់បាន​ជីវិត​មួយ​ដែល​រស់នៅ​មានតម្លៃ​ក្នុងនាម​ជាម​នុស្ស​។ តម្លៃ​ដែល​កំណត់ថា​ជា​តម្លៃ​មនុស្ស​បាន លុះត្រា​មានការ​ហូបចុក​បាន​គ្រប់គ្រាន់ ទីកន្លែង​ស្នាក់នៅ​ច្បាស់លាស់ មានការ​ងារ​ធ្វើ មាន​សំលៀកបំពាក់​សមរម្យ ទទួលបាន​ការអប់រំ ទទួលបាន​សេវា​សុខភាព មាន​សិទ្ធិ មាន​សេរីភាព ក្នុងការ​ដឹកនាំ​ជីវិត​ប្រចាំថ្ងៃ ដែល​មិនមាន​ការគាប់សង្កត់​ណាមួយ ប៉ុន្តែ​ស្ថិតនៅក្រោម​សំណាញ់​ច្បាប់​ដ៏​ត្រឹមត្រូវ​។

​រីឯ​ចលនា អ្នកប្រឆាំង​ធ្វើការ​ទាមទារ​កែប្រែ ផ្លាស់ប្ដូរ​សង្គម ក៏​ជា​ចេតនា​ចង់ឃើញ​សង្គម​មានការ​រីកចម្រើន​លូតលាស់ ដើម្បី​មានមុខ​មាន​មាត់​កាន់តែ​ល្អ មាន​ឥទ្ធិពល​លើ​ប្រទេស​ក្នុង​តំបន់ ក្នុង​ចេតនា​បង្ហាញ​ពិភពលោក​ពី​តម្លៃ​របស់​ជាតិ ឲ្យ​សម​ទៅ​និង​ក​រ្តិ៍​ឈ្មោះ​របស់​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​។ ចំណែក​រដ្ឋ​ព្យាយាម​ការពារ​ប្រទេស​គ្រប់បែបយ៉ាង ក៏​ព្រោះតែ​ចង់​ឲ្យ​ជាតិ​មាន​ស្ថេរភាព មាន​សន្ដិសុខ ប្រជាជន​រស់នៅ​សុខសាន្ត មានការ​អភិវឌ្ឍ​។ រដ្ឋ បានធ្វើ​កិច្ចការ​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ជាតិ​មានការ​រីកចម្រើន នោះ​គឺជា​កិច្ចការ​ដ៏​ល្អ​បំផុត​ក្នុងនាម​ជា​អ្នកមើលការខុសត្រូវ​ជា​តិ​។ ក៏ប៉ុន្តែ​នៅពេល​ប្រតិបត្តិ​កិច្ចការ មានការ​ប៉ះពាល់​ដល់​ប្រជារាស្ត្រ ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ប៉ះពាល់​ដល់​ក្រុម​មតិ​ភាគតិច នោះ​ក៏​ជា​រឿង​ពិត​ដែល​កើត​កើតមាន​នៅក្នុង​សង្គម​មែ​ន​។ ហេតុនេះ​រដ្ឋ​ក៏​ត្រូវតែ​ថ្លឹងថ្លែង​ឲ្យ​បាន​ហ្មត់ចត់​ក្នុងការ​អនុវត្ត​កិច្ចការ​អភិវឌ្ឍ​ជាតិ​របស់ខ្លួន​ដែរ​។​

​ប្រជាជន​ក្រីក្រ​ក៏​ព្រោះតែ​ប្រជាជន​នៅមាន​ការយល់ដឹង​ទាប មិនបាន​រៀនសូត្រ​ឲ្យ​បាន​ជ្រៅជ្រះ មិនបាន​ទទួលបាន​សេវា​ព័ត៌មាន​ពិត​ឲ្យ​បាន​គ្រប់គ្រាន់ ចំណែក​សេវា​បណ្ដុះបណ្ដាល​ប្រជាជន​ក្រីក្រ ឲ្យ​ចេះ​រកស៊ី​ចិញ្ចឹមជីវិត​ទៅតាម​ជំនាញ​បច្ចេកទេស ក៏​រដ្ឋ​នៅ​មិនទាន់បាន​បំពេញ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​នៅតាម​ស្រុកស្រែ​ចំការ​។

​ហេតុនេះ​ក្នុងនាម​ជា​មន្ត្រីរាជការ ធ្វើ​ការងារ​ត្រូវតែ​បម្រើ​ទាំង​រាជការ បម្រើ​ទាំង​ប្រជារាស្ត្រ​។ ជា​មន្ត្រីរាជការ​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​រាជកា​ដើរ មាន​ស្ថេរភាព មានការ​អភិវឌ្ឍ និង​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ជូន​ប្រជារាស្ត្រ ដើម្បី​ឲ្យ​ប្រជាជន​រស់នៅ​មាន​ការហូ​ប​ចុក​បាន​គ្រប់គ្រាន រស់នៅ​សមរម្យ ទទួលបាន​ការសិក្សា​រៀនសូត្រ សេវា​សុខភាព​ជាដើម​។ ចំណែក​អ្នកប្រឆាំង សកម្មជន ប្រជាជន​ទូទៅ ត្រូវ​ចូលរួម​ដោយ​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ជាតិ មិនមែនជា​សកម្មភាព​រិៈ​គន់​គ្មាន​ព្រំដែន​។​

​ជារួម​ចង់បាន​ជាតិ​ខ្លាំង ត្រូវការ​មេដឹកនាំ​ល្អ មន្ត្រី​មាន​សមត្ថភាព រាស្ត្រ​មានការ​យល់ដឹង ធ្វើការ​សហការគ្នា​ក្នុងទិសដៅ​កសាង​ជាតិ ដោះស្រាយ​បញ្ហា​ជាតិ កសាង​ប្រវត្តិសាស្ត្រ ធ្វើយ៉ាងណា​ឲ្យ​ជាតិ​រឹងមាំ ដែល​ពិភពលោក​ទទួលស្គាល់​៕


Tag:
 ​ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com